ចម្រៀងសរសើរព្រះ ២៧:១-១៤

  • ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ

    • មាន​ចិត្ត​ដឹង​គុណ​ចំពោះ​វិហារ​របស់​ព្រះ (​)

    • ទោះ​ជា​ឪពុក​ម្ដាយ​បោះ​បង់​ចោល​ក្ដី ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា (​១០)

    • «​ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​»​ (​១៤)

ទំនុក​របស់​ដាវីឌ។ ២៧  ព្រះ​យេហូវ៉ា​ជា​ពន្លឺ+និង​ជា​អ្នក​សង្គ្រោះ​ខ្ញុំតើ​ខ្ញុំ​គួរ​ខ្លាច​អ្នក​ណា?+ ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ+តើ​ខ្ញុំ​គួរ​ញញើត​អ្នក​ណា?  ២  ពេល​មនុស្ស​អាក្រក់​ដែល​ជា​សត្រូវ​មក​វាយ​ប្រហារ​ខ្ញុំហាក់​ដូច​ជា​ចង់​លេប​ត្របាក់​ខ្ញុំ+ ពួក​គេ​បែរ​ជា​ជំពប់​ដួល​វិញ។  ៣  ទោះ​ជា​មាន​ទាហាន​មក​បោះ​ទ័ព​ឡោម​ព័ទ្ធ​ខ្ញុំ​ក៏​ដោយខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ។+ ទោះ​ជា​មាន​ពល​ទ័ព​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ​ក្ដីខ្ញុំ​នឹង​បន្ត​ទុក​ចិត្ត​លោក។  ៤  ខ្ញុំ​មាន​បំណង​ប្រាថ្នា​មួយ​ប៉ុណ្ណោះដែល​ចង់​សុំ​ពី​ព្រះ​យេហូវ៉ាគឺ​សូម​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត+ដើម្បី​ខ្ញុំ​អាច​ឃើញ​លម្អ​របស់​ព្រះ​យេហូវ៉ានិង​អាច​រំពៃ​មើល​វិហារ​របស់​លោក​ដោយ​ចិត្ត​ដឹង​គុណ។*+  ៥  ព្រោះ​នៅ​ថ្ងៃ​អន្តរាយ លោក​នឹង​បំពួន​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ជម្រក​របស់​លោក+លោក​នឹង​លាក់​ខ្ញុំ​នៅ​ទី​កំបាំង​នៃ​ត្រសាល​របស់​លោក+លោក​នឹង​ដាក់​ខ្ញុំ​នៅ​លើ​ថ្ម​ខ្ពស់។+  ៦  ឥឡូវ ខ្ញុំ​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង​លើ​ពួក​សត្រូវ​ដែល​នៅ​ជុំវិញ​ខ្ញុំខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​នៅ​ត្រសាល​របស់​លោក​ទាំង​ស្រែក​អរ​សប្បាយខ្ញុំ​នឹង​ច្រៀង​សរសើរ*ព្រះ​យេហូវ៉ា។  ៧  ឱ​ព្រះ​យេហូវ៉ា​អើយ ពេល​ខ្ញុំ​ស្រែក​រក​លោក សូម​លោក​ស្ដាប់​ខ្ញុំ+សូម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ខ្ញុំ ហើយ​តប​ឆ្លើយ​មក​ខ្ញុំ​ផង។+  ៨  ចិត្ត​របស់​ខ្ញុំ​រំលឹក​ខ្ញុំ​អំពី​បង្គាប់​របស់​លោក​ថា​៖ «​ចូរ​ស្វែង​រក​ខ្ញុំ​»។ ឱ​ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​នឹង​ស្វែង​រក​លោក។+  ៩  សូម​លោក​កុំ​បែរ​មុខ​ចេញ​ពី​ខ្ញុំ+សូម​កុំ​ដេញ​ខ្ញុំ​ពេល​លោក​ខឹងលោក​ជា​ជំនួយ​របស់​ខ្ញុំ+ឱ​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​ខ្ញុំ សូម​កុំ​បោះ​បង់​ឬ​ចាក​ចោល​ខ្ញុំ​ឡើយ។ ១០  ទោះ​ជា​ឪពុក​ម្ដាយ​បោះ​បង់​ចោល​ខ្ញុំ​ក្ដី+ព្រះ​យេហូវ៉ា​នឹង​ទទួល​យក​ខ្ញុំ។+ ១១  ឱ​ព្រះ​យេហូវ៉ា សូម​បង្រៀន​ខ្ញុំ​អំពី​ផ្លូវ​របស់​លោក+សូម​នាំ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ ព្រោះ​ខ្ញុំ​មាន​សត្រូវ​ជា​ច្រើន។ ១២  សូម​កុំ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​ឡើយ+ព្រោះ​មាន​សាក្សី​ក្លែង​ក្លាយ​ចោទ​ប្រកាន់​ខ្ញុំ+ហើយ​ពួក​គេ​គំរាម​កំហែង​ធ្វើ​បាប​ខ្ញុំ។* ១៣  តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណាបើ​ខ្ញុំ​មិន​ជឿ​ជាក់​ថា​ខ្ញុំ​នឹង​ឃើញ​គុណធម៌​របស់​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​មនុស្ស​រស់?*+ ១៤  ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា+ចូរ​ក្លាហាន​ហើយ​រឹង​មាំ​ឡើង+ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ចុះ។

កំណត់សម្គាល់

ឬ​«​ដោយ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​»​
ឬ​«​លេង​ភ្លេង​»​
ឬ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្ញុំ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​មាន​ជំនឿ​ថា​ខ្ញុំ​ប្រាកដ​ជា​នឹង​បាន​ឃើញ​គុណធម៌​របស់​ព្រះ​យេហូវ៉ា​ក្នុង​ចំណោម​មនុស្ស​រស់​»​