សៀវភៅលូកា ៧:១-៥០
-
ជំនឿរបស់នាយទាហានម្នាក់ (១-១០)
-
លោកយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ នៅក្រុងណេអ៊ីន (១១-១៧)
-
យ៉ូហានដែលជាអ្នកជ្រមុជទឹកបានទទួលការសរសើរ (១៨-៣០)
-
ការផ្ដន្ទាទោសជំនាន់មនុស្សដែលមិនព្រមស្ដាប់ (៣១-៣៥)
-
ស្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងបានត្រូវអភ័យទោស (៣៦-៥០)
-
ឧទាហរណ៍អំពីអ្នកជំពាក់ប្រាក់ (៤១-៤៣)
-
៧ ក្រោយមានប្រសាសន៍ទៅបណ្ដាជនរួចហើយ លោកបានចូលទៅក្នុងក្រុងកាពើណិម។
២ នៅក្រុងនោះ មាននាយទាហានម្នាក់ គាត់មានខ្ញុំបម្រើដែលឈឺជិតស្លាប់ ហើយគាត់ស្រឡាញ់ខ្ញុំបម្រើនោះណាស់។+
៣ ពេលឮថាលោកយេស៊ូមក នាយទាហាននោះក៏ចាត់ពួកបុរសចាស់ទុំជនជាតិយូដាខ្លះ ឲ្យទៅអង្វរសុំលោកឲ្យមក ដើម្បីធ្វើឲ្យខ្ញុំបម្រើរបស់គាត់ជាសះស្បើយ។
៤ ពួកគេបានចូលមកជិតលោកយេស៊ូ ហើយចាប់ផ្ដើមទទូចអង្វរថា៖ «គាត់សមនឹងទទួលជំនួយពីលោក
៥ ព្រោះគាត់ស្រឡាញ់ជនជាតិយើង ហើយក៏បានសាងសង់សាលាប្រជុំរបស់យើងដែរ»។
៦ ដូច្នេះ លោកយេស៊ូក៏ចេញទៅជាមួយនឹងពួកគេ។ ប៉ុន្តែ ពេលដែលលោកទៅជិតដល់ផ្ទះនោះ នាយទាហានបានចាត់មិត្តភក្ដិឲ្យទៅជម្រាបលោកថា៖ «លោកមិនចាំបាច់អញ្ជើញមកទេ ព្រោះខ្ញុំមិនសមនឹងទទួលលោកចូលក្នុងផ្ទះខ្ញុំឡើយ។+
៧ ហេតុនេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនសមនឹងទៅជួបលោកដោយផ្ទាល់នោះទេ។ ប៉ុន្តែ សូមលោកគ្រាន់តែមានប្រសាសន៍ប៉ុណ្ណោះ នោះអ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយ។
៨ ព្រោះខ្ញុំក៏នៅក្រោមបង្គាប់គេដែរ ហើយក៏មានកូនទាហានដែលនៅក្រោមបង្គាប់ខ្ញុំ។ បើខ្ញុំបង្គាប់អ្នកណាឲ្យ‹ទៅ!› អ្នកនោះក៏ទៅ ហើយបើខ្ញុំបង្គាប់អ្នកណាឲ្យ‹មក!› អ្នកនោះក៏មក។ បើខ្ញុំបង្គាប់ខ្ញុំបម្រើរបស់ខ្ញុំឲ្យ‹ធ្វើការនេះ!› គាត់ក៏ធ្វើតាម»។
៩ ពេលឮពាក្យទាំងនេះ លោកយេស៊ូក៏នឹកអស្ចារ្យក្នុងចិត្តចំពោះនាយទាហាននោះ រួចលោកបែរទៅបណ្ដាជនដែលដើរតាមលោក ហើយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែក្នុងស្រុកអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងយ៉ាងនេះទេ»។+
១០ រួចពួកអ្នកដែលនាយទាហានបានចាត់នោះ ក៏ត្រឡប់ទៅផ្ទះវិញ។ លុះទៅដល់ ពួកគេឃើញថាខ្ញុំបម្រើនោះមានសុខភាពល្អឡើងវិញហើយ។+
១១ មិនយូរក្រោយពីនោះ លោកបានធ្វើដំណើរទៅក្រុងមួយហៅថាណេអ៊ីន ហើយពួកអ្នកកាន់តាមនិងមនុស្សមួយក្រុមធំក៏ធ្វើដំណើរជាមួយនឹងលោកដែរ។
១២ លុះទៅជិតដល់ខ្លោងទ្វារក្រុង មានគេសែងសពបុរសម្នាក់។ គាត់ជាកូនប្រុសតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់។+ ពេលនោះ មនុស្សមួយក្រុមធំពីក្រុងនោះ ក៏ហែសពជាមួយនឹងនាងដែរ។
