សៀវភៅលូកា ១:១-៨០
-
សំបុត្រទៅកាន់ថេអូហ្វីល (១-៤)
-
ទេវតាកាព្រីយ៉ែលប្រកាសទុកជាមុនអំពីកំណើតរបស់យ៉ូហានដែលជាអ្នកជ្រមុជទឹក (៥-២៥)
-
ទេវតាកាព្រីយ៉ែលប្រកាសទុកជាមុនអំពីកំណើតរបស់លោកយេស៊ូ (២៦-៣៨)
-
ម៉ារៀទៅសួរសុខទុក្ខអេលីសាបិត (៣៩-៤៥)
-
ម៉ារៀលើកតម្កើងព្រះយេហូវ៉ា (៤៦-៥៦)
-
កំណើតរបស់យ៉ូហាននិងការដាក់ឈ្មោះឲ្យគាត់ (៥៧-៦៦)
-
សាការីប្រកាសប្រាប់ទុកជាមុន (៦៧-៨០)
១ មនុស្សជាច្រើនបានខិតខំសរសេរព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើង ហើយយើងជឿទាំងស្រុងថាព្រឹត្តិការណ៍ទាំងនោះបានកើតឡើងពិតមែន។+
២ យើងបានឮព្រឹត្តិការណ៍ទាំងនោះពីសាក្សីដែលបានឃើញព្រឹត្តិការណ៍ទាំងនោះតាំងពីដើមដំបូង+ និងជាពួកអ្នកដែលប្រកាសដំណឹងល្អនេះ។+
៣ ម្ល៉ោះហើយ ថេអូហ្វីលជាទីគោរព ខ្ញុំបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីព្រឹត្តិការណ៍ទាំងនោះ ហើយខ្ញុំបានតាំងចិត្តសរសេរអ្វីៗទាំងនោះតាមលំដាប់លំដោយជូនអ្នក+
៤ ដើម្បីឲ្យអ្នកអាចដឹងច្បាស់ថា អ្វីដែលអ្នកបានរៀន*គឺពិតប្រាកដមែន។+
៥ នៅសម័យហេរ៉ូឌ*+ជាស្ដេចនៃតំបន់យូឌា មានសង្ឃម្នាក់ឈ្មោះសាការី ជាសមាជិកក្រុមអាប៊ីយ៉ា។+ ប្រពន្ធរបស់គាត់ឈ្មោះអេលីសាបិត ហើយនាងជាកូនចៅអេរ៉ុន។*
៦ ព្រះយេហូវ៉ា*បានចាត់ទុកពួកគាត់ទាំងពីរនាក់ថាជាមនុស្សសុចរិតនិងគ្មានកន្លែងចាប់កំហុស ពីព្រោះពួកគាត់ប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្ដិ និងគ្រប់ទាំងច្បាប់របស់លោក។
៧ ប៉ុន្តែ ពួកគាត់គ្មានកូនទេ ព្រោះអេលីសាបិតជាស្ត្រីអារ។ ម្យ៉ាងទៀត ពួកគាត់ទាំងពីរមានអាយុច្រើនហើយ។
៨ ពេលដែលសាការីត្រូវបំពេញមុខងារជាសង្ឃនៅចំពោះមុខព្រះ តាមវេនក្រុមរបស់គាត់+
៩ នោះគាត់បានត្រូវជ្រើសរើសឲ្យចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា*+ ហើយដុតគ្រឿងក្រអូប+ ស្របតាមរបៀបរៀបចំ*របស់គណៈសង្ឃ។
១០ នៅពេលនោះដែរ បណ្ដាជនទាំងឡាយកំពុងអធិដ្ឋាននៅខាងក្រៅ។
១១ ទេវតារបស់ព្រះយេហូវ៉ា*បានលេចមកឲ្យសាការីឃើញ ដោយឈរនៅខាងស្ដាំទីបូជាសម្រាប់ដុតគ្រឿងក្រអូប។
១២ ពេលឃើញដូច្នេះ សាការីក៏ជ្រួលច្របល់ក្នុងចិត្ត ហើយភ័យខ្លាចជាខ្លាំង។
១៣ ប៉ុន្តែ ទេវតានិយាយទៅកាន់សាការីថា៖ «សាការីអើយ កុំខ្លាចឡើយ ព្រោះព្រះបានឮពាក្យអង្វរសុំរបស់អ្នក ហើយអេលីសាបិតដែលជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថាយ៉ូហាន។+
