បណ្ដាស្ដេចទី១ ២:១-៤៦
២ កាលដែលដាវីឌជិតស្លាប់ គាត់បានផ្ដាំផ្ញើសាឡូម៉ូនជាកូនថា៖
២ «ពុករៀបនឹងស្លាប់ហើយ។ ដូច្នេះ ចូរកូនរឹងមាំ+និងមានចិត្តក្លាហានឡើង។+
៣ កូនត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះរបស់កូន ដោយដើរតាមគ្រប់ទាំងផ្លូវរបស់លោក ហើយកាន់តាមច្បាប់និងបញ្ញត្តិរបស់លោក ថែមទាំងគោរពតាមការវិនិច្ឆ័យ និងធ្វើតាមការរំលឹករបស់លោក ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេ+ យ៉ាងនោះកូននឹងទទួលជោគជ័យក្នុងគ្រប់ការទាំងអស់ដែលកូនធ្វើ ព្រមទាំងគ្រប់កន្លែងដែលកូនទៅ។
៤ ហើយព្រះយេហូវ៉ានឹងធ្វើតាមពាក្យដែលលោកបានសន្យាជាមួយនឹងពុកថា៖ ‹បើកូនៗរបស់អ្នកដើរតាមផ្លូវរបស់ខ្ញុំជានិច្ច ហើយយ៉ាងស្មោះអស់ពីដួងចិត្ត និងអស់ពីកម្លាំង*+ នោះតែងនឹងមានបុគ្គលម្នាក់ពីពូជពង្សរបស់អ្នក អង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល›។+
៥ «កូនក៏ដឹងអ្វីដែលយ៉ូអាប់ជាកូនសេរូយ៉ាបានធ្វើចំពោះពុក និងអ្វីដែលគាត់បានធ្វើចំពោះមេទ័ពជនជាតិអ៊ីស្រាអែលពីរនាក់ គឺអាប់ណឺ+ជាកូនណឺ និងអាម៉េសា+ជាកូនយេធើ។ គាត់បានសម្លាប់ពួកគេ នៅគ្រាដែលគ្មានសង្គ្រាម ហើយខ្សែក្រវាត់ចង្កេះនិងស្បែកជើងរបស់គាត់បានប្រឡាក់ដោយឈាមនៃចម្បាំង។+
៦ កូនត្រូវប្រព្រឹត្តដោយប្រាជ្ញា ហើយកុំឲ្យគាត់ស្លាប់*តាមសម្រួលដោយចាស់ជរាឡើយ។+
៧ «ប៉ុន្តែ កូនគួរបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះកូនៗរបស់បាស៊ីលឡាយ+ជាអ្នកមកពីតំបន់គីលាត ហើយឲ្យពួកគេមានកិត្តិយសបរិភោគនៅតុរបស់កូន ព្រោះពួកគេបានមកជួយទំនុកបម្រុងពុក+ កាលដែលពុករត់គេចពីអាប់សាឡំបងកូន។+
៨ «ឯបុគ្គលម្នាក់ទៀត គឺស៊ីមម៉ាយជាកូនកេរ៉ាជាពួកបេនយ៉ាមីនជាអ្នកភូមិបាហ៊ូរីម។ គាត់ជាអ្នកដែលបានប្រទេចផ្ដាសាពុក+នៅថ្ងៃដែលពុកកំពុងធ្វើដំណើរទៅក្រុងម៉ាហាណែម។+ ប៉ុន្តែ ពេលដែលគាត់ចុះមកជួបពុកនៅទន្លេយ៉ូដាន់ ពុកបានស្បថនឹងគាត់ដោយនូវនាមព្រះយេហូវ៉ាថា៖ ‹ខ្ញុំនឹងមិនសម្លាប់អ្នកទេ›។+
