សៀវភៅលូកា ២៤:១-៥៣
២៤ ក៏ប៉ុន្តែ នៅថ្ងៃដំបូងនៃសប្ដាហ៍នោះ ពួកនាងបានទៅទីបញ្ចុះសពតាំងពីព្រលឹមស្រាងៗ ដោយយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទៅជាមួយផង។+
២ ប៉ុន្តែ ពួកនាងឃើញថ្មបានត្រូវប្រមៀលចេញពីទីបញ្ចុះសពហើយ។+
៣ រួចពេលដែលចូលទៅ ពួកនាងមិនឃើញសពរបស់លោកម្ចាស់យេស៊ូឡើយ។+
៤ ពេលដែលពួកនាងកំពុងងឿងឆ្ងល់អំពីរឿងនេះ មើល! បុរសពីរនាក់ដែលមានសម្លៀកបំពាក់ភ្លឺចិញ្ចាចចិញ្ចែងបានឈរក្បែរពួកនាង។
៥ ស្ត្រីទាំងនោះចាប់ផ្ដើមភ័យខ្លាច ហើយឱនមុខចុះ។ ដូច្នេះ បុរសទាំងនោះក៏និយាយទៅកាន់ពួកនាងថា៖ «ហេតុអ្វីពួកនាងមករកលោកដែលមានជីវិតរស់នៅ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?+
៦ លោកមិននៅទីនេះទេ តែលោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ សូមនឹកឃើញអ្វីដែលលោកបានប្រាប់អ្នករាល់គ្នា កាលដែលលោកនៅស្រុកកាលីឡេនៅឡើយ។
៧ លោកបានមានប្រសាសន៍ថា កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយនឹងត្រូវគេព្យួរ តែនៅថ្ងៃទី៣លោកនឹងរស់ឡើងវិញ»។+
៨ ដូច្នេះ ពួកនាងបាននឹកឃើញប្រសាសន៍របស់លោក+
៩ ហើយបានចេញពីទីបញ្ចុះសពត្រឡប់ទៅវិញ ក៏រៀបរាប់អំពីការទាំងអស់នេះប្រាប់សាវ័កទាំង១១នាក់ និងអ្នកកាន់តាមឯទៀតទាំងអស់។+
១០ ស្ត្រីទាំងនេះមានម៉ារៀម៉ាក់ដាឡេន យ៉ូហាណា និងម៉ារៀជាម្ដាយយ៉ាកុប។ ពួកស្ត្រីទាំងប៉ុន្មានទៀតដែលនៅជាមួយនឹងពួកនាងក៏បានរៀបរាប់ប្រាប់ពួកសាវ័កអំពីការទាំងនេះដែរ។
១១ ក៏ប៉ុន្តែ ពួកគេបានគិតថាសម្ដីរបស់ស្ត្រីទាំងនេះគឺមិនសមហេតុសមផលឡើយ ហើយមិនព្រមជឿពួកនាងទេ។
១២ ប៉ុន្តែ ពេត្រុសបានក្រោកឡើងរត់ទៅទីបញ្ចុះសព រួចបានឱនមើល ឃើញតែចម្រៀកក្រណាត់រុំសពប៉ុណ្ណោះ។ ដូច្នេះ គាត់ចេញទៅទាំងងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើង។
១៣ ប៉ុន្តែ មើល! នៅថ្ងៃនោះឯង មានអ្នកកាន់តាមពីរនាក់កំពុងធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ាស ដែលស្ថិតនៅចម្ងាយប្រហែល១១គីឡូម៉ែត្រ*ពីក្រុងយេរូសាឡិម
១៤ ហើយពួកគាត់កំពុងពិភាក្សាគ្នាអំពីការទាំងអស់នេះដែលបានកើតឡើង។
១៥ កាលដែលពួកគាត់កំពុងជជែកនិងពិភាក្សាគ្នា លោកយេស៊ូផ្ទាល់បានចូលទៅជិត ហើយចាប់ផ្ដើមដើរជាមួយនឹងពួកគាត់។
១៦ ប៉ុន្តែ ពួកគាត់មើលលោកមិនស្គាល់ទេ។+
១៧ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នកទាំងពីរកំពុងដើរបណ្ដើរជជែកគ្នាបណ្ដើរអំពីរឿងអ្វី?»។ ពួកគាត់ឈប់ដើរ ហើយមានទឹកមុខព្រួយ។
១៨ ម្នាក់ឈ្មោះក្លេវប៉ាសក៏សួរលោកថា៖ «តើអ្នកជាជនជាតិផ្សេងដែលស្នាក់នៅដាច់ពីគេនៅក្រុងយេរូសាឡិមឬ បានជាមិនដឹង*អំពីការទាំងប៉ុន្មានដែលបានកើតឡើងនាពេលថ្មីៗនេះ?»។
១៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អំពីការអ្វីទៅ?»។ ពួកគាត់និយាយថា៖ «អំពីលោកយេស៊ូពីក្រុងណាសារ៉ែត។+ នៅចំពោះមុខព្រះនិងបណ្ដាជនទាំងឡាយ លោកបានបង្ហាញថាលោកជាអ្នកប្រកាសទំនាយដែលមានឫទ្ធានុភាពខ្លាំងក្លា ទាំងក្នុងការប្រព្រឹត្តទាំងក្នុងពាក្យសម្ដី។+
