ចូរចាំយាម!
តើបណ្ដាញសង្គមនាំឲ្យមានគ្រោះថ្នាក់ដល់កូនអ្នកឬទេ? តើតាមរបៀបណាគម្ពីរអាចជួយឪពុកម្ដាយ?
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេជ្ជបណ្ឌិតវីវីក មើធី នៅសហរដ្ឋអាម៉េរិក បានរៀបរាប់ថា៖«ថ្មីៗនេះ វិបត្តិសុខភាពផ្លូវចិត្តកើនឡើងក្នុងស្រទាប់យុវវ័យ។ កត្តាចម្បងមួយដែលបង្កឲ្យមានវិបត្តិនេះ គឺដោយសារការប្រើប្រាស់បណ្ដាញសង្គម។ បញ្ហានេះជារឿងបន្ទាន់ដែលត្រូវដោះស្រាយ»(New York Times)។
តើតាមរបៀបណាឪពុកម្ដាយអាចការពារកូនពីគ្រោះថ្នាក់ដែលមកពីការប្រើប្រាស់បណ្ដាញសង្គម? គម្ពីរមានយោបល់ល្អៗអំពីរឿងនេះ។
អ្វីដែលឪពុកម្ដាយអាចធ្វើ
សូមពិចារណាគោលការណ៍គម្ពីរដូចខាងក្រោម៖
«មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។—សុភាសិត ១៤:១៥
ដោយសារបណ្ដាញសង្គមអាចមានឥទ្ធិពលអាក្រក់មកលើកូនរបស់អ្នក សូមប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឲ្យកូនៗប្រើប្រាស់វា។ មុននឹងអនុញ្ញាតឲ្យកូនប្រើប្រាស់ អ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពចាស់ទុំល្មមគ្រប់គ្រាន់ក្នុងការគោរពពេលវេលាដែលអ្នកបានកំណត់ឲ្យប្រើប្រាស់។ ហើយនៅដំណាលគ្នានោះ កូននៅតែមានការសេពគប់ជាមួយមិត្តភក្តិ និងចេះជៀសវាងពីព័ត៌មានមិនសមរម្យដែលមានក្នុងបណ្ដាញសង្គម។
ដើម្បីស្វែងយល់ថែមទៀត សូមអានអត្ថបទដែលមានចំណងជើងថា«តើកូនរបស់ខ្ញុំគួរប្រើបណ្ដាញសង្គមទេ?» និងអត្ថបទ«ចូរបង្រៀនកូនជំទង់របស់អ្នកអំពីរបៀបប្រើបណ្ដាញសង្គមដោយសុវត្ថិភាព»។
«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—អេភេសូរ ៥:១៦
បើអ្នកអនុញ្ញាតឲ្យកូនប្រើប្រាស់បណ្ដាញសង្គម សូមដាក់កំហិតអំពីរបៀបដែលគាត់ប្រើប្រាស់វា។ បន្ទាប់មក ពន្យល់មូលហេតុដែលការដាក់កំហិតទាំងនេះ ជួយពួកគេឲ្យប្រើប្រាស់បណ្ដាញសង្គមដោយសុវត្ថិភាព។ បន្ថែមទៅទៀត អ្នកក៏ត្រូវចេះសម្គាល់ការប្រព្រឹត្តរបស់កូនដែរ។ បើអ្នកឃើញថាការប្រព្រឹត្តរបស់កូនខុសប្លែកពីមុន អ្នកអាចដាក់កម្រិតលើអ្វីដែលកូនមើលឬលេងក្នុងបណ្ដាញសង្គមនោះ។
សូមប្រើវីដេអូគំនូរជីវចលលើក្ដារខៀនដែលមានចំណងជើងថាចូរប្រើអ៊ីនធឺណិតដោយឈ្លាសវៃ ដើម្បីជួយកូនឲ្យយល់មូលហេតុដែលអ្នកដាក់កម្រិតលើការប្រើប្រាស់របស់គាត់។
ស្វែងយល់ថែមទៀត
គម្ពីរចែងថាយើងកំពុងរស់នៅគ្រាដែល«លំបាកខ្លាំងណាស់»។ (ធីម៉ូថេទី២ ៣:១-៥) ប៉ុន្តែ គម្ពីរក៏មានយោបល់និងឱវាទល្អៗដែលអាចជួយយើងផងដែរ។ នៅក្នុងអត្ថបទបញ្ហាផ្លូវចិត្តមានកាន់តែច្រើនឡើងលើពួកយុវវ័យ មានបញ្ជីអត្ថបទជាង២០ដែលមានមូលដ្ឋានក្នុងគម្ពីរ ដែលអាចជួយឪពុកម្ដាយនិងកូនៗ។