លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

កម្ម​វិធី​មហា​សន្និបាត​ដែល​ពួក​គេ«បាន​ឮ​និង​បាន​ឃើញ»

កម្ម​វិធី​មហា​សន្និបាត​ដែល​ពួក​គេ«បាន​ឮ​និង​បាន​ឃើញ»

ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៤

 អស់​រយៈ​ពេល​ជាង​១៣០​ឆ្នាំ​មក​ហើយ ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​ជួប​ជុំ​គ្នា​នៅ​មហា​សន្និបាត​ជា​រៀង​រាល់​ឆ្នាំ។ តាម​ធម្មតា​កម្ម​វិធី​មហា​សន្និបាត មាន​សុន្ទរកថា​ជាង​៤០ ហើយ​ក៏​មាន​បទ​ភ្លេង បទ​សម្ភាសន៍ និង​វីដេអូ​ផង​ដែរ។ ដើម្បី​ឲ្យ​កម្ម​វិធី​នេះ​ផ្ដល់​ប្រយោជន៍​និង​ជំរុញ​ចិត្ត​អ្នក​ដែល​ចូល​រួម ពួក​គេ​ត្រូវ‹ឮ​និង​ឃើញ›ព័ត៌មាន​ក្នុង​កម្ម​វិធី​នោះ​យ៉ាង​ច្បាស់។ (​លូកា ២:២០​) ដូច្នេះ តើ​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​ទទួល​ប្រយោជន៍​ពី​មហា​សន្និបាត មិន​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ?

ប្រព័ន្ធ​សំឡេង​និង​វីដេអូ​គឺ​សម្រប​ទៅ​តាម​តំបន់​ដែល​មាន​មហា​សន្និបាត

 ពហុ​កីឡាដ្ឋាន​និង​តំបន់​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​ភាគ​ខាង​លិច តែង​តែ​មាន​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​រួច​ហើយ។ ប៉ុន្តែ ពេល​យើង​ជួល​កន្លែង​មួយ​សម្រាប់​មហា​សន្និបាត យើង​ច្រើន​តែ​ប្រើ​ប្រព័ន្ធ​ឧបករណ៍​របស់​យើង។ ហេតុ​អ្វី? បង​ដាវីឌ​ដែល​ធ្វើ​ការ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លាក​ផ្នែក​ខាង​ការ​ចាក់​ផ្សាយ បាន​ពន្យល់​ថា​៖​«​អគារ​ខ្លះ​ដែល​យើង​ជួល បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​អាច​ស្ដាប់​យ៉ាង​ចិត្ត​ទុក​ដាក់​អស់​ជាង​៦​ម៉ោង​ទៅ​លើ​អ្វី​ដែល​កម្ម​វិធី​នោះ​ផ្សាយ​ជា​ចម្បង។ ជា​ឧទាហរណ៍ កន្លែង​លេង​កីឡា​ខ្លះ​ប្រើ​ប្រព័ន្ធ​ផ្សាយ​សាធារណៈ​ដើម្បី​ជូន​ដំណឹង​ខ្លី​ៗ​និង​ចាក់​បទ​ភ្លេង​កំដរ។ អេក្រង់​វីដេអូ​របស់​ពួក​គេ ច្រើន​តែ​បង្ហាញ​ពិន្ទុ​របស់​ក្រុម​កីឡា បញ្ចាំង​ការ​ឃោសនា​ពាណិជ្ជកម្ម និង​ចាក់​ផ្សាយ​ការ​ប្រកួត​នោះ​សា​ឡើង​វិញ​ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់​កម្ម​វិធី​មហា​សន្និបាត​របស់​យើង​វិញ យើង​ចង់​ឲ្យ​អ្នក​ចូល​រួម ទស្សនា​វីដេអូ​ដែល​មាន​រយៈ​ពេល​វែង​ជាង ហើយ​ចង់​ឲ្យ​ពួក​គេ​ស្ដាប់​ឮ​និង​យល់​ច្បាស់​នូវ​ព័ត៌មាន​ទាំង​អស់​ដែល​បាន​ត្រូវ​ថ្លែង​នៅ​លើ​វេទិកា​»។

