លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ខ្ញុំ​រស់​ដើម្បី​ខ្លួន​ឯង​ប៉ុណ្ណោះ

រៀប​រាប់​ដោយ​គ្រិស្តុហ្វ បូអឺ

ឆ្នាំ​កំណើត: ១៩៥១

ប្រទេស​កំណើត: អាឡឺម៉ង់

ប្រវត្ដិ: ជា​មនុស្ស​មាន​អំណួត និង​ធ្វើ​តាម​ទំនើង​ចិត្ត

អតីតកាល​របស់​ខ្ញុំ: ពេល​ខ្ញុំ​អាយុ​ប្រហែល​ជា​ពីរ​បី​ឆ្នាំ ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​រស់​នៅ​ជិត​ទី​ក្រុង​លេពហ្សិក ភាគ​ខាង​កើត​អាឡឺម៉ង់ ដែល​មិន​សូវ​ឆ្ងាយ​ពី​ព្រំដែន​សាធារណរដ្ឋឆេកូ​និង​ប្រទេស​ប៉ូឡូញ។ ពេល​ខ្ញុំ​មាន​អាយុ​៦​ឆ្នាំ ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​រើ​ផ្ទះ​ទៅ​ក្រៅ​ប្រទេស​ដោយ​សារ​ការ​ងារ​របស់​ឪពុក​ខ្ញុំ។ ពេល​នោះ​គឺ​ជា​លើក​ទី១​ហើយ ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេស៊ីល រួច​មក​ទៅ​ប្រទេស​អេក្វាឌ័រ។

ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​មួយ​ក្នុង​ប្រទេស​អាឡឺម៉ង់ ហើយ​ត្រូវ​ស្នាក់​នៅ​សាលា​នោះ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​រស់​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ឆ្ងាយ​ពី​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវ​មើល​ថែ​ខ្លួន​ឯង។ ខ្ញុំ​បាន​ទៅ​ជា​មនុស្ស​ដែល​ពឹង​ផ្អែក​ទៅ​លើ​តែ​ខ្លួន​ឯង។ ខ្ញុំ​មិន​សូវ​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ថា នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត​ទេ។

នៅ​ពេល​ខ្ញុំ​អាយុ​១៧​ឆ្នាំ ឪពុក​ម្ដាយ​ខ្ញុំ​បាន​ត្រឡប់​មក​រស់​នៅ​ប្រទេស​អាឡឺម៉ង់​វិញ។ មុន​ដំបូង ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​នឹង​ពួក​គាត់។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ធ្វើ​តាម​ទំនើង​ចិត្ត ហើយ​មិន​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ឯ​ទៀត នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​រស់​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ពួក​គាត់។ ដូច្នេះ ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​បាន​បែក​ផ្ទះ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង​វិញ។

ខ្ញុំ​ចង់​ស្វែងរក​គោល​បំណង​នៃ​ជីវិត​កាន់​តែ​ខ្លាំង​ឡើងៗ។ ក្រោយ​ពី​សង្កេត​មើល​របៀប​រស់​នៅ​ផ្សេងៗនិង​អង្គការ​នានា ខ្ញុំ​បាន​ជឿ​ជាក់​ថា​អ្វី​ដែល​ល្អ​បំផុត​ចំពោះ​ជីវិត​ខ្ញុំ គឺ​ត្រូវ​ប្រើ​ជីវិត​នោះ​ដើម្បី​មើល​អ្វីៗដ៏​ស្រស់​ស្អាត​នៅ​ផែន​ដី​នេះ មុន​នឹង​វា​ត្រូវ​មនុស្ស​បំផ្លាញ​ចោល។

ខ្ញុំ​បាន​ចេញ​ពី​ប្រទេស​អាឡឺម៉ង់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទ្វីប​អាហ្វ្រិក​ដោយ​ជិះ​ម៉ូតូ។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ត្រឡប់​ទៅ​អឺរ៉ុប​វិញ ដើម្បី​ជួស​ជុល​ម៉ូតូ។ ក្រោយ​ពី​នោះ​បន្ដិច ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​មួយ​នៅ​ប្រទេស​ព័រទុយហ្គាល់។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទុក​ម៉ូតូ ហើយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ទូក​វិញ។

ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​យុវជន​មួយ​ក្រុម ដែល​បាន​រៀបចំ​ធ្វើ​ដំណើរ​តាម​ទូក​ក្ដោង​ធំ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិច។ ក្នុង​ចំណោម​ពួក​យុវជន​នោះ ខ្ញុំ​បាន​ជួប​ស្រី​ម្នាក់​ឈ្មោះ​ឡូរី ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​ខ្ញុំ។ មុន​ដំបូង យើង​ជិះ​ទៅ​កោះ​ការីប ក្រោយ​មក​យើង​ស្នាក់​នៅ​ប្រទេស​ព័រតូរីកូ​អស់​មួយ​រយៈ​ពេល​ខ្លី រួច​មក​យើង​ត្រឡប់​ទៅ​អឺរ៉ុប​វិញ។ ខ្ញុំ​និង​ឡូរី​បាន​សង្ឃឹម​ថា​នឹង​ទិញ​បាន​ទូក​ក្ដោង​មួយ​ដែល​យើង​អាច​កែ​ច្នៃ​ទៅ​ជា​ទូក​សម្រាប់​ស្នាក់​នៅ។ ប៉ុន្តែ ក្រោយ​ពី​ស្វែងរក​អស់​បី​ខែ​មក គម្រោង​នោះ​បាន​ផ្អាក​ទៅ​វិញ ព្រោះ​ខ្ញុំ​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​ជា​ទាហាន​អាឡឺម៉ង់។