១៤ អ្នកនឹងមានអំណរ ហើយរីករាយជាខ្លាំង។ កំណើតកូននោះនឹងធ្វើឲ្យមនុស្សជាច្រើនអរសប្បាយ+
១៥ ព្រោះកូននោះនឹងទៅជាបុរសដ៏ឧត្ដមនៅចំពោះព្រះយេហូវ៉ា។*+ ប៉ុន្តែ គាត់មិនត្រូវពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ+ ហើយគាត់នឹងពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ តាំងពីនៅក្នុងផ្ទៃម្ដាយ។*+
១៦ ម្យ៉ាងទៀត គាត់នឹងនាំកូនចៅអ៊ីស្រាអែលជាច្រើន ឲ្យវិលមកឯព្រះយេហូវ៉ា*ជាព្រះរបស់ពួកគេវិញ។+
១៧ មិនត្រឹមតែប៉ុណ្ណោះ ព្រះនឹងចាត់គាត់ឲ្យទៅមុនលោក ហើយឲ្យគាត់មានចិត្តខ្នះខ្នែងនិងមានឫទ្ធានុភាពដូចអេលីយ៉ា+ ដើម្បីឲ្យគាត់បំបែរចិត្តឪពុកឲ្យមានចិត្តដូចកូន+ ហើយបំបែរចិត្តរបស់ពួកអ្នកដែលមិនស្ដាប់បង្គាប់ ឲ្យមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងរៀបចំមនុស្សមួយក្រុមទុកជាស្រេចសម្រាប់ព្រះយេហូវ៉ា»។*+
១៨ រួចមក សាការីក៏សួរទេវតាថា៖ «តើខ្ញុំអាចប្រាកដថាការនេះនឹងកើតឡើងដូចម្ដេចបាន? ព្រោះខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏មានអាយុច្រើនដែរ»។
១៩ ទេវតានោះតបឆ្លើយថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល+ ជាអ្នកដែលឈរនៅមុខព្រះ។+ ខ្ញុំបានត្រូវចាត់ឲ្យមកនិយាយជាមួយនឹងអ្នក ហើយប្រកាសប្រាប់ដំណឹងល្អនេះដល់អ្នក។
២០ ប៉ុន្តែ មើល! អ្នកនឹងនិយាយមិនរួច ហើយហាស្ដីមិនបាន រហូតដល់ការទាំងនេះកើតឡើង ដោយសារអ្នកមិនបានជឿពាក្យរបស់ខ្ញុំដែលនឹងសម្រេចនៅពេលកំណត់»។
២១ ដំណាលគ្នានោះ បណ្ដាជនកំពុងរង់ចាំសាការី ទាំងងឿងឆ្ងល់អំពីមូលហេតុដែលគាត់នៅបង្អង់យូរក្នុងវិហារ។
២២ ពេលសាការីចេញមកវិញ គាត់មិនអាចនិយាយទៅកាន់បណ្ដាជនបានឡើយ។ ហេតុនោះ ពួកគេក៏យល់ឃើញថា គាត់ច្បាស់ជាបានឃើញអ្វីមួយដ៏អស្ចារ្យ*នៅក្នុងវិហារហើយ។ ចំណែកសាការីវិញ គាត់ចេះតែធ្វើកាយវិការឲ្យពួកគេយល់ ដោយសារគាត់និយាយមិនរួច។
២៣ លុះគាត់បំពេញកិច្ចបម្រើបរិសុទ្ធ*ចប់សព្វគ្រប់ហើយ គាត់ក៏ត្រឡប់ទៅផ្ទះវិញ។
២៤ មិនយូរក្រោយនោះ អេលីសាបិតជាប្រពន្ធរបស់សាការី ក៏មានផ្ទៃពោះ ហើយនាងមិនចេញពីផ្ទះអស់ប្រាំខែ។ នាងនិយាយថា៖
២៥ «នៅគ្រានេះ ព្រះយេហូវ៉ា*បានធ្វើការនេះសម្រាប់ខ្ញុំ។ លោកបានយកចិត្តទុកដាក់នឹងខ្ញុំ ដើម្បីឲ្យខ្ញុំលែងទទួលការតិះដៀលពីមនុស្សទៀត»។+
២៦ ពេលដែលនាងមានផ្ទៃពោះ៦ខែ ព្រះចាត់ទេវតាឈ្មោះកាព្រីយ៉ែល+ ឲ្យទៅក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេ
២៧ គឺទៅឯស្រីក្រមុំបរិសុទ្ធម្នាក់+ដែលជាគូដណ្ដឹងរបស់បុរសម្នាក់ ឈ្មោះយ៉ូសែបពីពូជពង្សដាវីឌ។ ស្រីក្រមុំនោះឈ្មោះម៉ារៀ។+
២៨ ទេវតានោះចូលទៅជួបនាង ហើយនិយាយថា៖ «សួស្ដី អ្នកសំណព្វរបស់ព្រះ។ ព្រះយេហូវ៉ា*នៅជាមួយនឹងនាង»។
២៩ ពេលឮដូច្នេះ នាងក៏ជ្រួលច្របល់ក្នុងចិត្តជាខ្លាំង ហើយព្យាយាមរិះគិតក្នុងចិត្តថា តើសម្ដីនោះបង្កប់អត្ថន័យយ៉ាងណា។
៣០ ដូច្នេះ ទេវតានិយាយទៅកាន់នាងថា៖ «ម៉ារៀអើយ កុំខ្លាចឡើយ ព្រោះព្រះពេញចិត្តនាង។
៣១ មើល! នាងនឹងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយ។+ នាងត្រូវដាក់ឈ្មោះកូននោះថាយេស៊ូ។+
៣២ កូននោះនឹងធំឧត្ដម+ ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយព្រះយេហូវ៉ា*នឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស* ឲ្យដល់បុត្រនោះ។+
៣៣ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។+
៣៤ ប៉ុន្តែ ម៉ារៀសួរទេវតានោះថា៖ «តើការនេះអាចកើតឡើងដូចម្ដេចបាន? ព្រោះខ្ញុំមិនធ្លាប់រួមដំណេកជាមួយនឹងបុរសណាឡើយ»។+
៣៥ ទេវតានោះឆ្លើយទៅនាងថា៖ «ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង+ ហើយឫទ្ធិអំណាចរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ បុត្រដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ+ និងជាបុត្ររបស់ព្រះ។+
៣៦ មើល! អេលីសាបិតជាញាតិសន្ដានរបស់នាង ដែលគេហៅថាស្ត្រីអារ កំពុងមានផ្ទៃពោះ៦ខែហើយ។ កូនក្នុងផ្ទៃនាងជាកូនប្រុស។ នាងមានកូនក្នុងកាលដែលនាងមានវ័យចាស់។
៣៧ ព្រោះគ្មានប្រសាសន៍ណាមួយរបស់ព្រះ ដែលលោកមិនអាចសម្រេចបានឡើយ»។+
៣៨ រួចមក ម៉ារៀនិយាយថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា!* សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។ បន្ទាប់មក ទេវតាក៏ចាកចេញពីនាងទៅ។
៣៩ មិនយូរក្រោយមក ម៉ារៀក៏ប្រញាប់ធ្វើដំណើរទៅឯតំបន់ភ្នំ ឆ្ពោះទៅក្រុងមួយក្នុងស្រុកយូដា។
៤០ ពេលទៅដល់ នាងបានចូលទៅក្នុងផ្ទះរបស់សាការី ហើយសួរសុខទុក្ខអេលីសាបិត។
៤១ ពេលអេលីសាបិតឮសំឡេងរបស់ម៉ារៀ នោះកូននៅក្នុងផ្ទៃរបស់នាងក៏កញ្ជ្រោលឡើង ហើយអេលីសាបិតបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។
៤២ រួចនាងបន្លឺឡើងថា៖ «ក្នុងចំណោមស្ត្រីទាំងឡាយ នាងជាស្ត្រីដែលមានពរ ហើយកូនដែលនាងនឹងបង្កើតមក ក៏មានពរដែរ!
៤៣ តើខ្ញុំជាអ្នកណាបានជាម្ដាយរបស់ម្ចាស់ខ្ញុំផ្ដល់កិត្តិយសមកជួបខ្ញុំដូច្នេះ?