២០ ក៏ប៉ុន្តែ ពួកសង្ឃនាយកនិងពួកអ្នកគ្រប់គ្រងរបស់យើង បានប្រគល់លោកទៅឲ្យគេកាត់ទោសប្រហារជីវិត+ ហើយបានព្យួរលោកលើបង្គោល។*
២១ ប៉ុន្តែ យើងធ្លាប់សង្ឃឹមថា បុរសនោះជាអ្នកដែលនឹងមកសង្គ្រោះអ៊ីស្រាអែល។+ ក្រៅពីការទាំងនោះ នេះជាថ្ងៃទី៣តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។
២២ ម្យ៉ាងទៀត ស្ត្រីខ្លះពីចំណោមពួកយើងបានធ្វើឲ្យយើងងឿងឆ្ងល់ជាខ្លាំង ពីព្រោះពួកនាងបានទៅទីបញ្ចុះសពតាំងពីព្រលឹម+
២៣ តែពួកនាងមិនបានឃើញសពលោកឡើយ។ ពួកនាងប្រាប់ថាបានឃើញទេវតា ហើយទេវតាប្រាប់ពួកនាងថាលោកកំពុងរស់នៅ។
២៤ បន្ទាប់មក អ្នកខ្លះពីចំណោមយើងបានចេញទៅទីបញ្ចុះសព+ ហើយបានឃើញទីបញ្ចុះសពនៅទទេដូចស្ត្រីទាំងនោះបានប្រាប់ ហើយពួកគាត់ក៏មិនបានឃើញសពលោកដែរ»។
២៥ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ឱមនុស្សដែលមិនព្រមពិចារណា ហើយយឺតនឹងជឿពាក្យទាំងអស់របស់អ្នកប្រកាសទំនាយអើយ!
២៦ គ្រិស្តត្រូវរងទុក្ខដូច្នេះ+ ដើម្បីបានសិរីរុងរឿងដែលលោកត្រូវទទួល មែនទេ?»។+
២៧ រួចលោកចាប់ផ្ដើមបកស្រាយប្រាប់ពួកគាត់នូវអ្វីៗស្ដីអំពីលោកក្នុងបទគម្ពីរទាំងឡាយ ចាប់តាំងពីម៉ូសេនិងពួកអ្នកប្រកាសទំនាយគ្រប់រូប។+
២៨ លុះមកជិតដល់ភូមិដែលពួកគាត់ចង់ទៅ លោកក៏ធ្វើដូចជាដើរហួសពីកន្លែងនោះ។
២៩ ប៉ុន្តែ ពួកគាត់បានបង្ខំលោកថា៖ «ចូរស្នាក់នៅជាមួយនឹងយើងសិន ពីព្រោះជិតល្ងាចហើយ ថែមទាំងថ្ងៃក៏ទាបណាស់ផង»។ ដូច្នេះ លោកបានចូលទៅក្នុងនៅជាមួយនឹងពួកគាត់។
៣០ រួចកាលដែលលោកកំពុងអង្គុយរួមតុជាមួយនឹងពួកគាត់ លោកយកនំប៉័ងមួយដុំ អធិដ្ឋាន កាច់នំប៉័ងនោះ ហើយចាប់ផ្ដើមឲ្យដល់ពួកគាត់។+
៣១ ពេលនោះពួកគាត់ក៏ដឹងច្បាស់ថាគឺជាលោកយេស៊ូ ស្រាប់តែលោកបាត់ភ្លាមពីមុខពួកគាត់។+
៣២ រួចពួកគាត់និយាយគ្នាថា៖ «យើងបានរំភើបចិត្តជាខ្លាំង កាលដែលលោកមានប្រសាសន៍មកយើងតាមផ្លូវ ហើយបានពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីឲ្យយើងយល់ មែនទេ?»។
៣៣ នៅម៉ោងនោះឯង ពួកគាត់បានក្រោកឡើងត្រឡប់ទៅក្រុងយេរូសាឡិមវិញ រួចឃើញសាវ័កទាំង១១នាក់និងអ្នកកាន់តាមឯទៀតនៅជុំគ្នា
៣៤ កំពុងនិយាយថា៖ «លោកម្ចាស់បានត្រូវប្រោសឲ្យរស់ឡើងវិញពិតមែន! ហើយលោកបានលេចមកជួបស៊ីម៉ូន!»។+
៣៥ រួចមក អ្នកកាន់តាមទាំងពីរនោះរៀបរាប់ប្រាប់អំពីហេតុការណ៍ដែលបានកើតឡើងតាមផ្លូវ និងអំពីរបៀបដែលពួកគាត់បានស្គាល់លោកពេលលោកកាច់នំប៉័ង។+
៣៦ កាលដែលពួកគាត់កំពុងនិយាយអំពីការទាំងនេះ លោកបានលេចមកក្នុងចំណោមពួកគាត់ ក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»។+
៣៧ ប៉ុន្តែ ពួកគាត់រន្ធត់ ហើយភ័យខ្លាច ព្រោះនឹកស្មានថាពួកគាត់កំពុងមើលឃើញវិញ្ញាណមួយ។
៣៨ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាភ័យខ្លាច? ហើយហេតុអ្វីបានជាសង្ស័យក្នុងចិត្ត?
