បណ្ដាស្ដេចទី១ ២២:១-៥៣
-
យេហូសាផាតចងសម្ព័ន្ធភាពនឹងអាហាប់ (១-១២)
-
ទំនាយរបស់មីកាយ៉ាក្លាយជាការពិត (១៣-២៨)
-
បុគ្គលវិញ្ញាណមួយរូបបានត្រូវអនុញ្ញាតឲ្យទៅបោកបញ្ឆោតអាហាប់ (២១, ២២)
-
-
អាហាប់បានត្រូវសម្លាប់នៅឯរ៉ាម៉ូតគីលាត (២៩-៤០)
-
ការគ្រប់គ្រងរបស់យេហូសាផាតលើស្រុកយូដា (៤១-៥០)
-
អាហាស៊ីយ៉ាជាស្ដេចស្រុកអ៊ីស្រាអែល (៥១-៥៣)
២២ អស់រយៈពេលបីឆ្នាំ ស្រុកស៊ីរីនិងស្រុកអ៊ីស្រាអែលមិនមានចម្បាំងនឹងគ្នាទេ។
២ នៅឆ្នាំទី៣ យេហូសាផាត+ស្ដេចស្រុកយូដា បានចុះទៅជួបស្ដេចស្រុកអ៊ីស្រាអែល។+
៣ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់ពួកអ្នកបម្រើរបស់គាត់ថា៖ «អ្នកទាំងអស់គ្នាដឹងហើយថារ៉ាម៉ូតគីលាត+ជាទឹកដីរបស់យើង មែនទេ? ប៉ុន្តែ យើងបែរជាមិនហ៊ានទៅច្បាំងដណ្ដើមយកពីស្ដេចស្រុកស៊ីរីទៅវិញ»។
៤ រួចមក គាត់បាននិយាយទៅយេហូសាផាតថា៖ «តើលោកចង់ទៅច្បាំងជាមួយខ្ញុំនៅរ៉ាម៉ូតគីលាតទេ?»។ យេហូសាផាតបានតបទៅស្ដេចស្រុកអ៊ីស្រាអែលវិញថា៖ «ខ្ញុំក៏ដូចជាលោក ហើយរាស្ត្រខ្ញុំក៏ដូចជារាស្ត្ររបស់លោក។ ឯសេះរបស់ខ្ញុំក៏ដូចជាសេះរបស់លោកដែរ»។+
៥ ប៉ុន្តែ យេហូសាផាតបាននិយាយទៅស្ដេចស្រុកអ៊ីស្រាអែលថា៖ «ដំបូង សូមឲ្យយើងសួរ+ព្រះយេហូវ៉ាសិន»។+
៦ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានអញ្ជើញអ្នកប្រកាសទំនាយប្រហែល៤០០នាក់ឲ្យមកជុំគ្នា រួចសួរពួកគេថា៖ «តើខ្ញុំគួរទៅច្បាំងនៅឯរ៉ាម៉ូតគីលាត ឬមិនគួរ?»។ ពួកគេបានឆ្លើយថា៖ «សូមលោកទៅចុះ ព្រះយេហូវ៉ានឹងជួយលោកដណ្ដើមយកទឹកដីនោះមកវិញ»។
៧ បន្ទាប់មក យេហូសាផាតបាននិយាយថា៖ «តើនៅទីនេះមានអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាឬទេ? សូមឲ្យយើងសួរគាត់ដែរ»។+
៨ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅយេហូសាផាតថា៖ «នៅមានបុរសម្នាក់ទៀត ដែលយើងអាចសួរព្រះយេហូវ៉ាតាមរយៈគាត់។+ ប៉ុន្តែ ខ្ញុំស្អប់គាត់ណាស់+ ព្រោះគាត់មិនដែលប្រកាសទំនាយល្អអំពីខ្ញុំទេ មានតែទំនាយអាក្រក់ប៉ុណ្ណោះ។+ គាត់ឈ្មោះមីកាយ៉ាជាកូនអ៊ីមឡា»។ ប៉ុន្តែ យេហូសាផាតបាននិយាយទៅស្ដេចថា៖ «លោកមិនគួរនិយាយដូច្នេះទេ»។
៩ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានហៅមន្ត្រីម្នាក់ រួចបង្គាប់ថា៖ «ចូរទៅនាំមីកាយ៉ាជាកូនអ៊ីមឡាឲ្យមកជាប្រញាប់»។+
