អេសាយ ៥:១-៣០

  • ចម្រៀង​អំពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា (​១​-​៧)

  • វេទនា​ដល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា (​៨​-​២៤)

  • កំហឹង​របស់​ព្រះ​ទាស់​នឹង​រាស្ត្រ​របស់​លោក (​២៥​-​៣០)

 ខ្ញុំ​សូម​ច្រៀង​ជូន​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំគឺ​ចម្រៀង​មួយ​អំពី​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​និង​អំពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់។+ អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​នៅ​ជើង​ភ្នំ​ដែល​មាន​ជី​ជាតិ។  ២  គាត់​កាប់​គាស់​ដី ហើយ​ប្រមូល​យក​ថ្ម​ចេញ។ រួច​គាត់​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ល្អ​ពូជ​ក្រហមហើយ​សង់​ប៉ម​នៅ​កណ្ដាល​ចម្ការ​ទំពាំង​បាយ​ជូរថែម​ទាំង​ធ្វើ​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​ទៀត​ផង។+ គាត់​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អតែ​ចម្ការ​នោះ​បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​ទំពាំង​បាយ​ជូរ​ព្រៃ​វិញ។+  ៣  ​«​ឥឡូវ​នេះ ឱ​អ្នក​ក្រុង​យេរូសាឡិម​និង​អ្នក​ស្រុក​យូដា​អើយ! សូម​ជួយ​វិនិច្ឆ័យ​រវាង​ខ្ញុំ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ​ផង។+  ៤  ខ្ញុំ​បាន​ខំ​អស់​ពី​សមត្ថភាព​ហើយ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៀត​ទៅ?+ ខ្ញុំ​សង្ឃឹម​ថា​ចម្ការ​នេះ​នឹង​បង្កើត​ផ្លែ​ល្អតែ​ហេតុ​អ្វី​វា​បែរ​ជា​បង្កើត​ផ្លែ​ទំពាំង​បាយ​ជូរ​ព្រៃ​ទៅ​វិញ?  ៥  ខ្ញុំ​សូម​ប្រាប់​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ចំពោះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំគឺ​ខ្ញុំ​នឹង​កាប់​របង*ចម្ការ​ចេញ ហើយ​ដុត​បំផ្លាញ​ចោល។+ ខ្ញុំ​នឹង​រំលំ​របង​ថ្ម​ចម្ការ​នេះ ហើយ​ឲ្យ​គេ​ចូល​ជាន់​ឈ្លី។  ៦  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ចម្ការ​នេះ​ដូច​ជា​ចម្ការ​ដែល​គេ​បោះ​បង់​ចោល+គ្មាន​នរណា​លួស​ឬ​ជ្រួយ​ដី​ទៀត​ឡើយ។ ចម្ការ​នេះ​នឹង​ដុះ​សុទ្ធ​តែ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ+ហើយ​ខ្ញុំ​នឹង​បង្គាប់​ពពក​កុំ​ឲ្យ​ធ្លាក់​ភ្លៀង​ទៅ​លើ​ចម្ការ​នេះ​ទៀត។+  ៧  ព្រោះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​គឺ​ជា​ពូជ​ពង្ស​អ៊ីស្រាអែល។+ អ្នក​ស្រុក​យូដា​ធ្លាប់​ជា​ដំណាំ​ដែល​លោក​ពេញ​ចិត្ត។ លោក​សង្ឃឹម​ថា​មាន​យុត្តិធម៌+ តែ​មើល! មាន​សុទ្ធ​តែ​អយុត្តិធម៌លោក​សង្ឃឹម​ថា​មាន​សេចក្ដី​សុចរិតតែ​មើល! មាន​សុទ្ធ​តែ​សម្រែក​នៃ​ការ​ឈឺ​ចាប់​វិញ​»។+  ៨  វេទនា​ហើយ! អស់​អ្នក​ដែល​យក​ផ្ទះ​មួយ​ហើយ​មួយ​ទៀត+និង​អស់​អ្នក​ដែល​យក​ដី​ស្រែ​មួយ​ហើយ​មួយ​ទៀត+រហូត​ដល់​អស់​គ្មាន​សល់ ហើយ​មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​រស់​នៅ​ក្នុង​ស្រុក!  ៩  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថាពិត​មែន​តែ​មាន​ផ្ទះ​ធំ​ស្អាត​ៗ​ជា​ច្រើនតែ​ផ្ទះ​ទាំង​នោះ​នឹង​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ខ្លាចហើយ​នឹង​គ្មាន​អ្នក​ណា​នៅ​ទេ។+ ១០  ដី​ចម្ការ​ទំពាំង​បាយ​ជូរ​បួន​ហិចតា​នឹង​បង្កើត​ផល​បាន​តែ​មួយ​បាត*ប៉ុណ្ណោះឯ​គ្រាប់​ពូជ​មួយ​ហូម៉ើរ*នឹង​បង្កើត​ផល​បាន​តែ​មួយ​អេហ្វា*វិញ។+ ១១  វេទនា​ហើយ! អស់​អ្នក​ដែល​ក្រោក​ឡើង​ផឹក​ស្រា​តាំង​ពី​ព្រលឹម+ហើយ​ផឹក​ទល់​ព្រលប់​រហូត​ដល់​ស្រវឹង​ជោក​ជាំ! ១២  ពួក​គេ​មាន​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែស្គរ​ដៃ ខ្លុយ និង​ស្រា​ក្នុង​ពិធី​ជប់​លៀង​របស់​ពួក​គេប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ទេហើយ​ក៏​មិន​អើពើ​នឹង​ស្នា​ដៃ​របស់​លោក​ដែរ។ ១៣  ដូច្នេះ រាស្ត្រ​របស់​ខ្ញុំ​នឹង​ត្រូវ​និរទេស ព្រោះ​ពួក​គេ​គ្មាន​ចំណេះ​អំពី​ខ្ញុំ​ទេ។+ ឯ​ពួក​បុរស​ដែល​មាន​កិត្តិយស​នឹង​ត្រូវ​អត់​ឃ្លាន+ហើយ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​រង​ទុក្ខ​ដោយ​សារ​ស្រេក​ទឹក។ ១៤  ដូច្នេះ ផ្នូរ*បាន​ពង្រីក​ខ្លួន​វា​យ៉ាង​ធំ​ទូលាយហើយ​ហា​មាត់​ធំ​គ្មាន​ដែន​កំណត់+រួច​ពួក​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់ ព្រម​ទាំង​ក្រុម​មនុស្ស​អ៊ូអរ និង​ពួក​អ្នក​ជប់​លៀង​សប្បាយ​ឥត​បើ​គិតពួក​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​ផ្នូរ​នោះ​ជា​មិន​ខាន។ ១៥  មនុស្សជាតិ​នឹង​ត្រូវ​អាប់​ឱន ពួក​គេ​នឹង​ត្រូវ​បន្ទាប​ចុះហើយ​មនុស្ស​ក្រអឺត​ក្រទម​នឹង​ត្រូវ​បាក់​មុខ។ ១៦  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នឹង​ត្រូវ​លើក​តម្កើង​តាម​រយៈ​យុត្តិធម៌​របស់​លោកព្រះ​ពិត​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ+នឹង​បង្ហាញ​ភាព​បរិសុទ្ធ​របស់​លោក​តាម​រយៈ​សេចក្ដី​សុចរិត។+ ១៧  កូន​ចៀម​នឹង​ស៊ី​ស្មៅ​ដោយ​សេរី​ដូច​ជា​នៅ​វាល​ស្មៅ​របស់​វាឯ​ជន​បរទេស​នឹង​មាន​អាហារ​បរិភោគ​នៅ​ទី​ស្ងាត់​ជ្រងំ​ជា​កន្លែង​ដែល​សត្វ​ធំ​ធាត់​ធ្លាប់​រស់​នៅ។ ១៨  អស់​អ្នក​ដែល​កុហក​នឹង​វេទនា​ហើយ! ពួក​គេ​នៅ​ជាប់​ទោស​កំហុស​និង​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ដូច​ជា​សត្វ​ដែល​អូស​រទេះ។ ១៩  ពួក​គេ​ចំអក​ឲ្យ​ព្រះ​ថា​៖ ​«​សូម​ឲ្យ​លោក​ប្រញាប់​សម្រេច​កិច្ច​ការ​របស់​លោក​ទៅហើយ​បង្ហើយ​កិច្ច​ការ​របស់​លោក​យ៉ាង​ឆាប់​ចុះ ដើម្បី​យើង​អាច​ឃើញ​ផង។ សូម​ឲ្យ​បំណង​ប្រាថ្នា*របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​សម្រេចដើម្បី​យើង​អាច​ស្គាល់​ដែរ!