៤៤ ព្រោះមើល! ពេលដែលខ្ញុំឮសំឡេងនាងសួរសុខទុក្ខ នោះកូននៅក្នុងផ្ទៃរបស់ខ្ញុំបានកញ្ជ្រោលឡើងដោយត្រេកអរក្រៃលែង។
៤៥ នាងមានសុភមង្គលហើយ ដោយសារនាងបានជឿ ព្រោះអ្វីដែលព្រះយេហូវ៉ា*បានមានប្រសាសន៍ទៅនាង នឹងក្លាយជាការពិតជាក់ជាពុំខាន»។
៤៦ រួចម៉ារៀនិយាយថា៖ «ខ្ញុំលើកតម្កើងព្រះយេហូវ៉ា*+
៤៧ ហើយខ្ញុំត្រេកអរពន់ពេកចំពោះព្រះដែលជាអ្នកសង្គ្រោះខ្ញុំ+
៤៨ ពីព្រោះលោកបានមើលឃើញសភាពទន់ទាបនៃខ្ញុំបម្រើរបស់លោក+ ហើយចាប់តាំងពីពេលនេះទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គល+
៤៩ ព្រោះលោកដែលមានឫទ្ធានុភាពខ្លាំងក្លាបានធ្វើកិច្ចការដ៏អស្ចារ្យដើម្បីខ្ញុំ ហើយនាមរបស់លោកគឺបរិសុទ្ធ។+
៥០ ពីជំនាន់មួយទៅជំនាន់មួយ លោកមានចិត្តមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចលោក។+
៥១ លោកបានធ្វើកិច្ចការយ៉ាងអស្ចារ្យដោយដៃរបស់លោក ហើយបានកម្ចាត់កម្ចាយពួកអ្នកដែលមានចិត្តក្រអឺតក្រទម។+
៥២ លោកបានទម្លាក់មនុស្សមានអំណាចចុះពីបល្ល័ង្ក+ ហើយតម្កើងមនុស្សទន់ទាប។+
៥៣ លោកបានបំពេញចិត្តពួកអ្នកដែលស្រេកឃ្លានដោយរបស់ល្អៗ+ ហើយពួកអ្នកដែលមានស្ដុកស្ដម្ភ លោកបានឲ្យចេញទៅដោយដៃទទេ។
៥៤ លោកបានជួយអ៊ីស្រាអែលជាអ្នកបម្រើរបស់លោក ព្រោះលោកនៅចាំអំពីសេចក្ដីសន្យាថាលោកនឹងបង្ហាញសេចក្ដីមេត្តាករុណា+
៥៥ ដល់អាប្រាហាំនិងកូនចៅ*របស់គាត់ជារៀងរហូតដូចលោកបានមានប្រសាសន៍ទៅបុព្វបុរសរបស់យើង»។+
៥៦ ម៉ារៀបានស្នាក់នៅជាមួយនឹងអេលីសាបិតអស់ប្រហែលបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
៥៧ លុះអេលីសាបិតគ្រប់ខែហើយ នាងក៏បង្កើតបានកូនប្រុសមួយ។
៥៨ អ្នកជិតខាងនិងញាតិសន្ដានរបស់នាងបានឮថា ព្រះយេហូវ៉ា*បានបង្ហាញសេចក្ដីមេត្តាករុណាយ៉ាងលើសលប់ដល់នាង ហើយពួកគេអរសប្បាយជាមួយនឹងនាង។+
៥៩ នៅថ្ងៃទី៨ ពួកគេបានមកដើម្បីកាត់ចុងស្បែក*ទារកនោះ+ ហើយចង់ដាក់ឈ្មោះថាសាការីតាមឈ្មោះរបស់ឪពុក។
៦០ ប៉ុន្តែ ម្ដាយរបស់ទារកជំទាស់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។
៦១ ឮដូច្នេះ ពួកគេនិយាយទៅកាន់នាងថា៖ «ក្នុងចំណោមញាតិសន្ដានរបស់នាង គ្មានអ្នកណាមានឈ្មោះនោះទេ»។
៦២ រួចមក ពួកគេចាប់ផ្ដើមធ្វើកាយវិការសួរឪពុកទារកនោះថា គាត់ចង់ដាក់ឈ្មោះអ្វីឲ្យកូន។
៦៣ ដូច្នេះ សាការីសុំក្ដារឆ្នួនមួយ រួចសរសេរថា៖ «កូននេះឈ្មោះយ៉ូហាន»។+ ឃើញដូច្នោះ ពួកគេទាំងអស់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ត។
៦៤ រំពេចនោះ មាត់គាត់បានត្រូវបើកឡើង រួចគាត់អាចនិយាយបានវិញ+ ហើយសរសើរតម្កើងព្រះ។
៦៥ ឃើញដូច្នេះ មនុស្សទាំងអស់ដែលរស់នៅក្នុងតំបន់របស់ពួកគាត់ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាំគ្នានិយាយអំពីការទាំងនេះពេញតំបន់ភ្នំក្នុងទឹកដីយូឌា។
