អត្ថបទអំពីក្របទស្សនាវដ្ដី | តើអ្វីជាអំណោយដ៏ល្អបំផុត?
តើអ្វីជាអំណោយដ៏ល្អបំផុត?
«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ សុទ្ធតែមកពីស្ថានលើ ព្រោះរបស់ទាំងនោះមកពីបិតានៃពន្លឺនានានៅលើមេឃ»។ (យ៉ាកុប ១:១៧) ពិតណាស់ បទគម្ពីរនេះបញ្ជាក់អំពីចិត្ដសប្បុរសរបស់ព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌។ ប៉ុន្ដែ ក្នុងចំណោមអំណោយជាច្រើនដែលព្រះបានផ្ដល់ឲ្យមនុស្សជាតិ មានអំណោយមួយដែលអស្ចារ្យជាងគេ។ តើនោះជាអ្វី? ពាក្យដ៏ល្បីរបស់លោកយេស៊ូ នៅយ៉ូហាន ៣:១៦ ប្រាប់យើងថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម៉្លេះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។
បុត្រតែមួយរបស់ព្រះគឺជាអំណោយដ៏អស្ចារ្យបំផុតដែលយើងអាចទទួល ព្រោះនោះអាចជួយយើងឲ្យរួចផុតពីភាពខុសឆ្គង ភាពចាស់ជរា និងសេចក្ដីស្លាប់។ (ទំនុកតម្កើង ៥១:៥; យ៉ូហាន ៨:៣៤) ទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយ យើងមិនអាចរួចផុតពីអ្វីទាំងនោះបានឡើយ។ ប៉ុន្ដែ ដោយសារសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះ លោកបានផ្ដល់អ្វីដែលយើងត្រូវការដើម្បីរំដោះយើង។ ដោយផ្ដល់លោកយេស៊ូគ្រិស្ដដែលជាបុត្រតែមួយរបស់លោកជាថ្លៃលោះ ព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សជាតិនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ ប៉ុន្ដែ តើថ្លៃលោះគឺជាអ្វី? ហេតុអ្វីត្រូវការថ្លៃលោះ? ម្យ៉ាងទៀត តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីថ្លៃលោះ?
ថ្លៃលោះគឺជាតម្លៃដែលត្រូវចេញដើម្បីទិញអ្វីមួយមកវិញ ឬដើម្បីលោះអ្នកណាម្នាក់ពីភាពជាខ្ញុំបម្រើ។ គម្ពីរប្រាប់ថា អាដាមនិងអេវ៉ាដែលជាឪពុកម្ដាយដំបូងរបស់យើងបានត្រូវបង្កើតមកដោយគ្មានភាពខុសឆ្គង និងមានសេចក្ដីសង្ឃឹមរស់រហូតនៅផែនដីដែលជាសួនឧទ្យានជាមួយនឹងកូនចៅក្រោយៗរបស់ពួកគាត់។ (លោកុប្បត្ដិ ១:២៦-២៨) គួរឲ្យស្តាយ អាដាមនិងអេវ៉ាបានបាត់បង់អ្វីទាំងអស់នោះ ដោយសារពួកគាត់បានសម្រេចចិត្ដមិនស្តាប់បង្គាប់ព្រះ ដូច្នេះ ពួកគាត់បានទៅជាអ្នកមានភាពខុសឆ្គង។ តើនេះនាំឲ្យមានលទ្ធផលយ៉ាងណា? គម្ពីរប្រាប់ថា៖ «ដូចភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) អាដាមបានធ្វើឲ្យកូនចៅរបស់គាត់បាត់បង់ជីវិតដ៏ល្អឥតខ្ចោះ ហើយទទួលភាពខុសឆ្គងនិងសេចក្ដីស្លាប់ដែលមកពីភាពខុសឆ្គងនោះ។
ថ្លៃលោះគឺជាការបង់ថ្លៃឲ្យស្មើនឹងអ្វីដែលបានបាត់បង់។ ពេលអាដាមសម្រេចចិត្ដមិនស្តាប់បង្គាប់ព្រះ គាត់មានភាពខុសឆ្គង ហើយលទ្ធផលគឺគាត់បានបាត់បង់ជីវិតដ៏ល្អឥតខ្ចោះ។ គម្ពីរចែងថា នោះបានធ្វើឲ្យកូនចៅរបស់អាដាមទៅជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ដូច្នេះ នេះតម្រូវឲ្យបុគ្គលល្អឥតខ្ចោះម្នាក់ទៀតត្រូវលះបង់ជីវិតដើម្បីរំដោះយើងពីភាពជាខ្ញុំបម្រើនោះ។ បុគ្គលនោះគឺលោកយេស៊ូ។ (រ៉ូម ៥:១៩; អេភេសូរ ១:៧) ដោយសេចក្ដីស្រឡាញ់ព្រះបានបង់ថ្លៃលោះ ហេតុនេះមនុស្សជាតិមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីដែលជាសួនឧទ្យាន ជាអ្វីដែលអាដាមនិងអេវ៉ាបានបាត់បង់។—ការបើកបង្ហាញ ២១:៣-៥