 កន្លែង​មហា​សន្និបាត​នីមួយ​ៗ​គឺ​ពិសេស ដូច្នេះ​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​ត្រូវ​សម្រប​ទៅ​តាម​កន្លែង​នោះ។ ក្រោយ​ពី​ជ្រើស​រើស​កន្លែង​ធ្វើ​មហា​សន្និបាត​រួច​ហើយ បង​ប្អូន​ដែល​បម្រើ​នៅ​ផ្នែក​ចាក់​ផ្សាយ​នៅ​ការិយាល័យ​សាខា បាន​សម្រេច​ថា​កន្លែង​ណា​ដែល​អ្នក​ចូល​រួម​ត្រូវ​អង្គុយ ហើយ​នេះ​អាស្រ័យ​ទៅ​លើ​ចំនួន​អ្នក​ចូល​រួម​និង​ទំហំ​អគារ​នោះ​អាច​ដាក់​បាន​មនុស្ស​ប៉ុន្មាន​នាក់។ បន្ទាប់​មក បង​ប្អូន​ទាំង​នោះ​គណនា​ចម្ងាយ​ទី​តាំង​ដែល​អ្នក​ថ្លែង​ត្រូវ​ឈរ រួម​ទាំង​ទី​តាំង​សម្រាប់​ដំឡើង​អេក្រង់​វីដេអូ​និង​ឧបករណ៍​ផ្សេង​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​អាច​ឃើញ​និង​ស្ដាប់​ឮ​កម្ម​វិធី​មហា​សន្និបាត។

បង​ប្អូន​ពី​ផ្នែក​ខាង​ការ​ចាក់​ផ្សាយ​តាម​តំបន់(LBD) កំពុង​ធ្វើ​តាម​ការ​ណែនាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់

 យ៉ាង​ណា​មិញ ការ​រៀប​ចំ​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​នៅ​មហា​សន្និបាត​គឺ​កាន់​តែ​ស្មុគ​ស្មាញ​ជាង ពេល​ដែល​កម្ម​វិធី​នោះ​មាន​ច្រើន​ភាសា។ បើ​ត្រូវ​បក​ប្រែ​ទៅ​ជា​ភាសា​ផ្សេង អ្នក​បក​ប្រែ​ត្រូវ​មើល​និង​ឮ​សំឡេង​កម្ម​វិធី​នោះ រួច​ព័ត៌មាន​បក​ប្រែ​ត្រូវ​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​សម្រាប់​ពួក​អ្នក​ដែល​យល់​ភាសា​នោះ​អាច​ស្ដាប់​បាន។ យើង​ពិត​ជា​សប្បាយ​ណាស់ ដោយ​សារ​មាន​អ្នក​ជួយ​ខាង​ប្រព័ន្ធ​ទាំង​នោះ ទើប​អ្នក​ដែល​ចូល​រួម​ទាំង​អស់​អាច​មើល​និង​ស្ដាប់​វីដេអូ​នៅ​ពេល​ដំណាល​គ្នា​ជាង​៨​ភាសា។ បង​ដាវីឌ​បាន​រៀប​រាប់​ថា​៖​«​ប្រព័ន្ធ​ទាំង​នេះ​ស្មុគ​ស្មាញ​ណាស់ ហើយ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​ក៏​ទទួល​ការ​បង្ហាត់​បង្រៀន​ច្រើន​ដែរ​»។

 ការិយាល័យ​សាខា​ភាគ​ច្រើន​មាន​ឧបករណ៍​សំឡេង​និង​វីដេអូ​សម្រាប់​ប្រើ​ជា​រៀង​រាល់​ឆ្នាំ។ ហេតុ​នេះ​ហើយ បង​ប្អូន​រៀប​ចំ​ឧបករណ៍​នីមួយ​ៗ​ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​ពី​មហា​សន្និបាត​មួយ​ទៅ​មហា​សន្និបាត​មួយ។ ឧទាហរណ៍ គ្រាន់​តែ​ការិយាល័យ​សាខា​អាម៉េរិក​ប៉ុណ្ណោះ​បាន​ចំណាយ​ជាង​២០០.០០០​ដុល្លារ aជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍​ទាំង​នោះ។ ប៉ុន្តែ ការ​ចំណាយ​នេះ​គឺ​ថោក​ជាង​តម្លៃ​ដែល​ត្រូវ​ចំណាយ​សម្រាប់​ទិញ​និង​ថែ​ទាំ​ឧបករណ៍​បន្ថែម។ បង​ស្ទីវើន​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​នៅ​មហា​សន្និបាត​មួយ​ក្នុង​ប្រទេស​កាណាដា បាន​រៀប​រាប់​ថា​៖​«​ក្រុម​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​គ្រឿង​ខ្ចៅ​ខ្យង​និង​ខ្សែ​ផ្សេង​ៗ ត្រូវ​ថែ​ទាំ​និង​វេច​ខ្ចប់​យ៉ាង​ត្រឹម​ត្រូវ​និង​មាន​សុវត្ថិភាព សម្រាប់​ត្រៀម​បញ្ជូន​ទៅ​មហា​សន្និបាត​មួយ​ទៀត​»។

