ចម្រៀងសរសើរព្រះ ១៣៥:១-២១

  • ចូរ​សរសើរ​យ៉ា​ចំពោះ​ភាព​ឧត្តុង្គ​ឧត្ដម​របស់​លោក

    • ធ្វើ​ការ​អស្ចារ្យ​និង​អព្ភូតហេតុ​ផ្សេង​ៗ​នៅ​អេហ្ស៊ីប (​៨, ៩)

    • «​នាម​របស់​លោក​នៅ​ជាប់​ជា​រៀង​រហូត​»​ (​១៣)

    • រូប​ព្រះ​សុទ្ធ​តែ​ឥត​ជីវិត (​១៥​-​១៨)

១៣៥  ចូរ​សរសើរ​យ៉ា!* ចូរ​សរសើរ​ដល់​នាម​ព្រះ​យេហូវ៉ាឱ​អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អើយ ចូរ​សរសើរ​តម្កើង​លោក+  ២  អស់​អ្នក​ដែល​បម្រើ​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ាគឺ​នៅ​ក្នុង​ទី​ធ្លា​វិហារ​នៃ​ព្រះ​របស់​យើង+  ៣  ចូរ​សរសើរ​យ៉ា ដោយ​សារ​យេហូវ៉ា​ជា​ព្រះ​ដ៏​ល្អ។*+ ចូរ​ច្រៀង*សរសើរ​តម្កើង​នាម​របស់​លោក ព្រោះ​នោះ​នាំ​ឲ្យ​រីករាយ​ត្រេក​អរ។  ៤  ព្រោះ​យ៉ា​បាន​ជ្រើស​រើស​យ៉ាកុប​ទុក​សម្រាប់​លោកគឺ​បាន​យក​អ៊ីស្រាអែល​ទុក​ជា​ទ្រព្យ​វិសេស​របស់​លោក។+  ៥  ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​អស្ចារ្យ​ខ្លាំង​ណាស់ម្ចាស់​របស់​យើង​អស្ចារ្យ​លើស​អស់​ទាំង​ព្រះ​ឯ​ទៀត។+  ៦  ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​តាម​ដែល​លោក​ពេញ​ចិត្ត+ទាំង​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ក្នុង​សមុទ្រ និង​ក្នុង​ទី​ជ្រៅ​ទាំង​អស់។  ៧  លោក​បណ្ដាល​ឲ្យ​ពពក*ឡើង​ពី​ចុង​ផែនដីលោក​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ​ជា​មួយ​នឹង*ភ្លៀងលោក​នាំ​ខ្យល់​ចេញ​ពី​ឃ្លាំង​របស់​លោក។+  ៨  លោក​សម្លាប់​កូន​ច្បង​របស់​អេហ្ស៊ីបគឺ​សម្លាប់​កូន​ច្បង​របស់​មនុស្ស​និង​របស់​សត្វ។+  ៩  លោក​ធ្វើ​ការ​អស្ចារ្យ​និង​អព្ភូតហេតុ​ផ្សេង​ៗ​នៅ​អេហ្ស៊ីប+នៅ​ចំពោះ​មុខ​ផារ៉ូ​និង​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់។+ ១០  លោក​ប្រល័យ​ជីវិត​ប្រជា​ជាតិ​ជា​ច្រើន+ហើយ​សម្លាប់​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា+ ១១  គឺ​ស៊ីហុន​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី+អុក​ជា​ស្ដេច​របស់​តំបន់​បាសាន+និង​បំផ្លាញ​រាជាណាចក្រ​ទាំង​ប៉ុន្មាន​របស់​ស្រុក​កាណាន​ចោល​គ្មាន​សល់។ ១២  លោក​ប្រគល់​ទឹក​ដី​របស់​ជន​ជាតិ​ទាំង​នោះឲ្យ​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ទុក​ជា​មត៌ក។+ ១៣  ឱ​ព្រះ​យេហូវ៉ា នាម​របស់​លោក​នៅ​ជាប់​ជា​រៀង​រហូត។ ឱ​ព្រះ​យេហូវ៉ា​អើយ កិត្តិនាម​របស់​លោក*នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​ទៅ។+ ១៤  ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ*រាស្ត្រ​របស់​លោក+ហើយ​លោក​នឹង​អាណិត​អាសូរ*ដល់​អ្នក​បម្រើ​របស់​លោក។+ ១៥  រូប​ព្រះ​របស់​ប្រជា​ជាតិ​នា​នា​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​និង​មាសដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។+ ១៦  រូប​ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​អាច​និយាយ+មាន​ភ្នែក តែ​មើល​មិន​ឃើញ។ ១៧  មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮមាន​ច្រមុះ តែ​គ្មាន​ដង្ហើម។+ ១៨  មនុស្ស​ដែល​ធ្វើ​រូប​ព្រះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ទុក​ចិត្ត​រូប​ទាំង​នោះនឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។+ ១៩  ឱ​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​សរសើរ​ព្រះ​យេហូវ៉ាឱ​កូន​ចៅ​អេរ៉ុន​អើយ ចូរ​សរសើរ​ព្រះ​យេហូវ៉ា។ ២០  ឱ​កូន​ចៅ​លេវី​អើយ ចូរ​សរសើរ​ព្រះ​យេហូវ៉ា+អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​អើយ ចូរ​សរសើរ​ព្រះ​យេហូវ៉ា។ ២១  សូម​ឲ្យ​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​សរសើរ​ពី​ស៊ីយ៉ូន+លោក​ជា​ព្រះ​ដែល​នៅ​ក្នុង​យេរូសាឡិម+សូម​សរសើរ​តម្កើង​យ៉ា!+

កំណត់សម្គាល់

ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​«​ព្រះ​ដែល​មាន​គុណធម៌​»​
ឬ​«​លេង​ភ្លេង​»​
ឬ​«​ចំហាយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​មាន​ទ្វារ​ទឹក​សម្រាប់​»​
ឬ​«​នាម​របស់​លោក​»។ ន័យ​ត្រង់​«​សេចក្ដី​នឹក​ចាំ​អំពី​លោក​»​
ឬ​«​មាន​អារម្មណ៍​សោក​ស្ដាយ​»​
ឬ​«​ត​ស៊ូ​ការ​ពារ​ក្ដី​ឲ្យ​»​