១៣ ពេលដែលលោកម្ចាស់យេស៊ូក្រឡេកទៅឃើញនាង លោកមានចិត្តក្ដួលអាណិត+ ក៏មានប្រសាសន៍ទៅនាងថា៖ «ឈប់យំទៅ»។+
១៤ បន្ទាប់មក លោកដើរទៅជិត ហើយពាល់គ្រែស្នែង នោះពួកអ្នកសែងក៏ឈប់។ រួចលោកមានប្រសាសន៍ថា៖ «អ្នកកំលោះអើយ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!»។+
១៥ ឯបុរសដែលស្លាប់នោះក៏ងើបឡើងអង្គុយ ហើយចាប់ផ្ដើមនិយាយ រួចលោកយេស៊ូប្រគល់គាត់ឲ្យម្ដាយគាត់វិញ។+
១៦ ពួកគេទាំងអស់គ្នាក៏ស្ញែងខ្លាច រួចចាប់ផ្ដើមសរសើរតម្កើងព្រះថា៖ «ព្រះបានតែងតាំងអ្នកប្រកាសទំនាយដ៏ឧត្ដមម្នាក់ក្នុងចំណោមយើង»+ ហើយថា៖ «ព្រះបាននឹកចាំរាស្ដ្ររបស់លោក»។+
១៧ ដំណឹងនេះអំពីលោកបានឮសុសសាយពេញតំបន់យូឌាទាំងមូលនិងតំបន់នៅជុំវិញ។
១៨ ឯពួកអ្នកកាន់តាមយ៉ូហានវិញ ពួកគេបាននាំដំណឹងទាំងនេះទៅប្រាប់គាត់។+
១៩ ដូច្នេះ យ៉ូហានបានហៅអ្នកកាន់តាមពីរនាក់មក ហើយឲ្យពួកគេទៅសួរលោកម្ចាស់យេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ?+ ឬក៏យើងត្រូវរង់ចាំអ្នកផ្សេងទៀត?»។
២០ ម្ល៉ោះហើយ ពួកគេបានទៅឯលោក ហើយនិយាយថា៖ «យ៉ូហានជាអ្នកជ្រមុជទឹកបានចាត់ពួកខ្ញុំឲ្យមកសួរលោកថា៖ ‹តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏យើងត្រូវរង់ចាំអ្នកផ្សេងទៀត?›»។
២១ នៅពេលនោះ លោកបានធ្វើឲ្យមនុស្សជាច្រើនជាពីរោគាផ្សេងៗ+ និងជាពីជំងឺធ្ងន់ធ្ងរ ហើយបានធ្វើឲ្យមនុស្សងងឹតភ្នែកជាច្រើននាក់មើលឃើញឡើងវិញ ថែមទាំងបានបណ្ដេញពួកវិញ្ញាណអាក្រក់ចេញពីមនុស្សទៀតផង។
២២ ដូច្នេះ លោកតបឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់យ៉ូហានអំពីអ្វីដែលអ្នកបានឮនិងឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ+ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ+ មនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្រកំពុងស្ដាប់ដំណឹងល្អ។+
២៣ ដូច្នេះ អ្នកណាដែលមិនរកហេតុសង្ស័យលើខ្ញុំ* អ្នកនោះមានសុភមង្គលហើយ»។+
២៤ លុះអ្នកកាន់តាមពីរនាក់របស់យ៉ូហានចេញទៅ លោកយេស៊ូមានប្រសាសន៍ទៅកាន់បណ្ដាជនអំពីយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅតំបន់ស្ងាត់ជ្រងំដើម្បីមើលអ្វី? តើទៅមើលដើមត្រែងមួយដែលយោលចុះយោលឡើងតាមខ្យល់ឬ?+
២៥ បើមិនដូច្នេះទេ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលបុរសម្នាក់ដែលមានសម្លៀកបំពាក់ទន់ល្មឿយ*ឬ?+ មិនមែនទេ ព្រោះពួកអ្នកដែលរស់នៅក្នុងលំនៅស្ដេច ទើបមានសម្លៀកបំពាក់ប្រណីតនិងរបស់របរល្អវិសេស។