៩ ទោះជាដូច្នោះក៏ដោយ កូនកុំឲ្យគាត់រួចពីទោសឡើយ+ ព្រោះកូនជាមនុស្សមានប្រាជ្ញា កូនដឹងថាគួរធ្វើយ៉ាងណាចំពោះគាត់ហើយ។ កូនកុំឲ្យគាត់ស្លាប់តាមសម្រួលដោយចាស់ជរាឡើយ»។+
១០ ក្រោយមក ដាវីឌបានស្លាប់* ហើយគេបញ្ចុះសពគាត់ក្នុងក្រុងដាវីឌ។+
១១ ដាវីឌបានគ្រប់គ្រងនៅក្រុងហេប្រុន+អស់រយៈពេល៧ឆ្នាំ និងនៅក្រុងយេរូសាឡិម*អស់រយៈពេល៣៣ឆ្នាំ+ សរុបទៅគាត់គ្រប់គ្រងលើស្រុកអ៊ីស្រាអែលអស់រយៈពេល៤០ឆ្នាំ។
១២ រួចមក សាឡូម៉ូនបានអង្គុយលើបល្ល័ង្ករបស់ដាវីឌជាឪពុក ហើយអំណាចគ្រប់គ្រងរបស់គាត់កាន់តែរឹងមាំឡើងៗ។+
១៣ ថ្ងៃមួយ អាដូនីយ៉ាជាកូនហាគីតបានចូលមកជួបបាតសេបាជាម្ដាយសាឡូម៉ូន។ ខណៈនោះ នាងបានសួរថា៖ «តើអ្នកមកក្នុងបំណងល្អឬ?»។ គាត់ឆ្លើយថា៖ «បាទ ក្នុងបំណងល្អទេ»។
១៤ រួចមក គាត់និយាយថា៖ «ខ្ញុំមានរឿងមួយចង់និយាយជាមួយនឹងអ្នក»។ ដូច្នេះ នាងនិយាយថា៖ «និយាយមកចុះ»។
១៥ គាត់បន្តថា៖ «អ្នកដឹងហើយថាអំណាចជាស្ដេចគួរតែជារបស់ខ្ញុំ ហើយបណ្ដាជនទាំងអស់ក្នុងស្រុកអ៊ីស្រាអែលរំពឹងថាខ្ញុំនឹងក្លាយជាស្ដេច+ ប៉ុន្តែអំណាចគ្រប់គ្រងបានរបូតពីដៃខ្ញុំទៅ ហើយក្លាយជារបស់ប្អូនខ្ញុំវិញ ព្រោះនោះជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។+
១៦ ប៉ុន្តែ ខ្ញុំមកនេះមានតែសំណូមពរមួយប៉ុណ្ណោះ។ សូមកុំបដិសេធនឹងសំណូមពររបស់ខ្ញុំឡើយ»។ ដូច្នេះ នាងនិយាយទៅគាត់ថា៖ «ចូរនិយាយមកចុះ»។
១៧ រួចគាត់និយាយថា៖ «សូមអ្នកជួយសុំស្ដេចសាឡូម៉ូនឲ្យប្រគល់អាប៊ីសាក+ជាអ្នកក្រុងស៊ូណែមមកធ្វើជាប្រពន្ធខ្ញុំផង ព្រោះស្ដេចមិនបដិសេធនឹងសំណើរបស់អ្នកទេ»។
១៨ បាតសេបាតបថា៖ «បាន! ខ្ញុំនឹងជម្រាបស្ដេចឲ្យអ្នក»។
១៩ ដូច្នេះ បាតសេបាបានចូលទៅជួបស្ដេចសាឡូម៉ូន ដើម្បីជម្រាបស្ដេចនូវសំណូមពររបស់អាដូនីយ៉ា។ ពេលឃើញម្ដាយ ស្ដេចក៏ក្រោកទៅទទួលដោយលំឱនកាយគោរព។ រួចស្ដេចអង្គុយចុះលើបល្ល័ង្កវិញ ថែមទាំងចាត់គេឲ្យរៀបចំបល្ល័ង្កមួយសម្រាប់ម្ដាយ ដើម្បីនាងអាចអង្គុយនៅខាងស្ដាំគាត់។