៣៩ ចូរមើលដៃនិងជើងរបស់ខ្ញុំ គឺខ្ញុំពិតមែន។ ចូរពាល់ខ្ញុំ ហើយមើលចុះ ពីព្រោះវិញ្ញាណមិនមានសាច់និងឆ្អឹងដូចអ្នកឃើញថាខ្ញុំមាននោះទេ»។
៤០ កាលដែលកំពុងមានប្រសាសន៍ លោកបានបង្ហាញដៃនិងជើងរបស់លោកឲ្យពួកគាត់ឃើញ។
៤១ ពួកគាត់ក៏ត្រេកអរក្រៃលែង ហើយភ្ញាក់ផ្អើលខ្លាំងដល់ម្ល៉េះ បានជាពួកគាត់ពិបាកជឿថានោះជាការពិត ដូច្នេះលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើនៅទីនេះមានអ្វីបរិភោគទេ?»។
៤២ ពួកគាត់ក៏ហុចត្រីអាំងមួយដុំជូនលោក
៤៣ ហើយលោកយកមកពិសានៅមុខពួកគាត់។
៤៤ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរនឹកឃើញសម្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នាកាលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ+ គឺអ្វីៗទាំងអស់ដែលបានត្រូវសរសេរអំពីខ្ញុំក្នុងច្បាប់ម៉ូសេ ក្នុងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ និងក្នុងចម្រៀងសរសើរព្រះ ត្រូវតែកើតឡើងយ៉ាងពិតប្រាកដ»។+
៤៥ រួចលោកបានជួយពួកគាត់ឲ្យយល់យ៉ាងពេញលេញនូវអត្ថន័យនៃបទគម្ពីរ+
៤៦ ហើយលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «បទគម្ពីរបានចែងដូច្នេះថា គ្រិស្តនឹងរងទុក្ខ រួចនៅថ្ងៃទី៣លោកនឹងរស់ឡើងវិញពីចំណោមមនុស្សស្លាប់+
៤៧ ហើយនឹងមានការផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិថា+ ពួកគេត្រូវប្រែចិត្តដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង+ ដោយសារនាមរបស់លោក។ ការផ្សព្វផ្សាយនេះនឹងចាប់ផ្ដើមពីក្រុងយេរូសាឡិម។+
៤៨ អ្នករាល់គ្នាត្រូវធ្វើជាសាក្សីអំពីការទាំងនេះ។+
៤៩ មើល! ខ្ញុំនឹងផ្ដល់ឲ្យអ្នកនូវអ្វីដែលបិតាខ្ញុំបានសន្យាថានឹងឲ្យអ្នក។ ប៉ុន្តែ ចូរអ្នករាល់គ្នានៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាទទួលឫទ្ធានុភាពពីស្ថានលើ»។+
៥០ បន្ទាប់មក លោកបាននាំពួកគាត់ចេញទៅរហូតដល់ភូមិបេថានី រួចលោកលើកដៃឡើងឲ្យពរពួកគាត់។
៥១ កាលដែលលោកកំពុងឲ្យពរ លោកចាកចេញពីពួកគាត់ ហើយព្រះយកលោកឡើងទៅស្ថានសួគ៌។+
៥២ ពួកគាត់បានលំឱនកាយគោរពលោក រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយមានអំណរពន់ពេក។+
៥៣ ក្រោយពីនោះ ពួកគាត់សរសើរតម្កើងព្រះក្នុងវិហារជានិច្ច។+
កំណត់សម្គាល់
^ ន័យត្រង់«៦០ស្ដាដ»។ មួយស្ដាដស្មើនឹង១៨៥ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬប្រហែលជាមានន័យថា«តើអ្នកមកលេងក្រុងយេរូសាឡិមឬ បានជាមិនដឹង»
^ ឬ«បានបោះដែកគោលភ្ជាប់លោកនឹងបង្គោលឈើ»។ មើលនិយមន័យពាក្យ«បង្គោល»