រមូរបុរាណមួយហាក់ដូចជាបានត្រូវបើក
តាំងពីឆ្នាំ១៩៧០ ពេលគេរកឃើញរមូរដែលបានឆេះខ្លោចពីក្រុងអេនកេឌី គេមិនអាចអានបានទេ។ ការឆ្លុះមើលពិសេស បានបង្ហាញឲ្យឃើញថារមូរនោះមានផ្នែកមួយនៃសៀវភៅលេវីវិន័យ ហើយនោះមានឈ្មោះរបស់ព្រះផ្ទាល់
នៅឆ្នាំ១៩៧០ បុរាណវត្ថុវិទូបានរកឃើញរមូរមួយដែលឆេះខ្លោច នៅក្រុងអេនកេឌី នាប្រទេសអ៊ីស្រាអែល ជិតឆ្នេរភាគខាងលិចនៃសមុទ្រស្លាប់។ ពួកគេបានរកឃើញរមូរនោះកាលដែលពួកគេកំពុងជីករុករកសំណង់បាក់បែកនៃសាលាប្រជុំមួយដែលបានត្រូវដុត នៅពេលដែលក្រុងនោះបានត្រូវបំផ្លាញ ទំនងជានៅសតវត្សរ៍ទី៦ គ.ស.។ ដោយសាររមូរនោះឆេះខ្លោច គេមិនអាចអានឯកសារដែលបានត្រូវសរសេរក្នុងរមូរនោះបានទេ សូម្បីតែបើករមូរនោះក៏មិនបានដែរ។ ប៉ុន្តែ ដោយសារមានរបៀបឆ្លុះមើលពិសេស រមូរនោះហាក់ដូចជាបានត្រូវបើក។ ម្យ៉ាងទៀត ដោយសារមានឧបករណ៍ផ្ដិតរូប យើងអាចអានឯកសារដែលបានត្រូវសរសេរក្នុងរមូរនោះបាន។
តើរបៀបឆ្លុះមើលពិសេសនោះបានបង្ហាញអ្វី? រមូរនោះគឺជាឯកសារគម្ពីរ។ អ្វីដែលនៅសេសសល់ពីរមូរនោះគឺខគម្ពីរខ្លះដែលជាផ្នែកដំបូងនៃសៀវភៅលេវីវិន័យ។ ខគម្ពីរទាំងនេះមានតេត្រាក្រាមដែលជាឈ្មោះរបស់ព្រះផ្ទាល់ជាភាសាហេប្រឺ។ តាមមើលទៅរមូរនេះបានត្រូវសរសេររវាងឆ្នាំ៥០ គ.ស. និងឆ្នាំ៤០០ គ.ស. ហើយនេះមានន័យថារមូរនោះគឺជារមូរបទគម្ពីរជាភាសាហេប្រឺចាស់ជាងគេដែលបានត្រូវរកឃើញ បើគិតបន្ទាប់ពីការរកឃើញឯកសារគម្ពីរនៅសមុទ្រស្លាប់(ខាំរ៉ាន)។ ហ្គៀល ហ្សូហាបានសរសេរក្នុងកាសែតមួយថា៖ «មុនពេលដែលយើងអាចធ្វើការឆ្លុះមើលពិសេស ហើយអានបំណែកនៃសៀវភៅលេវីវិន័យនោះ យើងមិនបានរកឃើញឯកសារគម្ពីរដែលបានត្រូវសរសេររវាងមួយពាន់ឆ្នាំ ចាប់ពីពេលដែលរមូរសមុទ្រស្លាប់បានត្រូវសរសេរនៅចុងសម័យវិហារទី២ ដែលប្រហែលជា២.០០០ឆ្នាំមុន និងសៀវភៅបុរាណមួយដែលហៅថា អាឡេបប៉ូខូឌីច (Aleppo Codex) ដែលបានត្រូវសរសេរនៅសតវត្សរ៍ទី១០ គ.ស.»។ (The Jerusalem Post) យោងទៅតាមអ្នកជំនាញការ រមូរនោះដែលហាក់ដូចជាបានត្រូវបើក បង្ហាញថាសៀវភៅប្រាំដំបូងនៃគម្ពីរដែលបានចម្លងដោយពួកម៉ាសុរិត «បានត្រូវរក្សាទុកយ៉ាងស្មោះត្រង់អស់រាប់ពាន់ឆ្នាំ ហើយថាកំហុសពីការចម្លងមិនបានផ្លាស់ប្ដូរបទគម្ពីរនោះទេ»។