១០ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលនិងយេហូសាផាតជាស្ដេចស្រុកយូដាបានស្លៀកសម្លៀកបំពាក់ស្ដេច ហើយអង្គុយលើបល្ល័ង្ករៀងខ្លួន។ ពួកគាត់នៅទីលានបញ្ជាន់ស្រូវ ក្បែរខ្លោងទ្វារចូលក្រុងសាម៉ារី ហើយមានពួកអ្នកប្រកាសទំនាយទាំងអស់នៅទីនោះ កំពុងប្រកាសទំនាយនៅចំពោះស្ដេច។+
១១ បន្ទាប់មក សេដេគាជាកូនកេនេអាណា បានធ្វើស្នែងដែក ហើយបាននិយាយថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ដោយឧបករណ៍ទាំងនេះស្ដេចនឹងប្រហារពួកស៊ីរីរហូតដល់ពួកគេវិនាសអស់ទៅ›»។
១២ ឯពួកអ្នកប្រកាសទំនាយផ្សេងទៀតក៏ប្រកាសស្រដៀងនោះដែរ ដោយប្រាប់ថា៖ «ចូរលោកឡើងទៅឯរ៉ាម៉ូតគីលាតចុះ លោកនឹងទទួលជ័យជម្នះពុំខាន។ ព្រះយេហូវ៉ានឹងជួយលោកដណ្ដើមយកទឹកដីនោះមកវិញ»។
១៣ ពេលនោះ អ្នកនាំសារដែលបានត្រូវចាត់ឲ្យទៅហៅមីកាយ៉ា បាននិយាយទៅកាន់គាត់ថា៖ «មើល! ពួកអ្នកប្រកាសទំនាយទាំងអស់សុទ្ធតែនិយាយរឿងល្អៗជម្រាបស្ដេច។ ដូច្នេះ សូមអ្នកនិយាយរឿងល្អជម្រាបស្ដេចដូចពួកគេចុះ»។+
១៤ ប៉ុន្តែ មីកាយ៉ាបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា បើព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រាប់យ៉ាងនោះ»។
១៥ រួចមក គាត់ក៏ចូលទៅជួបស្ដេច ហើយស្ដេចបានសួរគាត់ថា៖ «មីកាយ៉ា តើយើងគួរទៅច្បាំងដណ្ដើមយករ៉ាម៉ូតគីលាត ឬមិនគួរ?»។ ភ្លាមនោះ គាត់ឆ្លើយថា៖ «សូមលោកទៅចុះ លោកនឹងទទួលជ័យជម្នះពុំខាន។ ព្រះយេហូវ៉ានឹងជួយលោកដណ្ដើមយកទឹកដីនោះមកវិញ»។
១៦ ពេលនោះ ស្ដេចបាននិយាយទៅគាត់ថា៖ «តើខ្ញុំត្រូវប្រាប់អ្នកឲ្យស្បថប៉ុន្មានដងទៀតថា អ្នកត្រូវប្រាប់ខ្ញុំតែពាក្យពិតក្នុងនាមព្រះយេហូវ៉ា?»។
១៧ ដូច្នេះ គាត់បាននិយាយថា៖ «ខ្ញុំឃើញជនជាតិអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយនៅលើភ្នំ+ ប្រៀបដូចជាហ្វូងចៀមគ្មានគង្វាល។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេលែងមានម្ចាស់ទៀតហើយ។ ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះរៀងខ្លួនដោយសុខសាន្តចុះ›»។
១៨ រួចមក ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតថា៖ «ដូចខ្ញុំបានជម្រាបលោកហើយថា៖ ‹គាត់មិនដែលប្រកាសទំនាយល្អអំពីខ្ញុំទេ មានតែទំនាយអាក្រក់ប៉ុណ្ណោះ›»។+