ការ​មាន​និង​ការ​ថែ​ទាំ​ឧបករណ៍​ទាំង​នោះ

 តាម​ធម្មតា តម្លៃ​ជួល​ឧបករណ៍​សំឡេង​និង​វីដេអូ​គឺ​ថ្លៃ​ខ្លាំង​ណាស់ ហើយ​គុណភាព​របស់​វា​ច្រើន​តែ​អន់​និង​មិន​សូវ​ថែ​ទាំ​បាន​ល្អ​ប៉ុន្មាន​ទេ។ ម្ល៉ោះ​ហើយ ជា​ទូទៅ​យើង​ទិញ​ឧបករណ៍​ដែល​យើង​ត្រូវ​ការ។ ថ្មី​ៗ​នេះ អេក្រង់​វីដេអូ​សម្រាប់​ព្យួរ(​LED​វីដេអូ​)ទំហំ​ប្រាំ​ម៉ែត្រ​គុណ​នឹង​បី​ម៉ែត្រ មាន​តម្លៃ​២៤.០០០​ដុល្លារ ហើយ​សូម្បី​តែ​ខ្សែ​មេក្រូ​មួយ​ដែល​មាន​ប្រវែង​១៥​ម៉ែត្រ​ប៉ុណ្ណោះ មាន​តម្លៃ​ប្រហែល​២០​ដុល្លារ។ ហេតុ​នេះ បង​ប្អូន​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​ខាង​ការ​ចាក់​ផ្សាយ​និង​ផ្នែក​ទិញ​ទំនិញ ត្រូវ​«​គិត​គូរ​ជា​មុន​សិន​»​ មុន​នឹង​ទិញ​ឧបករណ៍​ណា​មួយ។ (​លូកា ១៤:២៨​) ជា​ឧទាហរណ៍ ពួក​គាត់​បាន​សួរ​ខ្លួន​ថា តើ​មនុស្ស​ច្រើន​ប៉ុណ្ណា​នឹង​ទទួល​ប្រយោជន៍​ពី​ឧបករណ៍​ទាំង​នេះ? តើ​ការ​ទិញ​ឧបករណ៍​ថ្មី​ជា​វិធី​ល្អ​បំផុត​ឬ​ទេ? តើ​យើង​មាន​កន្លែង​ធំ​ល្មម​ដើម្បី​ទុក​ឧបករណ៍​នោះ​ទេ? ហើយ​តើ​យើង​មាន​ឧបករណ៍​ល្មម​និង​មាន​បង​ប្អូន​ស្ម័គ្រ​ចិត្ត​គ្រប់​គ្រាន់​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ក្នុង​ការ​ថែ​ទាំ​ឧបករណ៍​ទាំង​នោះ​ឬ​ទេ?

 ដើម្បី​ឲ្យ​ឧបករណ៍​សំឡេង​និង​វីដេអូ​អាច​ប្រើ​ប្រាស់​បាន​យូរ​និង​សន្សំ​សំចៃ​ប្រាក់​វិភាគទាន យើង​មាន​ការ​ថែ​ទាំ​និង​ជួស​ជុល​ជា​ទៀង​ទាត់។ ណា​មួយ​ទៀត ពេល​យើង​ដឹក​ជញ្ជូន​និង​លើក​ដាក់​ឧបករណ៍​ទាំង​នោះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​មាន​ការ​បាក់​បែក​ឬ​ខូច​ឡើយ។