២០ បន្ទាប់មក បាតសេបានិយាយថា៖ «ម្ដាយមានសំណូមពរតូចមួយ។ សូមកុំបដិសេធនឹងសំណូមពរនេះឡើយ»។ ស្ដេចនិយាយទៅនាងថា៖ «សូមអ្នកម្ដាយមានប្រសាសន៍មក ខ្ញុំនឹងមិនបដិសេធទេ»។
២១ នាងនិយាយថា៖ «សូមប្រគល់អាប៊ីសាកជាអ្នកក្រុងស៊ូណែមទៅអាដូនីយ៉ាបងកូន ឲ្យធ្វើជាប្រពន្ធទៅ»។
២២ រំពេចនោះ ស្ដេចសាឡូម៉ូនតបទៅម្ដាយថា៖ «ហេតុអ្វីបានជាអ្នកម្ដាយសុំអាប៊ីសាកជាអ្នកក្រុងស៊ូណែមឲ្យអាដូនីយ៉ា? ម្ដេចក៏អ្នកម្ដាយមិនសុំអំណាចជាស្ដេចឲ្យគាត់ដែរទៅ+ ព្រោះគាត់ជាបងកូន+ ថែមទាំងមានអាប៊ីយ៉ាថាជាសង្ឃនិងយ៉ូអាប់+ជាកូនសេរូយ៉ា+ កំពុងជួយជ្រោមជ្រែងគាត់ស្រាប់ហើយ»។
២៣ ស្ដេចសាឡូម៉ូនបានស្បថដោយនូវនាមព្រះយេហូវ៉ាថា៖ «សូមឲ្យព្រះដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ បើអាដូនីយ៉ាមិនបានស្លាប់ព្រោះតែសំណូមពរនេះទេ។
២៤ ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅ ដែលបានតាំងរាជ្យខ្ញុំឡើងយ៉ាងមាំ+តាមពាក្យសន្យារបស់លោក ហើយដែលបានឲ្យខ្ញុំអង្គុយលើបល្ល័ង្ករបស់ដាវីឌជាឪពុកខ្ញុំ ថែមទាំងឲ្យខ្ញុំមានតំណវង្ស+ គឺខ្ញុំស្បថថានៅថ្ងៃនេះអាដូនីយ៉ានឹងត្រូវស្លាប់+ជាមិនខាន»។
២៥ ភ្លាមនោះ ស្ដេចសាឡូម៉ូនបានចាត់បេនណាយ៉ា+ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអាដូនីយ៉ា ហើយគាត់ក៏ស្លាប់ទៅ។
២៦ ស្ដេចនិយាយទៅកាន់អាប៊ីយ៉ាថា+ជាសង្ឃថា៖ «ចូរទៅស្រែចម្ការរបស់អ្នកនៅឯអាណាថោតទៅ!+ តាមពិត អ្នកសមនឹងស្លាប់ តែថ្ងៃនេះខ្ញុំមិនសម្លាប់អ្នកទេ ពីព្រោះអ្នកបានសែងហឹបរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត នៅចំពោះដាវីឌជាឪពុកខ្ញុំ+ ហើយអ្នកបានរួមសុខរួមទុក្ខជាមួយនឹងឪពុកខ្ញុំ»។+
២៧ ដូច្នេះ សាឡូម៉ូនបានបណ្ដេញអាប៊ីយ៉ាថាចេញពីតំណែងជាសង្ឃរបស់ព្រះយេហូវ៉ា ដើម្បីឲ្យពាក្យរបស់ព្រះយេហូវ៉ា ដែលលោកបានមានប្រសាសន៍នៅស៊ីឡូរ+ ទាស់នឹងពូជពង្សអេលី+ក្លាយជាការពិត។
២៨ ពេលយ៉ូអាប់បានឮដំណឹងនោះ គាត់បានរត់ទៅឯត្រសាលរបស់ព្រះយេហូវ៉ា+ ហើយចាប់កាន់ស្នែងទីបូជា។ យ៉ូអាប់មិនបានគាំទ្រអាប់សាឡំទេ+ តែគាត់បានជួយជ្រោមជ្រែងអាដូនីយ៉ា។+
