តើលោកអ្នកដឹងឬទេ?
តើមនុស្សនៅសម័យគម្ពីរដឹងយ៉ាងដូចម្ដេចថាឆ្នាំនិងខែថ្មីចាប់ផ្ដើមនៅពេលណា?
ចំពោះជនជាតិហេប្រឺនៅស្រុកដែលព្រះបានសន្យា ឆ្នាំថ្មីចាប់ផ្ដើមដោយការភ្ជួររាស់និងការសាបព្រោះ ដែលពួកគេធ្វើនៅខែដែលឥឡូវចំនឹងខែកញ្ញានិងតុលា។
គេកំណត់ចំនួនថ្ងៃក្នុងមួយខែដោយរាប់តាមប្រតិទិនចន្ទគតិ ដែលមានរយៈពេលប្រហែល២៩ឬ៣០ថ្ងៃ ហើយពួកគេរាប់ចំនួនថ្ងៃក្នុងមួយឆ្នាំតាមប្រតិទិនសុរិយគតិ។ ប៉ុន្តែ ប្រតិទិនចន្ទគតិគឺខ្លីជាងប្រតិទិនសុរិយគតិ ដូច្នេះពួកគេត្រូវរកវិធីដើម្បីធ្វើឲ្យការរាប់ប្រតិទិនទាំងពីរនេះស្មើគ្នា។ ពួកគេអាចធ្វើដូច្នេះដោយបន្ថែមថ្ងៃឬយូរៗម្ដងបន្ថែមមួយខែ មុនចាប់ផ្ដើមឆ្នាំថ្មី។ តាមរយៈវិធីនេះ ប្រតិទិនស៊ីគ្នានឹងរដូវដាំដុះ និងរដូវប្រមូលផល។
នៅសម័យម៉ូសេ ព្រះបានបង្គាប់ថា ខែដំបូងរបស់ពួកអ៊ីស្រាអែលគឺខែអាប៊ីបឬណែសាន។ នោះគឺនៅក្នុងរវាងខែមីនានិងខែមេសានៅសព្វថ្ងៃនេះ។ (ដច. ១២:២; ១៣:៤) នៅខែណែសានមានពិធីបុណ្យសម្រាប់ជនជាតិអ៊ីស្រាអែល។ នៅក្នុងពិធីបុណ្យនេះ ពួកគេត្រូវជូនផលដំបូងខ្លះពីស្រូវបាលីដល់ព្រះយេហូវ៉ា។—ដច. ២៣:១៥, ១៦
បណ្ឌិតម្នាក់ឈ្មោះអ៊ីមឹល ស៊ូរើរៀបរាប់ក្នុងសៀវភៅមួយរបស់គាត់ថា៖ «គឺស្រួលឲ្យដឹងថាពេលណាបន្ថែមមួយខែចូលទៅក្នុងប្រតិទិន»។ គាត់ក៏បានរៀបរាប់ថា៖ «បុណ្យរំលងត្រូវធ្វើឡើងចំពេលដែលដួងខែពេញវង់ក្នុងខែណែសាន(ថ្ងៃទី១៤ ខែណែសាន) ហើយនោះតែងតែនៅរដូវស្លឹកឈើលាស់នៅក្រុងយេរូសាឡិម ក្រោយថ្ងៃដែលមានវេលាយប់១២ម៉ោងគត់ និងពន្លឺថ្ងៃ១២ម៉ោងគត់ . . . ដូច្នេះបើនៅជិតចុងឆ្នាំ គេកត់សម្គាល់ឃើញថា បុណ្យរំលងនឹងធ្វើឡើងមុនថ្ងៃដែលមានវេលាយប់១២ម៉ោងគត់ ហើយពន្លឺថ្ងៃ១២ម៉ោងគត់នារដូវស្លឹកឈើលាស់ ជនជាតិយូដាបានបន្ថែមមួយខែ[ខែទី១៣]មុនខែណែសាន»។ (The History of the Jewish People in the Age of Jesus Christ, 175 B.C.–A.D. 135)
សាក្សីព្រះយេហូវ៉ាប្រើវិធីនេះដើម្បីដឹងថ្ងៃខែសមត្រឹមត្រូវ ដែលប្រហែលជានៅខែមីនាឬខែមេសាសម្រាប់ធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ ហើយដែលចំនឹងថ្ងៃទី១៤ ខែណែសាននៃប្រតិទិនហេប្រឺ។ ក្រុមជំនុំនៅទូទាំងពិភពលោកបានត្រូវប្រាប់អំពីថ្ងៃខែនេះទុកជាមុន។
ប៉ុន្តែ តើជនជាតិហេប្រឺបានដឹងយ៉ាងដូចម្ដេចថាពេលណាខែណាមួយបានចប់ ហើយពេលណាខែថ្មីនឹងចាប់ផ្ដើម? សព្វថ្ងៃនេះ យើងអាចមើលប្រតិទិនជាក្រដាស ឬតាមគ្រឿងអេឡិចត្រូនិក។ ប៉ុន្តែ នៅសម័យគម្ពីរគឺមិនស្រួលដូចនោះទេ។