ការ​ថែ​ទាំ​និង​ជួស​ជុល​ឧបករណ៍​សំឡេង​ជួយ​ឲ្យ​ប្រើ​ប្រាស់​បាន​យូរ​ជាង

អ្នក​ឯ​ទៀត​សរសើរ​គុណភាព​កម្ម​វិធី​របស់​យើង

 អ្នក​ខ្លះ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា បាន​ស្ងើច​សរសើរ​គុណភាព​សំឡេង​និង​វីដេអូ​នៅ​មហា​សន្និបាត​របស់​យើង។ ជា​ឧទាហរណ៍ នៅ​មហា​សន្និបាត​មួយ បុគ្គលិក​ម្នាក់​នៃ​ក្រុម​ហ៊ុន​ដ៏​ធំ​បំផុត​ខាង​ប្រព័ន្ធ​ចាក់​ផ្សាយ បាន​និយាយ​សរសើរ​គុណភាព​នៃ​ការ​រៀប​ចំ​ឧបករណ៍​របស់​យើង។ បង​ចនណាថិន​ដែល​ជួយ​ដំឡើង​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​នៅ​មហា​សន្និបាត បាន​រៀប​រាប់​ថា​៖​«​បុរស​នោះ​នឹក​អស្ចារ្យ​ណាស់​ពេល​ដឹង​ថា​បង​ប្អូន​ក្នុង​ក្រុម​របស់​យើង​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​និង​មិន​មែន​ជា​អ្នក​ជំនាញ​ស្រាប់​ទេ។ គាត់​បាន​និយាយ​ថា​ក្រុម​ហ៊ុន​គាត់​ត្រូវ​ចំណាយ​ពេល​អស់​ប្រាំ​ថ្ងៃ​ដើម្បី​ដំឡើង​ប្រព័ន្ធ​ទាំង​នោះ តែ​បង​ប្អូន​យើង​ចំណាយ​ពេល​តែ​មួយ​ថ្ងៃ​កន្លះ​ប៉ុណ្ណោះ​»។ នៅ​មហា​សន្និបាត​មួយ​ទៀត អ្នក​គ្រប់​គ្រង​អគារ​ដែល​យើង​ជួល​សម្រាប់​មហា​សន្និបាត​នោះ បាន​និយាយ​ថា​៖​«​នៅ​ទី​នេះ​មាន​អ្នក​ជំនាញ​ខាង​សំឡេង​និង​វីដេអូ​ជា​ច្រើន តែ​ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ដែល​ធ្វើ​ការ​យ៉ាង​ជំនាញ​និង​ប៉ិន​ប្រសប់​ដល់​កម្រិត​នេះ​ទេ​»។

បង​ប្អូន​កំពុង​សប្បាយ​ស្ដាប់​និង​ទស្សនា​កម្ម​វិធី​មហា​សន្និបាត

 តើ​អ្នក​ទទួល​ប្រយោជន៍​ពី​ប្រព័ន្ធ​សំឡេង​និង​វីដេអូ​នៅ​មហា​សន្និបាត​ឬ​ទេ? អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​បង​ដាវីឌ​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស។ គាត់​បាន​និយាយ​ថា​៖​«​ខ្ញុំ​អាយុ​៨៨​ឆ្នាំ ហើយ​បាន​ចូល​រួម​មហា​សន្និបាត​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ខ្ញុំ​ហើយ។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ស្រួល​ផ្ចង់​អារម្មណ៍​ជាង​ក្នុង​កម្ម​វិធី​មហា​សន្និបាត ព្រោះ​រូប​ភាព​ក្នុង​វីដេអូ​ច្បាស់​ល្អ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​កម្ម​វិធី​ទាំង​មូល​កន្លង​ទៅ​លឿន​ណាស់​»។ បង​មីកឺល​ដែល​រស់​នៅ​ប្រទេស​នីហ្សេរីយ៉ា បាន​និយាយ​ថា​៖​«​ដោយ​សារ​បង​ប្អូន​របស់​យើង​ស្រួល​ស្ដាប់​អ្នក​ថ្លែង​និង​ស្រួល​មើល​វីដេអូ នោះ​ពួក​គេ​អាច​ផ្ចង់​អារម្មណ៍​លើ​កម្ម​វិធី​មហា​សន្និបាត​»។

 ពេល​ដែល​អ្នក​ចូល​រួម​មហា​សន្និបាត​តាម​ភូមិ​ភាគ​និង​មហា​សន្និបាត​ពិសេស​ចំណង​ជើង​ថា​«​ចូរ​ប្រកាស​ដំណឹង​ល្អ!​»​ សូម​ឆ្លៀត​ពេល​បន្តិច​ដើម្បី​គិត​អំពី​កិច្ចការ​ទាំង​អស់​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​អ្នក​ស្រួល​ស្ដាប់​និង​មើល​ឃើញ​កម្ម​វិធី​ទាំង​មូល។ យើង​ពិត​ជា​ដឹង​គុណ​ខ្លាំង​ណាស់​ចំពោះ​វិភាគទាន​របស់​អ្នក។ មិន​ថា​អ្នក​ជូន​ដោយ​ផ្ទាល់​ឬ​តាម​រយៈ​គេហទំព័រ​donate.pr2711.com​ក្ដី វិភាគទាន​របស់​អ្នក​ធ្វើ​ឲ្យ​កម្ម​វិធី​មហា​សន្និបាត​អាច​ដំណើរ​ការ​បាន។ សូម​អរគុណ​ចំពោះ​ចិត្ត​ទូលាយ​របស់​អ្នក។

a ប្រាក់​ដុល្លារ​ទាំង​អស់​នៅ​ក្នុង​អត្ថបទ​នេះ​សំដៅ​ទៅ​លើ​ដុល្លារ​អាម៉េរិក។