២៩ បន្ទាប់មក មានគេមកជម្រាបស្ដេចសាឡូម៉ូនថា៖ «យ៉ូអាប់បានរត់ទៅឯត្រសាលរបស់ព្រះយេហូវ៉ា ហើយគាត់នៅជិតទីបូជា»។ ដូច្នេះ សាឡូម៉ូនបង្គាប់បេនណាយ៉ាជាកូនយេហូយ៉ាដាថា៖ «ចូរទៅប្រហារជីវិតគាត់ទៅ!»។
៣០ បេនណាយ៉ាក៏ទៅឯត្រសាលរបស់ព្រះយេហូវ៉ា ហើយនិយាយទៅកាន់យ៉ូអាប់ថា៖ «ស្ដេចបានមានប្រសាសន៍ថា៖ ‹ចូរចេញមក!›»។ ប៉ុន្តែ គាត់ឆ្លើយថា៖ «ទេ! ខ្ញុំសុខចិត្តស្លាប់នៅទីនេះ»។ ដូច្នេះ បេនណាយ៉ាក៏នាំពាក្យរបស់យ៉ូអាប់ទៅជម្រាបស្ដេចវិញ។
៣១ រួចមក ស្ដេចនិយាយទៅបេនណាយ៉ាថា៖ «ធ្វើដូចសម្ដីគាត់ចុះ ចូរប្រហារជីវិតគាត់ ហើយបញ្ចុះសពគាត់ទៅ ដើម្បីកុំឲ្យខ្ញុំនិងពូជពង្សឪពុកខ្ញុំទទួលខុសត្រូវចំពោះអ្នកដែលយ៉ូអាប់បានសម្លាប់ដោយឥតហេតុឡើយ។+
៣២ ព្រះយេហូវ៉ានឹងដាក់ទោសគាត់ ព្រោះគាត់បានសម្លាប់បុរសពីរនាក់ដែលសុចរិតនិងល្អជាងគាត់ គឺអាប់ណឺ+ជាកូនណឺ ជាមេទ័ពអ៊ីស្រាអែល+ និងអាម៉េសា+ជាកូនយេធើ ជាមេទ័ពយូដា+ តែដាវីឌឪពុកខ្ញុំមិនបានជ្រាបសោះ។
៣៣ បំណុលឈាមនេះនឹងធ្លាក់លើយ៉ូអាប់ និងកូនចៅគាត់ជារៀងដរាប។+ ប៉ុន្តែ សូមឲ្យព្រះយេហូវ៉ាផ្ដល់សេចក្ដីសុខសាន្តជារៀងរហូតដល់ដាវីឌ និងកូនចៅ ព្រមទាំងតំណវង្ស និងការគ្រប់គ្រង*របស់គាត់»។
៣៤ បន្ទាប់មក បេនណាយ៉ាជាកូនយេហូយ៉ាដាបានទៅប្រហារយ៉ូអាប់ឲ្យស្លាប់ទៅ ហើយគេបានបញ្ចុះសពគាត់នៅក្បែរផ្ទះរបស់គាត់ដែលនៅតំបន់ស្ងាត់ជ្រងំ។
៣៥ ស្ដេចក៏បានតែងតាំងបេនណាយ៉ា+ជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសគាត់វិញ ហើយស្ដេចបានប្រគល់តំណែងរបស់អាប៊ីយ៉ាថាឲ្យដល់សេដុក+ជាសង្ឃ។
៣៦ ក្រោយមក ស្ដេចបានចាត់គេឲ្យទៅហៅស៊ីមម៉ាយ+មក ហើយបង្គាប់គាត់ថា៖ «ចូរអ្នកសង់ផ្ទះមួយក្នុងក្រុងយេរូសាឡិមទៅ រួចរស់នៅទីនោះ ហើយកុំចេញពីក្រុងទៅកន្លែងណាទៀតឡើយ។
៣៧ នៅថ្ងៃណាដែលអ្នកចេញ ហើយឆ្លងជ្រលងគីដ្រុន+ អ្នកនឹងត្រូវស្លាប់ជាមិនខាន។ អ្នកនឹងទទួលខុសត្រូវចំពោះការស្លាប់របស់អ្នក»។