នៅសម័យទឹកជំនន់ ខែនីមួយៗមានរយៈពេល៣០ថ្ងៃ។ (ដក. ៧:១១, ២៤; ៨:៣, ៤) ក្រោយមក ខែនីមួយៗនៃប្រតិទិនហេប្រឺ មិនតែងតែបានត្រូវកំណត់ថាក្នុង១ខែមានរយៈពេល៣០ថ្ងៃទេ។ ក្នុងប្រតិទិនហេប្រឺ ខែថ្មីចាប់ផ្ដើមពេលគេអាចឃើញខែដើមខ្នើត។ ខែដើមខ្នើតនោះ កើតឡើងនៅប្រមាណ២៩ឬ៣០ថ្ងៃក្រោយពីទីចាប់ផ្ដើមនៃខែមុន។
នៅពេលមួយ ទាំងដាវីឌទាំងយ៉ូណាថានបាននិយាយអំពីការចាប់ផ្ដើមនៃខែថ្មី ដោយថា៖ «ថ្ងៃស្អែកនេះគឺជាថ្ងៃចូលខែថ្មី»ឬខែដើមខ្នើត។ (១សាំ. ២០:៥, ១៨) ដូច្នេះតាមមើលទៅ តាំងពីសតវត្សរ៍ទី១១ មុនគ.ស. គេបានកំណត់ទុកជាមុនថាខែនីមួយៗចាប់ផ្ដើមនិងបញ្ចប់នៅពេលណា។ ប៉ុន្តែ តើជនជាតិអ៊ីស្រាអែលបានដឹងយ៉ាងដូចម្ដេចថាពេលណាខែថ្មីចាប់ផ្ដើម? សៀវភៅមីស្នាដែលជាសៀវភៅចងក្រងច្បាប់និងទំនៀមទម្លាប់របស់ជនជាតិយូដា បានផ្ដល់ព័ត៌មានខ្លះ។ សៀវភៅនោះបញ្ជាក់ថា ក្រោយពីជនជាតិយូដាបានត្រឡប់មកពីការនិរទេសនៅបាប៊ីឡូន ក្រុមប្រឹក្សាជាន់ខ្ពស់ជាអ្នកសម្រេចចិត្តរឿងនេះ។ ក្នុងអំឡុង៧ខែដែលពិធីបុណ្យបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សានោះបានជួបជុំគ្នានៅថ្ងៃទី៣០ នៃខែនីមួយៗទាំងនោះ។ បុរសដែលជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ទាំងនោះមានភារកិច្ចអនុម័តថា ពេលណាខែបន្ទាប់ចាប់ផ្ដើម។ តើពួកគេសម្រេចចិត្តដូច្នេះយ៉ាងដូចម្ដេច?
ពួកបុរសដែលយាមនៅលើភ្នំជុំវិញក្រុងយេរូសាឡិមឃ្លាំមើលមេឃនៅពេលយប់ ដើម្បីចាំមើលដួងខែមួយចំណិតជាលើកដំបូង។ ពេលពួកគេបានឃើញហើយ ពួកគេប្រញាប់ទៅប្រាប់ក្រុមប្រឹក្សាជាន់ខ្ពស់។ ពេលក្រុមប្រឹក្សាជាន់ខ្ពស់នោះមានអារម្មណ៍ថា មានទីសំអាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាខែដើមខ្នើតលេចចេញមក ពួកគេប្រកាសអំពីទីចាប់ផ្ដើមនៃខែថ្មី។ ប៉ុន្តែ ចុះបើអ្នកយាមមិនអាចឃើញដួងខែមួយចំណិត ដោយសារមានពពកឬអ័ព្ទបាំង?
ពេលនោះ មានការប្រកាសថា៣០ថ្ងៃបានកន្លងផុតទៅក្រោយពីខែចាស់ ហើយខែថ្មីនឹងចាប់ផ្ដើម។សៀវភៅមីស្នាពន្យល់ថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ បានត្រូវប្រកាសតាមរយៈការដុតភ្លើងធ្វើជាសញ្ញានៅលើភ្នំដើមអូលីវ ជិតក្រុងយេរូសាឡិម។ នៅទីខ្ពស់ផ្សេងទៀតនាស្រុកអ៊ីស្រាអែលទាំងមូល គេប្រើភ្នក់ភ្លើងដើម្បីប្រកាសដំណឹងនោះ។ នៅពេលក្រោយមក អ្នកនាំសារបានត្រូវចាត់ឲ្យទៅប្រកាស។ ដូច្នេះ ជនជាតិយូដានៅក្រុងយេរូសាឡិម នៅស្រុកអ៊ីស្រាអែលទាំងមូល និងនៅកន្លែងផ្សេងទៀត បានដឹងអំពីទីចាប់ផ្ដើមនៃខែថ្មី។ យ៉ាងនេះ ពួកគេទាំងអស់គ្នាអាចធ្វើពិធីបុណ្យផ្សេងៗនៅពេលដំណាលគ្នា។
តារាងដែលនៅជាប់នឹងអត្ថបទនេះអាចជួយអ្នកឲ្យយល់អំពីខែ បុណ្យ និងរដូវនៃប្រតិទិនហេប្រឺ។