២៦ បើពុំនោះទេ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលអ្នកប្រកាសទំនាយឬ? ត្រូវហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់សំខាន់ជាងអ្នកប្រកាសទំនាយទៅទៀត។+
២៧ គឺអ្នកនោះហើយដែលបានត្រូវកត់ទុកថា៖ ‹មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក›។+
២៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាធំជាងយ៉ូហានទេ។ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងរាជាណាចក្ររបស់ព្រះ គឺធំជាងគាត់»+
២៩ (ពេលឮដូច្នេះ បណ្ដាជនទាំងឡាយនិងពួកអ្នកយកពន្ធបានប្រកាសថាព្រះគឺសុចរិត ពីព្រោះពួកគេបានទទួលការជ្រមុជទឹកពីយ៉ូហាន។+
៣០ ប៉ុន្តែ ពួកផារិស៊ីនិងពួកអ្នកចេះច្បាប់*ស្ទាត់មិនបានធ្វើតាមឱវាទ*ដែលព្រះផ្ដល់ឲ្យពួកគេឡើយ+ ដោយសារពួកគេមិនបានទទួលការជ្រមុជទឹកពីយ៉ូហាន)។
៣១ លោកយេស៊ូមានប្រសាសន៍តទៅទៀតថា៖ «តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងអ្នកណា? តើមនុស្សជំនាន់នេះដូចអ្នកណា?+
៣២ ពួកគេគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកដាក់គ្នាថា៖ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានទ្រហោយំ តែឯងរាល់គ្នាមិនបានយំទេ›។
៣៣ ដូចគ្នាដែរ ពេលដែលយ៉ូហានជាអ្នកជ្រមុជទឹកមក គាត់មិនបានពិសាអាហារពិសាស្រាទេ+ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។
៣៤ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារពិសាស្រា ប៉ុន្តែគេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកល្មោភស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង!›។+
៣៥ ទោះជាយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។+
៣៦ មានផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូន គាត់អញ្ជើញលោកយេស៊ូម្ដងហើយម្ដងទៀតឲ្យទៅបរិភោគអាហារជាមួយនឹងគាត់។ ម្ល៉ោះហើយ លោកក៏ចូលក្នុងផ្ទះរបស់ផារិស៊ីនោះ រួចអង្គុយនៅតុ។
៣៧ មើល! មានស្ត្រីម្នាក់ដែលអ្នកក្រុងស្គាល់ជាទូទៅថាជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង នាងបានឮថាលោកកំពុងបរិភោគអាហារនៅផ្ទះរបស់ផារិស៊ីនោះ។ ដូច្នេះ នាងបានយកប្រេងក្រអូបក្នុងដបថ្មកែវទៅជាមួយ។+
៣៨ លុះទៅដល់ នាងបានលុតជង្គង់ពីក្រោយលោក ហើយចាប់ផ្ដើមយំសម្រក់ទឹកភ្នែកលើជើងលោក រួចយកសក់នាងមកជូត។ នាងថែមទាំងថើបជើងលោកថ្នមៗ ហើយក៏យកប្រេងក្រអូបមកចាក់លាបផង។
