លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះជានរណា?

តើព្រះជានរណា?

តើ​ព្រះ​ជា​នរណា?

តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​នោះ​យ៉ាង​ដូច​ម្ដេច? មនុស្ស​ជា​ទូទៅ​ជឿ​ថា​មាន​ព្រះ​មែន ពួក​គេ​ស្រឡាញ់​ព្រះ​យ៉ាង​អស់​ពី​ចិត្ត ហើយ​កោត​ខ្លាច​លោក​ផង​ដែរ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ស្គាល់​ព្រះ​មិន​ច្បាស់​ទេ។ ប្រសិន​បើ​អ្នក​ជឿ​ទៅ​លើ​ព្រះ តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ដូច​ម្ដេច?

១​. តើ​ព្រះ​ជា​បុគ្គល​ពិត​ទេ?

២​.​តើ​ព្រះ​មាន​នាម​ទេ?

៣​.​តើ​លោក​យេស៊ូ​ជា​ព្រះ​ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត​ឬ?

៤​. តើ​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ទេ?

៥​. តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​គ្រប់​បែប​គ្រប់​យ៉ាង​ឬ​ទេ?

ប្រសិន​បើ​អ្នក​សួរ​អ្នក​ដទៃ​សំណួរ​ទាំង​នេះ អ្នក​នឹង​ទទួល​ចម្លើយ​យ៉ាង​ច្រើន​ដែល​ប្លែកៗ​ពី​គ្នា។ ម្ល៉ោះ​ហើយ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ! ដែល​រឿង​ព្រេង​និង​គំនិត​ខុស​ឆ្គង​អំពី​ព្រះ​ត្រូវ​បាន​លូត​លាស់។

ចម្លើយ​មាន​សារៈ​សំខាន់

ពេល​លោក​យេស៊ូ​គ្រិស្ត​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​ដែល​ជឿ​លើ​ព្រះ នោះ​លោក​បាន​បញ្ជាក់​ពី​ការ​ចាំ​បាច់​ក្នុង​ការ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ។ ស្ត្រី​នោះ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់។ ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ខ្វល់។ សាសនា​របស់​លោក​យេស៊ូ​គឺ​ខុស​ពី​នាង។ ពេល​នាង​ជម្រាប​ប្រាប់​លោក​យេស៊ូ​អំពី​កង្វល់​នេះ នោះ​លោក​និយាយ​យ៉ាង​ចំៗ​ថា​៖ «អ្នក​រាល់​គ្នា​គោរព​ប្រណិប័តន៍​ដោយ​គ្មាន​ចំណេះ»។ (យ៉ូហាន ៤:១៩​-​២២) គឺ​ឃើញ​ច្បាស់​ហើយ លោក​យេស៊ូ​បាន​បង្រៀន​ថា​មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ជឿ​លើ​ព្រះ ពិត​ជា​ស្គាល់​ឬ​មាន​ចំណេះ​អំពី​ព្រះ​ឡើយ។

តើ​ពាក្យ​របស់​លោក​យេស៊ូ​បាន​សេចក្ដី​ថា​គ្មាន​នរណា​អាច​ស្គាល់​ព្រះ​ឬ? មិន​មែន​ដូច្នេះ​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស្ត្រី​នេះ​ទៀត​ថា​៖ «អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​នឹង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្ម​ពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​កំពុង​រក​មនុស្ស​បែប​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​លោក»។ (យ៉ូហាន ៤:២៣) តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ ដោយ​«មាន​ការ​ដឹក​នាំ​ពី​សកម្ម​ពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត»​ឬ​ទេ?

ការ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចម្លើយ​ចំពោះ​សំណួរ​នោះ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក។ ហេតុ​អ្វី​បាន​ជា​មាន​សារៈ​សំខាន់​ណាស់? លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​នូវ​ការ​ចាំ​បាច់​ឲ្យ​មាន​ចំណេះ​ត្រឹម​ត្រូវ​ពេល​លោក​អធិដ្ឋាន​ថា​៖ «ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក»។ (យ៉ូហាន ១៧:៣) ត្រូវ​ហើយ ឱកាស​ដែល​អ្នក​មាន​ដើម្បី​ទទួល​ជីវិត​នៅ​ថ្ងៃ​អនាគត គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ!

តើ​យើង​ពិត​ជា​អាច​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​បាន​ទេ? ពិត​ជា​អាច​មែន! បើ​ដូច្នេះ តើ​អ្នក​អាច​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​មាន​ប្រសា​ស​ន៏​អំពី​ខ្លួន​ថា​៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ»។ (យ៉ូហាន ១៤:៦) លោក​ក៏​បាន​ពោល​ថា​៖ «គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក និង​អ្នក​ដែល​បុត្រ​របស់​លោក​សុខ​ចិត្ត​បើក​សម្ដែង​ឲ្យ​ស្គាល់​នោះ​ទេ»។—លូកា ១០:២២

ដូច្នេះ វិធី​ដែល​យើង​អាច​ស្គាល់​ព្រះ​គឺ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ដែល​ជា​បុត្រ​របស់​ព្រះ។ តាម​ពិត លោក​យេស៊ូ​សន្យា​ថា​៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន។ ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព»។—យ៉ូហាន ៨:៣១, ៣២

ដូច្នេះ ចំពោះ​សំណួរ​ទាំង​ប្រាំ​ដែល​បាន​លើក​ឡើង​នៅ​ដើម​អត្ថបទ​នេះ តើ​លោក​យេស៊ូ​នឹង​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?