១៩ រួចមីកាយ៉ាបាននិយាយថា៖ «ដូច្នេះ សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្ករបស់លោក+ ដោយមានបណ្ដាកងទ័ពនៅស្ថានសួគ៌ឈរនៅខាងឆ្វេងនិងខាងស្ដាំលោក។+
២០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹តើអ្នកណានឹងទៅបញ្ឆោតអាហាប់ឲ្យឡើងទៅច្បាំងនៅឯរ៉ាម៉ូតគីលាត ដើម្បីឲ្យគាត់ស្លាប់នៅទីនោះ?›។ មានទេវតាមួយរូបឆ្លើយយ៉ាងនេះ មួយរូបឆ្លើយយ៉ាងនោះ។
២១ រួចមក មានទេវតាមួយរូប+ចេញមកឈរនៅមុខព្រះយេហូវ៉ា ហើយនិយាយថា៖ ‹ខ្ញុំនឹងទៅបញ្ឆោតគាត់›។ ព្រះយេហូវ៉ាបានសួរទេវតានោះថា៖ ‹តើអ្នកនឹងបញ្ឆោតគាត់យ៉ាងដូចម្ដេច?›។
២២ ទេវតានោះបានឆ្លើយថា៖ ‹ខ្ញុំនឹងទៅដាក់ពាក្យបញ្ឆោតនៅក្នុងមាត់របស់ពួកអ្នកប្រកាសទំនាយទាំងអស់របស់អាហាប់›។+ ដូច្នេះ ព្រះបានមានប្រសាសន៍ថា៖ ‹ចូរទៅធ្វើដូច្នោះចុះ អ្នកនឹងបញ្ឆោតបានមែន›។
២៣ ហេតុនេះហើយបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យបុគ្គលវិញ្ញាណនោះ ទៅធ្វើឲ្យពួកអ្នកប្រកាសទំនាយប្រាប់ពាក្យកុហកដល់លោក។+ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រកាសថាលោកនឹងជួបអន្តរាយមិនខាន»។+
២៤ ពេលនោះ សេដេគាជាកូនកេនេអាណា បានចូលមកទះកំផ្លៀងមីកាយ៉ា ដោយនិយាយថា៖ «តើឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានចេញពីខ្ញុំតាមផ្លូវណា ទៅនិយាយជាមួយនឹងអ្នក?»។+
២៥ មីកាយ៉ាបានឆ្លើយថា៖ «មើល! អ្នកនឹងដឹងនៅថ្ងៃដែលអ្នកចូលទៅពួនក្នុងបន្ទប់ខាងក្នុងបំផុត»។
២៦ រួចស្ដេចស្រុកអ៊ីស្រាអែលបាននិយាយថា៖ «ចូរនាំមីកាយ៉ាទៅប្រគល់ឲ្យអេម៉ុនជាអភិបាលក្រុងនិងយ៉ូអាសជាកូនស្ដេចទៅ។
២៧ ចូរប្រាប់ពួកគេថា៖ ‹ស្ដេចបានបង្គាប់ដូច្នេះថា៖ «ចូរឃុំបុរសនេះក្នុងគុក+ ហើយឲ្យនំប៉័ងនិងទឹកដល់គាត់តែបន្តិចបន្តួចបានហើយ រហូតដល់ខ្ញុំត្រឡប់មកវិញដោយសុខសាន្ត»›»។
២៨ ប៉ុន្តែ មីកាយ៉ាបាននិយាយថា៖ «បើស្ដេចត្រឡប់មកវិញដោយសុខសាន្ត នោះព្រះយេហូវ៉ាមិនបានមានប្រសាសន៍តាមរយៈខ្ញុំទេ»។+ រួចគាត់បន្ថែមថា៖ «សូមបណ្ដាជនទាំងឡាយចាំមើលអំពីរឿងនេះចុះ»។
២៩ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលនិងយេហូសាផាតជាស្ដេចស្រុកយូដា បានឡើងទៅឯរ៉ាម៉ូតគីលាត។+
៣០ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតថា៖ «ខ្ញុំនឹងបន្លំខ្លួន រួចចូលទៅច្បាំង។ ចំណែកឯខ្លួនលោកវិញ សូមលោកស្លៀកសម្លៀកបំពាក់ស្ដេចចុះ»។ លុះនិយាយចប់ហើយ ស្ដេចស្រុកអ៊ីស្រាអែលក៏បន្លំខ្លួនចូលទៅច្បាំង។+
