លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស៊ីឡាំង​ធ្វើ​ពី​ដី​ឥដ្ឋ​ដែល​មាន​ឈ្មោះ​របស់​បេលសាសារ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

តើ​បុរាណវត្ថុ​វិទ្យា​បង្ហាញ​យ៉ាង​ណា​អំពី​តួនាទី​ របស់​បេលសាសារ​នៅ​ស្រុក​បាប៊ីឡូន?

អស់​ជា​ច្រើន​ឆ្នាំ អ្នក​វិភាគ​គម្ពីរ​ជា​ច្រើន​នាក់​បាន​អះអាង​ថា​ស្តេច​បេលសាសារ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដានីយ៉ែល មិន​មែន​ជា​បុគ្គល​ពិត​ប្រាកដ​ទេ។ (ដាន. ៥:១) ពួក​គេ​ជឿ​ដូច្នេះ ដោយ​សារ​បុរាណវត្ថុ​វិទូ​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គាត់​ធ្លាប់​រស់​នៅ​ឡើយ។ ប៉ុន្តែ​រឿង​នេះ​បាន​ផ្លាស់​ប្ដូរ​នៅ​ឆ្នាំ​១៨៥៤​។ ហេតុ​អ្វី?

នៅ​ឆ្នាំ​នោះ មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស​ម្នាក់​ឈ្មោះ​ចន ថេល័រ បាន​ស្រាវ​ជ្រាវ​រុក​រក​សំណង់​បាក់​បែក​ក្នុង​ក្រុង​អ៊ើ​រ​ពី​សម័យ​បុរាណ ដែល​សព្វ​ថ្ងៃ​នេះ​នៅ​ខាង​ត្បូង​ប្រទេស​អ៊ី​រ៉ា​ក់។ នៅ​ទី​នោះ​ក្នុង​ប៉ម​ធំ​មួយ គាត់​បាន​រក​ឃើញ​ស៊ីឡាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​ដី​ឥដ្ឋ។ ស៊ីឡាំង​នីមួយៗ​ទាំង​នោះ​មាន​ប្រវែង​១០​សង់​ទី​ម៉ែត្រ និង​មាន​អក្សរ​ចារឹក​ខូ​នី​ហ្វ​ម​(ជា​អក្សរ​ពី​តំបន់​មេសូប៉ូតាមៀ​សម័យ​បុរាណ)។ អក្សរ​នៅ​លើ​ស៊ីឡាំង​មួយ​ក្នុង​ចំណោម​ស៊ីឡាំង​ទាំង​នោះ រួម​មាន​សេចក្ដី​អធិដ្ឋាន​អង្វរ​សុំ​ឲ្យ​មាន​ជីវិត​យឺន​យូរ​សម្រាប់​ស្តេច​ណា​បូ​នី​ដាស និង​បេលសាសារ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​គាត់។ សូម្បី​តែ​អ្នក​វិភាគ​គម្ពីរ ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ការ​រក​ឃើញ​នេះ​បង្ហាញ​ថា​គឺ​ពិត​ជា​មាន​បេលសាសារ​មែន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី គម្ពីរ​មិន​គ្រាន់​តែ​ប្រាប់​ថា​មាន​បេលសាសារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រាប់​ថា​គាត់​ជា​ស្តេច​ម្នាក់​ផង​ដែរ។ បុគ្គល​ដែល​វិភាគ​គម្ពីរ​នៅ​តែ​បាន​សង្ស័យ​អំពី​រឿង​នេះ។ ជា​ឧទាហរណ៍ ប្រហែល​ជា​នៅ​ឆ្នាំ​១៨៧៥​ អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​វីល្លាម ថា​ល​បត់​បាន​សរសេរ​ថា៖ «ស្តេច​បេលសាសារ​បាន​គ្រប់​គ្រង​នៅ​ពេល​ដំណាល​គ្នា​នឹង​ឪ​ពុក​គាត់ តែ​នេះ​គ្មាន​ទី​សំអាង​សោះ​ឡើយ»។

ប៉ុន្តែ​រឿង​នេះ​បាន​ត្រូវ​ដោះ​ស្រាយ ពេល​ដែល​សំណេរ​លើ​ស៊ីឡាំង​ផ្សេង​ទៀត​បង្ហាញ​ថា​ស្តេច​ណា​បូ​នី​ដាស​ដែល​ជា​ឪ​ពុក​របស់​បេលសាសារ​មិន​នៅ​រាជធានី​អស់​ជា​ច្រើន​ឆ្នាំ។ តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​ពេល​ដែល​គាត់​មិន​នៅ? សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា៖ «ពេល​ដែល​ណា​បូ​នី​ដាស​មិន​នៅ គាត់​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​និង​កង​ទ័ព​ភាគ​ច្រើន​ទៅ​ឲ្យ​បេលសាសារ​កាន់​កាប់»។ (E​ncyclopa​e​dia Br​it​annica) ដូច្នេះ បេលសាសារ​បាន​ធ្វើ​កិច្ច​ការ​ខ្លះ​របស់​ស្តេច ហាក់​ដូច​ជា​គាត់​គ្រប់​គ្រង​ជា​ស្តេច​នៅ​ស្រុក​បាប៊ីឡូន​ក្នុង​អំឡុង​គ្រា​នោះ។ យ៉ាង​នេះ អាឡិន មៀល​អា​ដដែល​ជា​បុរាណវត្ថុ​វិទូ​និង​ជា​បណ្ឌិត​ខាង​ភាសា​បាន​និយាយ​ថា គឺ​សម​ត្រឹម​ត្រូវ​ដែល​«សៀវភៅ​ដានីយ៉ែល​ហៅ​បេលសាសារ​ជា​‹ស្តេច›»។

ចំពោះ​អ្នក​បម្រើ​ព្រះ ទី​សំអាង​ដ៏​សំខាន់​បំផុត​ដែល​បង្ហាញ​ថា​សៀវភៅ​ដានីយ៉ែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​ក្នុង​គម្ពីរ​ផ្ទាល់។—២ធី. ៣:១៦