៣៩ ពេលឃើញដូច្នេះ ផារិស៊ីដែលបានអញ្ជើញលោក ក៏គិតក្នុងចិត្តថា៖ «ប្រសិនបើបុរសនេះជាអ្នកប្រកាសទំនាយមែន លោកច្បាស់ជាជ្រាបថាស្ត្រីដែលកំពុងពាល់លោកនេះ ជាស្ត្រីបែបណាហើយ ព្រោះនាងជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។+
៤០ ប៉ុន្តែ លោកយេស៊ូជ្រាបអំពីគំនិតរបស់គាត់ ដូច្នេះលោកមានប្រសាសន៍ទៅគាត់ថា៖ «ស៊ីម៉ូន ខ្ញុំចង់ប្រាប់អ្នករឿងមួយ»។ គាត់ឆ្លើយថា៖ «អញ្ជើញមានប្រសាសន៍មកលោកគ្រូ!»។
៤១ «មានបុរសពីរនាក់ជំពាក់ប្រាក់គេ។ ម្នាក់ជំពាក់ប្រាក់៥០០ឌីណារី* ឯម្នាក់ទៀតជំពាក់ប្រាក់៥០ឌីណារី។
៤២ ពេលដែលពួកគេគ្មានអ្វីសង នោះម្ចាស់បំណុលបានឲ្យពួកគេទាំងពីរនាក់រួចបំណុល។* ដូច្នេះ តើអ្នកគិតថាបុរសមួយណានឹងស្រឡាញ់ម្ចាស់បំណុលខ្លាំងជាង?»។
៤៣ ស៊ីម៉ូនឆ្លើយថា៖ «តាមគំនិតខ្ញុំ គឺបុរសដែលជំពាក់បំណុលច្រើនជាង»។ លោកមានប្រសាសន៍ថា៖ «អ្នកឆ្លើយត្រូវហើយ»។
៤៤ រួចលោកបែរទៅរកស្ត្រីនោះ ហើយមានប្រសាសន៍ទៅស៊ីម៉ូនថា៖ «តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលផ្ទះរបស់អ្នក តែអ្នកមិនបានឲ្យទឹកសម្រាប់លាងជើងខ្ញុំទេ។ ក៏ប៉ុន្តែ ស្ត្រីនេះបានផ្សើមជើងខ្ញុំដោយទឹកភ្នែករបស់នាង ហើយបានយកសក់មកជូតផង។
៤៥ អ្នកមិនបានថើបខ្ញុំទេ តែតាំងពីពេលដែលខ្ញុំចូលមក ស្ត្រីនេះបានថើបជើងខ្ញុំថ្នមៗឥតឈប់។
៤៦ អ្នកមិនបានចាក់ប្រេងលាបក្បាលខ្ញុំទេ តែស្ត្រីនេះបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។
៤៧ ម្ល៉ោះហើយ ខ្ញុំប្រាប់អ្នកថា ពិតមែនតែនាងបានធ្វើខុសជាច្រើន តែនាងបានទទួលការអភ័យទោសចំពោះអំពើខុសឆ្គងទាំងនោះហើយ+ ហេតុនេះនាងបានបង្ហាញសេចក្ដីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលបានទទួលការអភ័យទោសចំពោះអំពើខុសឆ្គងតិចតួច អ្នកនោះបង្ហាញសេចក្ដីស្រឡាញ់តិចតួច»។
៤៨ រួចលោកមានប្រសាសន៍ទៅនាងថា៖ «អំពើខុសឆ្គងរបស់នាងបានត្រូវអភ័យទោសឲ្យហើយ»។+
៤៩ ឮដូច្នេះ ពួកអ្នកដែលកំពុងរួមតុជាមួយនឹងលោក ក៏រិះគិតក្នុងចិត្តថា៖ «តើបុរសនេះជាអ្នកណា សូម្បីតែអំពើខុសឆ្គងក៏លោកអាចអភ័យទោសឲ្យបានដែរ?»។+
៥០ ប៉ុន្តែ លោកមានប្រសាសន៍ទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ+ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
កំណត់សម្គាល់
^ ន័យត្រង់«អ្នកណាដែលគ្មានហេតុជំពប់ដួលដោយសារខ្ញុំ»
^ ឬ«សម្លៀកបំពាក់ប្រណីត»
^ នេះសំដៅលើច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ
^ ឬ«ការណែនាំ»
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ន័យត្រង់«បានអភ័យទោសឲ្យពួកគេដោយគ្មានល័ក្ខខ័ណ្ឌ»