៣១ រីឯស្ដេចស្រុកស៊ីរីវិញ គាត់បានបង្គាប់ពួកមេទ័ពរទេះចម្បាំងទាំង៣២នាក់ថា៖ +«កុំប្រយុទ្ធនឹងអ្នកណាឡើយ ទោះជាកូនទាហានឬមេទាហានក្ដី។ ចូរប្រយុទ្ធតែជាមួយស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
៣២ ពេលដែលពួកមេទ័ពរទេះចម្បាំងបានឃើញយេហូសាផាតភ្លាម ពួកគេបានគិតថា៖ «នោះច្បាស់ជាស្ដេចស្រុកអ៊ីស្រាអែលហើយ»។ ដូច្នេះ ពួកគេបានបែរទៅប្រយុទ្ធនឹងយេហូសាផាតវិញ ហើយយេហូសាផាតបានស្រែកសុំជំនួយ។
៣៣ កាលដែលពួកមេទ័ពរទេះចម្បាំងបានឃើញថាអ្នកដែលពួកគេកំពុងដេញតាមមិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ភ្លាមនោះពួកគេក៏ឈប់ដេញតាមទៅ។
៣៤ ប៉ុន្តែ មានបុរសម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ចំស្ដេចស្រុកអ៊ីស្រាអែល ត្រូវត្រង់ប្រឡោះអាវក្រោះរបស់គាត់។ ដូច្នេះ ស្ដេចបាននិយាយទៅអ្នកបររទេះរបស់គាត់ថា៖ «ចូរបកក្រោយ នាំខ្ញុំចេញពីចម្បាំងនេះទៅ ព្រោះខ្ញុំត្រូវរបួសធ្ងន់ណាស់»។+
៣៥ ស្ថានភាពចម្បាំងនៅថ្ងៃនោះកាន់តែខ្លាំងឡើង ហើយស្ដេចឈរក្នុងរទេះចម្បាំងដោយមានអ្នកគ្រាហ៍ បែរមុខទៅពួកស៊ីរី។ ឈាមរបួសគាត់ហូរជោកបាតរទេះ លុះដល់ពេលល្ងាចគាត់ក៏ស្លាប់ទៅ។+
៣៦ រួចដល់ពេលថ្ងៃលិច មានសម្រែកបង្គាប់ទៅអ្នកនៅក្នុងជំរំថា៖ «ចូរគ្រប់គ្នាត្រឡប់ទៅក្រុងនិងស្រុករបស់ខ្លួនវិញទៅ!»។+
៣៧ យ៉ាងនោះ ស្ដេចបានស្លាប់ ហើយគេបានយកសពគាត់មកក្រុងសាម៉ារី រួចបញ្ចុះសពស្ដេចនៅក្រុងនោះ។
៣៨ កាលដែលពួកគេយករទេះចម្បាំងនោះទៅលាងនៅអាងទឹកក្នុងក្រុងសាម៉ារី ជាកន្លែងដែលពួកស្ត្រីពេស្យាងូតទឹក នោះឆ្កែក៏បានលិទ្ធឈាមរបស់ស្ដេច ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន។+
៣៩ ឯកិច្ចការទាំងប៉ុន្មានដែលអាហាប់បានធ្វើ ព្រមទាំងវិមានភ្លុក+និងក្រុងទាំងប៉ុន្មានដែលគាត់បានសង់ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
៤០ ក្រោយពីអាហាប់បានស្លាប់*+ អាហាស៊ីយ៉ា+ជាកូនបានគ្រប់គ្រងជាស្ដេចបន្ទាប់ពីគាត់។
៤១ យេហូសាផាត+ជាកូនអេសាបានក្លាយទៅជាស្ដេចស្រុកយូដា នៅឆ្នាំទី៤នៃរាជ្យអាហាប់ជាស្ដេចស្រុកអ៊ីស្រាអែល។
