អេសាយ ៣៤:១-១៧
៣៤ ឱប្រជាជាតិនានាអើយ! ចូរមកជិតហើយស្ដាប់ចុះ!
ឱបណ្ដាជនទាំងឡាយអើយ! ចូរស្ដាប់យ៉ាងយកចិត្តទុកដាក់។
ឱផែនដីនិងអ្វីដែលមាននៅលើនោះ ចូរប្រុងស្ដាប់ចុះ!
ចូរឲ្យទឹកដីនិងភោគផលទាំងអស់ត្រងត្រាប់ស្ដាប់។
២ ព្រោះកំហឹងរបស់ព្រះយេហូវ៉ាទាស់នឹងប្រជាជាតិទាំងឡាយ+ហើយសេចក្ដីក្រោធរបស់លោកប្រឆាំងនឹងពលទ័ពរបស់ពួកគេ។+
លោកនឹងបំផ្លាញពួកគេឲ្យសាបសូន្យទៅ គឺលោកនឹងប្រហារជីវិតពួកគេ។+
៣ សាកសពរបស់ពួកគេនឹងត្រូវទុកចោលហើយក្លិនស្អុយពីសពទាំងនោះនឹងសាយភាយឡើង+ឯឈាមរបស់ពួកគេនឹងហូរស្រោចស្រពលើភ្នំទាំងឡាយ។+
៤ កងទ័ពទាំងអស់នៅលើមេឃ*នឹងវិនាសទៅហើយមេឃនឹងត្រូវមូរដូចជារមូរ។
ពលទ័ពទាំងឡាយរបស់ពួកគេនឹងសាបសូន្យទៅដូចជាស្លឹកទំពាំងបាយជូរក្រៀមស្រពោនជ្រុះចាកមែកនិងដូចជាផ្លែល្វា*ស្វិតជ្រុះពីដើម។
៥ «ព្រោះនៅលើមេឃ ដាវខ្ញុំនឹងត្រូវប្រឡាក់ជោកជាំ។+
ខ្ញុំនឹងប្រើដាវនេះដើម្បីវិនិច្ឆ័យទោសស្រុកអេដំ+គឺបណ្ដាជនដែលខ្ញុំបានសម្រេចចិត្តបំផ្លាញចោល។
៦ ដាវរបស់ព្រះយេហូវ៉ានឹងជោកជាំដោយឈាមជាឈាមរបស់ចៀមឈ្មោលនិងឈាមពពែថែមទាំងជោកជាំដោយខ្លាញ់ផងដែរ+ជាខ្លាញ់ជាប់តម្រងនោមរបស់ចៀមឈ្មោល។
ព្រោះព្រះយេហូវ៉ាមានគ្រឿងបូជានៅក្រុងបូសរ៉ាគឺជាការប្រហារដ៏ធំសម្បើមនៅស្រុកអេដំ។+
៧ គោព្រៃនឹងចុះទៅជាមួយនឹងពួកវា គឺគោស្ទាវនិងគោបាមាំៗ។
ស្រុករបស់ពួកគេនឹងត្រូវពេញទៅដោយឈាមឯដីរបស់ពួកគេវិញ ក៏នឹងជោកជាំដោយខ្លាញ់ដែរ»។
៨ ព្រោះព្រះយេហូវ៉ាមានថ្ងៃនៃការសងសឹក+ហើយក៏មានឆ្នាំជម្រះបញ្ជីពួកគេជំនួសបណ្ដាជននៅក្រុងស៊ីយ៉ូនដែរ។+
៩ ទឹកអូរទាំងប៉ុន្មាននៅក្រុងនោះ*នឹងប្រែទៅជាជ័រខ្មៅហើយធូលីនឹងប្រែទៅជាស្ពាន់ធ័រ។
ទឹកដីទាំងមូលនឹងដូចជាជ័រដែលកំពុងឆេះហុយទ្រលោម
១០ គឺឆេះទាំងយប់ទាំងថ្ងៃ មិនអាចពន្លត់បានឡើយ។