៣៨ ស៊ីមម៉ាយតបទៅស្ដេចថា៖ «អ្វីដែលលោកបានមានប្រសាសន៍គឺសមគួរណាស់។ ខ្ញុំជាអ្នកបម្រើលោកនឹងធ្វើតាមដូចដែលលោកម្ចាស់មានប្រសាសន៍»។ ដូច្នេះ ស៊ីមម៉ាយបានអាស្រ័យនៅក្នុងក្រុងយេរូសាឡិមអស់មួយរយៈ។
៣៩ លុះបីឆ្នាំក្រោយមក ខ្ញុំបម្រើពីរនាក់របស់ស៊ីមម៉ាយបានរត់ទៅឯអាគីស+ជាកូនម៉ាអាកាជាស្ដេចក្រុងកាថ។ ថ្ងៃមួយ មានគេប្រាប់ស៊ីមម៉ាយថា៖ «មើល! ខ្ញុំបម្រើរបស់អ្នកនៅក្នុងក្រុងកាថ»។
៤០ ភ្លាមនោះ ស៊ីមម៉ាយបានចងកែបលា ហើយទៅជួបអាគីសនៅក្រុងកាថ ដើម្បីស្វែងរកខ្ញុំបម្រើរបស់គាត់។ លុះឃើញហើយ ស៊ីមម៉ាយក៏នាំខ្ញុំបម្រើត្រឡប់មកវិញ។
៤១ ពេលនោះ មានគេជម្រាបសាឡូម៉ូនថា៖ «ស៊ីមម៉ាយបានចេញពីក្រុងយេរូសាឡិមទៅក្រុងកាថ ហើយបានត្រឡប់មកវិញហើយ»។
៤២ ឮដូច្នេះ ស្ដេចក៏ចាត់គេឲ្យទៅហៅស៊ីមម៉ាយមក ហើយស្ដេចសួរគាត់ថា៖ «តើខ្ញុំមិនបានឲ្យអ្នកស្បថដោយនូវនាមព្រះយេហូវ៉ា ហើយមិនបានព្រមានអ្នកទេឬថា៖ ‹នៅថ្ងៃណាដែលអ្នកចេញពីទីនេះទៅកន្លែងណាទៀត អ្នកនឹងត្រូវស្លាប់ជាមិនខាន›? ហើយតើអ្នកមិនបាននិយាយមកខ្ញុំទេឬថា៖ ‹អ្វីដែលលោកបានមានប្រសាសន៍គឺសមគួរណាស់›? អ្នកថែមទាំងនិយាយថា៖ ‹ខ្ញុំនឹងធ្វើតាម›មែនទេ?+
៤៣ ចុះហេតុអ្វីបានជាអ្នកមិនគោរពតាមពាក្យដែលអ្នកបានស្បថចំពោះព្រះយេហូវ៉ា ហើយធ្វើតាមបង្គាប់ដែលខ្ញុំបានឲ្យដល់អ្នក?»។
៤៤ បន្ទាប់មក ស្ដេចនិយាយទៅស៊ីមម៉ាយថា៖ «អ្នកដឹងក្នុងចិត្តហើយថាអ្នកបានធ្វើអំពើអាក្រក់ជាច្រើនមកលើដាវីឌឪពុកខ្ញុំ+ ឥឡូវព្រះយេហូវ៉ានឹងឲ្យអំពើអាក្រក់ទាំងនោះធ្លាក់លើអ្នកវិញ។+
៤៥ ប៉ុន្តែ ព្រះយេហូវ៉ានឹងឲ្យពរដល់ខ្ញុំ+ ហើយតាំងបល្ល័ង្ករបស់ដាវីឌឲ្យមាំជារៀងរហូត»។
៤៦ ក្រោយមក ស្ដេចបានបញ្ជាបេនណាយ៉ាជាកូនយេហូយ៉ាដា ឲ្យសម្លាប់ស៊ីមម៉ាយទៅ។+
រាជាណាចក្ររបស់សាឡូម៉ូនក៏បានតាំងឡើងយ៉ាងមាំក្រោមការគ្រប់គ្រងរបស់គាត់។+
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«ជីវិត»
^ ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ន័យត្រង់«បញ្ចុះជាមួយនឹងបុព្វបុរស»
^ សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
^ ន័យត្រង់«បល្ល័ង្ក»