៤២ ពេលដែលយេហូសាផាតបានក្លាយទៅជាស្ដេច គាត់មានអាយុ៣៥ឆ្នាំ ហើយបានគ្រប់គ្រងអស់រយៈពេល២៥ឆ្នាំ នៅក្រុងយេរូសាឡិម។ ម្ដាយរបស់គាត់ឈ្មោះអាស៊ូបា ជាកូនរបស់ស៊ីលហាយ។
៤៣ គាត់បានដើរតាមគន្លងរបស់អេសា+ជាឪពុករបស់គាត់ ឥតងាករេឡើយ។ គាត់បានធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត។+ ប៉ុន្តែ ទីខ្ពស់ពិសិដ្ឋមិនបានត្រូវបំបាត់ចោលទេ ហើយបណ្ដាជននៅតែដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង នៅលើទីខ្ពស់ៗទាំងនោះ។+
៤៤ យេហូសាផាតនៅតែមានសម្ព័ន្ធភាពល្អជាមួយនឹងស្ដេចស្រុកអ៊ីស្រាអែល។+
៤៥ ឯកិច្ចការទាំងប៉ុន្មានដែលយេហូសាផាតបានធ្វើ ដូចជាស្នាដៃអស្ចារ្យនិងចម្បាំងផ្សេងៗ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
៤៦ បន្ថែមទៅទៀត គាត់បានបណ្ដេញពួកបុរសដែលបម្រើបុរសឯទៀតខាងផ្លូវភេទក្នុងវិហារ ចេញអស់ពីស្រុកទៅ+ គឺជាពួកអ្នកដែលនៅសេសសល់ពីគ្រារបស់អេសាឪពុកគាត់។+
៤៧ ចំណែកឯស្រុកអេដំវិញ+ នៅគ្រានោះគ្មានស្ដេចទេ មានតែអភិបាលម្នាក់ដែលគ្រប់គ្រងជាស្ដេច។+
៤៨ យេហូសាផាតក៏បានធ្វើសំពៅតើស៊ីស* ដើម្បីទៅដឹកជញ្ជូនមាសពីអូភា។+ ប៉ុន្តែ សំពៅទាំងនោះមិនបានទៅដល់ទេ ព្រោះបានបាក់បែកខូចអស់ នៅអេស៊ានកេបឺ។+
៤៩ នៅពេលនោះ អាហាស៊ីយ៉ាជាកូនអាហាប់បាននិយាយទៅកាន់យេហូសាផាតថា៖ «សូមឲ្យអ្នកបម្រើរបស់ខ្ញុំទៅជាមួយនឹងអ្នកបម្រើរបស់លោកក្នុងសំពៅទាំងនោះផង»។ ប៉ុន្តែ យេហូសាផាតមិនបានយល់ព្រមទេ។
៥០ លុះក្រោយមក យេហូសាផាតបានស្លាប់+ ហើយគេបានបញ្ចុះសពគាត់នៅក្រុងដាវីឌជាមួយនឹងបុព្វបុរសរបស់គាត់។ បន្ទាប់មក យេហូរ៉ាម+ជាកូនបានគ្រប់គ្រងជាស្ដេចបន្ទាប់ពីគាត់។
៥១ ឯអាហាស៊ីយ៉ា+ជាកូនអាហាប់បានក្លាយទៅជាស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១៧នៃរាជ្យរបស់យេហូសាផាតជាស្ដេចស្រុកយូដា ហើយអាហាស៊ីយ៉ាបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែលបានពីរឆ្នាំ។
៥២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយដើរតាមគន្លងឪពុក+និងម្ដាយរបស់គាត់+ និងគន្លងរបស់យេរ៉ូបោមជាកូនណេបាត ជាអ្នកដែលបាននាំឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+
៥៣ គាត់បានក្រាបគោរពនិងបម្រើព្រះបាល+តាមគន្លងឪពុកគាត់ ហើយការប្រព្រឹត្តនេះបានធ្វើឲ្យព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល+ខឹងនឹងគាត់។