ដោយគិតអំពីអ្វីដែលយើងអាចទទួលពីថ្លៃលោះ យើងជឿជាក់ថាថ្លៃលោះដែលជាអំណោយពីព្រះ ហើយដែលផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ គឺជាអំណោយដ៏អស្ចារ្យបំផុត។ ដើម្បីយល់ថានោះជា«អំណោយដ៏ល្អឥតខ្ចោះ» សូមពិចារណាចំណុចផ្សេងៗដែលធ្វើឲ្យអំណោយមានតម្លៃ ដូចដែលបានពិភាក្សាក្នុងអត្ថបទមុន។
បំពេញបំណងប្រាថ្នារបស់យើង។ យើងជាមនុស្សជាតិមានបំណងប្រាថ្នាចង់រស់រហូត។ (សាស្តា ៣:១១) តែយើងមិនអាចបំពេញបំណងប្រាថ្នានោះបានទេ ថ្លៃលោះបើកឱកាសឲ្យយើងអាចសម្រេចបំណងប្រាថ្នានោះ។ គម្ពីរចែងថា៖ «ព្រោះប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្ដយេស៊ូ ជាម្ចាស់របស់យើង»។—រ៉ូម ៦:២៣
បំពេញសេចក្ដីត្រូវការរបស់យើង។ មនុស្សមិនអាចបង់ថ្លៃលោះបានទេ។ គម្ពីរពន្យល់ថា៖ «ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ»។ (ទំនុកតម្កើង ៤៩:៨) យ៉ាងណាមិញ យើងពិតជាត្រូវការជំនួយពីព្រះដើម្បីរួចផុតភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ប៉ុន្ដែ «តាមរយៈការរំដោះដោយថ្លៃលោះ ដែលគ្រិស្ដយេស៊ូបានបង់» ព្រះបានផ្ដល់អ្វីដែលយើងត្រូវការ។—រ៉ូម ៣:២៣, ២៤
ពេលវេលាដ៏ត្រឹមត្រូវបំផុត។ គម្ពីរប្រាប់យើងថា៖ «គ្រិស្ដស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៨) ដោយសារថ្លៃលោះបានត្រូវផ្ដល់ឲ្យ«កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ» នោះបង្ហាញអំពីសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ព្រះចំពោះយើងទោះជាយើងមានភាពខុសឆ្គងក្ដី។ ម្យ៉ាងទៀត នោះផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹម ទោះជាយើងត្រូវទទួលផលវិបាកពីភាពខុសឆ្គងក៏ដោយ។
បង្ហាញអំពីបំណងចិត្ដដោយស្មោះនិងគិតពីប្រយោជន៍អ្នកឯទៀត។ គម្ពីរបញ្ជាក់អំពីអ្វីដែលបានជំរុញចិត្ដព្រះឲ្យបូជាបុត្ររបស់លោកជាថ្លៃលោះ ថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។ សេចក្ដីស្រឡាញ់នៅត្រង់កន្លែងនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះ តែគឺលោកដែលបានស្រឡាញ់យើង»។—យ៉ូហានទី១ ៤:៩, ១០
តើតាមរបៀបណាអ្នកអាចបង្ហាញអំណរគុណចំពោះអំណោយដ៏អស្ចារ្យបំផុតនេះ? សូមនឹកចាំប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ៣:១៦ ដែលថាមានតែអស់អ្នកដែល«បង្ហាញជំនឿ»លើលោកប៉ុណ្ណោះនឹងត្រូវសង្គ្រោះ។ ក្នុងគម្ពីរ ជំនឿគឺជា«ការទុកចិត្ដដោយមានទីសំអាងមាំមួនថា អ្វីៗនឹងកើតឡើងដូចសង្ឃឹម»។ (ហេប្រឺ ១១:១) ដើម្បីមានទំនុកចិត្ដបែបនោះ គឺចាំបាច់ត្រូវមានចំណេះត្រឹមត្រូវ។ ហេតុនេះ យើងលើកទឹកចិត្ដអ្នកឲ្យលៃពេលដើម្បីរៀនអំពីព្រះយេហូវ៉ាដែលជាអ្នកផ្ដល់«អំណោយដ៏ល្អឥតខ្ចោះ»នេះ ហើយដើម្បីដឹងអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ តាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូ។
អ្នកអាចរៀនអ្វីទាំងនេះដោយពិនិត្យមើលព័ត៌មានពីគម្ពីរនៅក្នុងគេហទំព័រwww.pr2711.com។ សាក្សីព្រះយេហូវ៉ារីករាយជួយអ្នក។ យើងមានទំនុកចិត្ដថាកាលដែលអ្នករៀននិងទទួលប្រយោជន៍ពីអំណោយដ៏អស្ចារ្យបំផុតនេះ នោះនឹងជំរុញអ្នកឲ្យប្រកាសថា៖ «អរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ដ ជាម្ចាស់របស់យើង!»។—រ៉ូម ៧:២៥