ព្រះសន្យាថាផែនដីយើងនឹងនៅស្ថិតស្ថេរ
«ផែនដីគឺអស្ចារ្យជាងយើងនឹកស្មាន»។
នេះគឺជាការសន្និដ្ឋានរបស់ក្រុមពួកអ្នកស្រាវជ្រាវអន្តរជាតិស្ដីអំពីការប្រែប្រួលអាកាសធាតុ។ បើអ្នកជឿថាមានអ្នកបង្កើតដែលយកចិត្តទុកដាក់ចំពោះមនុស្សជាតិ ការសន្និដ្ឋាននេះប្រហែលជារំលឹកអ្នកអំពីប្រព័ន្ធដំណើរការធម្មជាតិជាច្រើនដែលព្រះបានបង្កើតដើម្បីធ្វើឲ្យផែនដីមានសភាពល្អដូចដើម។
ក៏ប៉ុន្តែ ដោយសារមនុស្សបានបង្ខូចផែនដីខ្លាំងហួសហេតុពេក ផែនដីមិនអាចទៅជាល្អឡើងវិញបានដោយខ្លួនឯងឡើយ។ ហេតុអ្វីយើងអាចមានទំនុកចិត្តថាព្រះនឹងដោះស្រាយបញ្ហាទាំងនេះ?
សូមកត់សម្គាល់បទគម្ពីរក្នុងប្រអប់នេះដែលធានាថាផែនដីនឹងនៅស្ថិតស្ថេរ និងស្រស់ស្អាតជានិច្ច។
ព្រះបានបង្កើតផែនដីរបស់យើង។ «កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។—ដើមកំណើត ១:១
ផែនដីគឺជារបស់ព្រះ។ «ផែនដីនិងអ្វីៗទាំងអស់នៅផែនដីជារបស់ព្រះយេហូវ៉ា a»។—ចម្រៀងសរសើរព្រះ ២៤:១
ព្រះបានបង្កើតផែនដីយើងឲ្យនៅស្ថិតស្ថេរ។ «លោកបានដាក់គ្រឹះផែនដីឲ្យនៅខ្ជាប់ខ្ជួន ហើយផែនដីនឹងមិនរង្គោះរង្គើរហូតតទៅ»។—ចម្រៀងសរសើរព្រះ ១០៤:៥
ព្រះសន្យាថានឹងមានជីវិតនៅលើផែនដីជារៀងរហូត។ «ព្រះយេហូវ៉ាជាព្រះដ៏ពិត . . . លោកបានសូនផែនដី . . . លោកមិនបានបង្កើតផែនដីឲ្យនៅទទេនោះទេ តែបានបង្កើតផែនដីជាទីអាស្រ័យនៅវិញ»។—អេសាយ ៤៥:១៨
ព្រះសន្យាថាមនុស្សនឹងរស់នៅលើផែនដីជារៀងរហូត។ «មនុស្សសុចរិតនឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។—ចម្រៀងសរសើរព្រះ ៣៧:២៩
ព្រះបានបង្កើតផែនដីតាមរបៀបដ៏អស្ចារ្យ ដើម្បីមនុស្សអាចមានជីវិតសប្បាយដោយមិនមានផលប៉ះពាល់ដល់ផែនដីឡើយ។ គម្ពីរប្រាប់ទុកជាមុនថា នៅពេលកំណត់របស់ព្រះយេហូវ៉ា លោកនឹងបំបាត់ចោលអ្វីៗទាំងអស់ដែលមនុស្សធ្វើដែលបង្ខូចផែនដី។—ការបើកបង្ហាញ ១១:១៨
គម្ពីរសន្យាថានៅពេលនោះ ព្រះនឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានដ៏ស្រស់ស្អាត ហើយលោកនឹងលាដៃ«បំពេញបំណងប្រាថ្នារបស់ជីវិតទាំងឡាយ»។—ចម្រៀងសរសើរព្រះ ១៤៥:១៦
a យេហូវ៉ាជាឈ្មោះរបស់ព្រះដែលមានក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ៨៣:១៨