​»។+ ២០  វេទនា​ហើយ! អស់​អ្នក​ដែល​ចាត់​ទុក​សេចក្ដី​ល្អ​ថា​អាក្រក់​និង​សេចក្ដី​អាក្រក់​ថា​ល្អ​វិញ។+ វេទនា​ហើយ! អស់​អ្នក​ដែល​យក​ភាព​ងងឹត​ជា​ពន្លឺ​និង​យក​ពន្លឺ​ជា​ភាព​ងងឹត​វិញ។ វេទនា​ហើយ! អស់​អ្នក​ដែល​យក​សេចក្ដី​ជូរ​ល្វីង​ជា​ផ្អែម​និង​យក​សេចក្ដី​ផ្អែម​ជា​ជូរ​ល្វីង​វិញ។ ២១  វេទនា​ហើយ! អស់​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​ប្រាជ្ញាហើយ​គិត​ថា​ខ្លួន​ចេះ​ពិចារណា!+ ២២  វេទនា​ហើយ! អស់​អ្នក​ដែល​ពូកែ​ផឹក​ស្រានិង​អ្នក​ដែល​ពូកែ​លាយ​គ្រឿង​ស្រវឹង។+ ២៣  វេទនា​ហើយ! អស់​អ្នក​ដែល​លើក​លែង​ទោស​ឲ្យ​មនុស្ស​អាក្រក់​ដើម្បី​ទទួល​សំណូក+ព្រម​ទាំង​អស់​អ្នក​ដែល​មិន​កាត់​ក្ដី​ឲ្យ​ជន​សុចរិត​ដោយ​យុត្តិធម៌!+ ២៤  ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ដូច​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ចំបើង និង​ឆាប​ឆេះ​ស្មៅ​ក្រៀម​ស្វិត។ ឫស​របស់​ពួក​គេ​នឹង​រលួយ​ទៅផ្កា​របស់​ពួក​គេ​ក៏​នឹង​រសាត់​ទៅ​ដូច​ជា​លម្អង​ធូលី​ដែរព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទេហើយ​ពួក​គេ​បាន​មើល​ងាយ​បណ្ដាំ​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+ ២៥  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង​ទាស់​នឹង​រាស្ត្រ​របស់​លោកលោក​នឹង​លើក​ដៃ​ប្រឆាំង​នឹង​ពួក​គេ ហើយ​វាយ​ប្រហារ​ពួក​គេ។+ បណ្ដា​ភ្នំ​នឹង​រញ្ជួយ​ញាប់​ញ័រសាក​សព​របស់​ពួក​គេ​នឹង​ដូច​ជា​សំរាម​នៅ​តាម​ផ្លូវ។+ ម្ល៉ោះ​ហើយ កំហឹង​របស់​លោក​មិន​ទាន់​ស្ងប់​ទេហើយ​លោក​នៅ​តែ​លើក​ដៃ​វាយ​ប្រហារ​ពួក​គេ​ដដែល។ ២៦  លោក​បាន​តាំង​សញ្ញា​មួយ​ឡើង​ដល់​ប្រជា​ជាតិ​មួយ​ដែល​នៅ​ឆ្ងាយ+គឺ​លោក​បាន​ហួច​ហៅ​ពួក​គេ​ឲ្យ​មក​ពី​ចុង​ផែនដី+ហើយ​មើល! ពួក​គេ​នាំ​គ្នា​មក​យ៉ាង​រហ័ស។+ ២៧  គ្មាន​ពួក​គេ​ណា​ម្នាក់​អស់​កម្លាំង ឬ​ជំពប់​ដួល​ទេហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ងោក​ងុយ ឬ​ដេក​លក់​ដែរ។ ពួក​គេ​រឹត​បន្តឹង​ខ្សែ​ក្រវាត់​ខ្លួន។ ឯ​ខ្សែ​ស្បែក​ជើង​របស់​ពួក​គេ​ក៏​មិន​បាន​ដាច់​ដែរ។ ២៨  ព្រួញ​របស់​ពួក​គេ​សុទ្ធ​តែ​មុត​ស្រួចពួក​គេ​ក៏​ត្រៀម​ធ្នូ​ជា​ស្រេច​ដើម្បី​បាញ់។ ឯ​ក្រចក​សេះ​របស់​ពួក​គេ​គឺ​ប្រៀប​ដូច​ជា​ថ្ម​ភ្លើងហើយ​កង់​រទេះ​ចម្បាំង​របស់​ពួក​គេ​លឿន​ដូច​ជា​ខ្យល់​ព្យុះ។+ ២៩  សម្រែក​របស់​ពួក​គេ​ប្រៀប​ដូច​ជា​សម្រែក​សត្វ​តោគឺ​ពួក​គេ​នឹង​គ្រហឹម​ដូច​តោ​ស្ទាវ+ដែល​ចាប់​សត្វ​ធ្វើ​ជា​ចំណីហើយ​គ្មាន​នរណា​អាច​សង្គ្រោះ​ឲ្យ​រួច​បាន​ឡើយ។ ៣០  នៅ​គ្រា​នោះ ពួក​គេ​នឹង​គ្រហឹម​ដាក់​ចំណីហើយ​សម្រែក​ពួក​គេ​បៀ​ប​ដូច​ជា​សូរ​សំឡេង​សមុទ្រ​បក់​បោក។+ ពេល​សម្លឹង​មើល​ស្រុក​នោះ ឃើញ​សុទ្ធ​តែ​ភាព​ងងឹត​និង​ការ​ឈឺ​ចាប់ហើយ​សូម្បី​តែ​ពន្លឺ​នឹង​ប្រែ​ទៅ​ជា​ងងឹត​ដោយ​សារ​ពពក។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​រុក្ខជាតិ​ដែល​គេ​ដាំ​ធ្វើ​ជា​របង
មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​អេហ្វា​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​«​ការ​សម្រេច​ចិត្ត ឬ​ការ​ណែនាំ​»​
ឬ​«​ការ​ណែនាំ​»​