៦៦ អស់អ្នកដែលឮបានទុកពាក្យនោះក្នុងចិត្ត ទាំងគិតថា៖ «តើទារកនេះនឹងទៅជាយ៉ាងណា?»។ ព្រោះព្រះយេហូវ៉ា*ពិតជាបាននៅជាមួយនឹងកូននោះមែន។
៦៧ រួចមក សាការីជាឪពុកកូននោះ បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ គាត់ប្រកាសទំនាយថា៖
៦៨ «សូមឲ្យព្រះយេហូវ៉ា*ជាព្រះនៃអ៊ីស្រាអែលទទួលការសរសើរ+ ព្រោះលោកបានអាណិតមេត្តាដល់រាស្ដ្ររបស់លោក ហើយជួយសង្គ្រោះពួកគេ។+
៦៩ លោកក៏បានតែងតាំងអ្នកសង្គ្រោះដ៏ខ្លាំងក្លា*មួយរូប+ពីពូជពង្សដាវីឌដែលជាអ្នកបម្រើរបស់លោក ដើម្បីជួយសង្គ្រោះយើង+
៧០ ដូចលោកបានមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់លោកពីសម័យបុរាណថា+
៧១ លោកនឹងសង្គ្រោះយើងឲ្យរួចពីពួកសត្រូវ និងពីកណ្ដាប់ដៃនៃអស់អ្នកដែលស្អប់យើង+
៧២ ដើម្បីបង្ហាញសេចក្ដីមេត្តាករុណាដោយយល់ដល់បុព្វបុរសរបស់យើង ហើយបង្ហាញថាលោកចាំមិនភ្លេចនូវកិច្ចព្រមព្រៀងបរិសុទ្ធរបស់លោក+
៧៣ គឺពាក្យដែលលោកបានស្បថនឹងអាប្រាហាំជាបុព្វបុរសរបស់យើងថា+
៧៤ ក្រោយពីយើងបានត្រូវសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃពួកសត្រូវ នោះលោកនឹងផ្ដល់កិត្តិយសឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោកដោយចិត្តក្លាហាន
៧៥ ដោយភក្ដីភាពនិងដោយសុចរិត រហូតអស់មួយជីវិតយើង។
៧៦ ចំណែកអ្នកវិញ កូនតូចអើយ គេនឹងហៅអ្នកថាជាអ្នកប្រកាសទំនាយរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះអ្នកនឹងទៅមុនព្រះយេហូវ៉ា* ដើម្បីរៀបចំផ្លូវជូនលោក+
៧៧ និងដើម្បីផ្ដល់ចំណេះដល់រាស្ដ្ររបស់លោកឲ្យពួកគេដឹងថា លោកនឹងសង្គ្រោះពួកគេ ដោយអភ័យទោសចំពោះអំពើខុសឆ្គងរបស់ពួកគេ+
៧៨ ព្រោះលោកដែលជាព្រះរបស់យើងមានសេចក្ដីអាណិតមេត្តា។ ដោយសារសេចក្ដីអាណិតមេត្តានេះ យើងនឹងឃើញពន្លឺភ្លឺមកលើយើង ដូចជាពន្លឺថ្ងៃរះ
៧៩ ដើម្បីបំភ្លឺអស់អ្នកដែលអង្គុយក្នុងទីងងឹត និងក្នុងម្លប់នៃសេចក្ដីស្លាប់+ ហើយដើម្បីតម្រង់ជំហានយើងទៅតាមផ្លូវនៃសេចក្ដីសុខសាន្ត»។
៨០ កូនតូចនោះកាន់តែធំនិងកាន់តែរឹងមាំឡើង ហើយគាត់បាននៅតំបន់ស្ងាត់ជ្រងំ រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់ជនជាតិអ៊ីស្រាអែលជាចំហ។
កំណត់សម្គាល់
^ ឬ«អ្វីដែលគេបង្រៀនអ្នកដោយមាត់ទទេ»
^ មើលនិយមន័យពាក្យ«ហេរ៉ូឌ»
^ ន័យត្រង់«កូនស្រីរបស់អេរ៉ុន»
^ ឬ«ទំនៀមទម្លាប់»
^ ឬ«តាំងពីមិនទាន់កើតមក»
^ ឬ«អ្វីមួយដែលព្រះបានបើកបង្ហាញឲ្យឃើញក្នុងគំនិត»
^ ឬ«កិច្ចបម្រើសាធារណៈ»
^ ន័យត្រង់«ឪពុក»
^ ន័យត្រង់«ពូជ»
^ មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
^ ឬ«ស្នែង»។ មើលនិយមន័យពាក្យ«ស្នែង»