ឯផ្សែងវិញ ចេះតែហុយខ្មួលខ្មាញ់ជានិច្ច។
ក្រុងនោះនឹងត្រូវវិនាសហិនហោចជាដរាបគ្រប់ជំនាន់តទៅហើយគ្មានអ្នកណាធ្វើដំណើរកាត់តាមក្រុងនោះជារៀងរហូត។+
១១ សត្វទុងនិងសត្វកាំប្រមានឹងរស់នៅទីនោះហើយសត្វទីទុយ*និងក្អែកក៏នឹងមានជម្រកនៅទីនោះដែរ។
ដោយប្រើខ្សែនិងប្រយោល ព្រះនឹងវាស់ស្រុកនោះដើម្បីបង្ហាញថាស្រុកនោះនឹងត្រូវបំផ្លាញហើយនៅទទេ។
១២ គ្មានអ្នកធំណាម្នាក់ នឹងត្រូវហៅឲ្យទៅគ្រងរាជ្យនោះទេហើយពួកអ្នកដឹកនាំទាំងអស់ក៏នឹងសាបសូន្យដែរ។
១៣ បន្លានឹងដុះពេញប៉មរឹងមាំទាំងប៉ុន្មានក្នុងក្រុងនោះហើយក៏មានដើមបន្លានិងស្មៅចង្រៃដុះពេញបន្ទាយនានាដែរ។
ក្រុងនោះនឹងទៅជាជម្រកឆ្កែព្រៃ+ និងជាលំនៅរបស់សត្វអូទ្រីសវិញ។
១៤ សត្វដែលរស់នៅតំបន់ស្ងាត់ជ្រងំនឹងនៅជុំគ្នាជាមួយនឹងសត្វដែលចេះលូហើយពពែព្រៃ*នឹងហៅរកគ្នា។
ឯបក្សីពព្លាក់*នឹងធ្វើសម្បុកហើយរស់នៅទីនោះ។
១៥ សត្វពស់ធ្វើសម្បុកនិងពងនៅទីនោះ ហើយភ្ញាស់កូន និងការពារកូនវា។
នៅទីនោះ មានហ្វូងខ្លែងប្រមូលផ្គុំគ្នាជាគូៗ។
១៦ ចូរស្វែងរកក្នុងសៀវភៅរបស់ព្រះយេហូវ៉ា ហើយអានឲ្យឮៗថា៖
គ្មានសត្វណាមួយអាក់ខានឡើយ។ ពួកវាទាំងអស់សុទ្ធតែមានគូព្រោះព្រះយេហូវ៉ាបានចេញបង្គាប់ហើយពួកវាបានប្រមូលផ្ដុំគ្នាដោយឫទ្ធានុភាពរបស់លោក។
១៧ លោកគឺជាអ្នកដែលចាប់ឆ្នោតឲ្យពួកវាហើយលោកវាស់ទីតាំងឲ្យពួកវារស់នៅដោយដៃលោកផ្ទាល់។ពួកវានឹងរស់នៅទីនោះជាដរាប គឺអាស្រ័យនៅទីនោះគ្រប់ជំនាន់តរៀងទៅ។
កំណត់សម្គាល់
^ ឬ«ស្ថានសួគ៌»
^ ឬ«ល្វាតូច»
^ តាមមើលនេះសំដៅលើក្រុងបូសរ៉ាដែលជារាជធានីនៃស្រុកអេដំ
^ ឬ«ទីទុយត្រចៀកវែង»
^ ឬប្រហែលជាមានន័យថា«វិញ្ញាណកំណាចដែលមានរូបរាងដូចពពែ»
^ ឈ្មោះបក្សីមួយប្រភេទមានសម្បុរពព្លាក់ វេលាថ្ងៃវាក្រាបលាក់ខ្លួន វេលាយប់វាចេញរកចំណី