ខ្ញុំ​បាន​ធ្វើ​ជា​ទាហាន​ជើង​ទឹក​អាឡឺម៉ង់​អស់​១៥​ខែ។ ក្នុង​អំឡុង​ពេល​នោះ ឡូរី​និង​ខ្ញុំ​បាន​រៀប​ការ ហើយ​យើង​បាន​រៀបចំ​បន្ត​ជីវិត​ផ្សង​ព្រេង​របស់​យើង​ទៀត។ មុន​បន្ដិច​ពេល​ខ្ញុំ​បាន​ធ្វើ​ជា​ទាហាន ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​ទិញ​សំបក​ទូក​ធំ​មួយ។ នៅ​ពេល​ខ្ញុំ​កំពុង​បម្រើជា​ទាហាន ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​កែ​ច្នៃ​សំបក​ទូក​ធំ​នោះ​បន្ដិច​ម្ដងៗឲ្យ​ក្លាយ​ទៅ​ជា​ទូក​ក្ដោង​ធំ​មួយ។ យើង​មាន​គម្រោង​រស់​នៅ​ក្នុង​ទូក​នោះ ហើយ​បន្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ជុំ​វិញ​ផែន​ដី​ដ៏​ស្អាត​នេះ។ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​ឈប់​ធ្វើ​ជា​ទាហាន ហើយ​មុន​នឹង​យើង​បង្ហើយ​ការ​កែ​ច្នៃ​ទូក​នោះ នៅ​ពេល​នោះ​យើង​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: មុន​ដំបូង ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ច្រើន​ក្នុង​ជីវិត​ខ្ញុំ​នោះ​ទេ។ ព្រោះ​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ដែល​ខ្ញុំ​កំពុង​រស់​នៅ​ជា​មួយ ហើយ​ខ្ញុំ​ក៏​បាន​ឈប់​ជក់​បារី​ដែរ។ (អេភេសូរ ៥:៥) ស្តី​អំពី​គម្រោង​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក ខ្ញុំ​បាន​គិត​ថា​ការ​ប្រើ​ជីវិត​បែប​នេះ​ដើម្បី​សង្កេត​មើល​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​ព្រះ គឺ​ជា​អ្វី​ដែល​យើង​សម​នឹង​ធ្វើ​ណាស់។

ប៉ុន្តែ តាម​ពិត​ខ្ញុំ​ពិត​ជា​ត្រូវ​កែ​ប្រែ​មែន ជា​ពិសេស​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ។ ការ​មាន​អំណួត​និង​មាន​ចិត្ត​គំនិត​ពឹង​ផ្អែក​ទៅ​លើ​ខ្លួន​ហួស​ហេតុ​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​និង​សមិទ្ធិ​ផល​របស់​ខ្ញុំ។ បើ​និយាយ​ទៅ​ខ្ញុំ​រស់​គឺ​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។

ថ្ងៃ​មួយ ខ្ញុំ​បាន​អាន​សុន្ទរកថា​ដ៏​ល្បី​របស់​លោក​យេស៊ូ។ (ម៉ាថាយ ជំពូក​ទី​៥​-​៧) មុន​ដំបូង ខ្ញុំ​មិន​យល់​អំពី​សុភមង្គល​ពិត ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នោះ​ទេ។ ជា​ឧទាហរណ៍ លោក​បាន​ប្រាប់​ថា​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នឹង​មាន​សុភមង្គល។ (ម៉ាថាយ ៥:៦) ខ្ញុំ​ឆ្ងល់​ថា តើ​តាម​របៀប​ណា​ដែល​មនុស្ស​ដែល​កំពុង​ស្រេក​ឃ្លាន អាច​មាន​សុភមង្គល​បាន? កាល​ដែល​ខ្ញុំ​បន្ត​រៀន​គម្ពីរ ខ្ញុំ​បាន​យល់​ថា យើង​ទាំង​អស់​គ្នា​ពិត​ជា​ស្រេក​ឃ្លាន​ការ​ណែនាំ​ពី​ព្រះ។ ប៉ុន្តែ យើង​ត្រូវ​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា យើង​ពិត​ជា​ត្រូវ​ការ​ការ​ណែនាំ​នោះ​មែន។ ដូច​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា៖ «អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ»។—ម៉ាថាយ ៥:៣

ក្រោយ​ពី​ចាប់​ផ្ដើម​រៀន​គម្ពីរ​នៅ​ប្រទេស​អាឡឺម៉ង់ ឡូរី​និង​ខ្ញុំ​បាន​រើ​ផ្ទះ​ទៅ​ប្រទេស​បារាំង ហើយ​ក្រោយ​មក​ទៅ​ប្រទេស​អ៊ីតាលី។ កន្លែង​ណា​ដែល​យើង​ទៅ យើង​តែង​តែ​ជួប​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​កោត​ស្ងើច​ខ្លាំង​ណាស់​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ពួក​គេ​និង​សាមគ្គី​ភាព​ដែល​ពួក​គេ​មាន។ ខ្ញុំ​ឃើញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក​មែន។ (យ៉ូហាន ១៣:៣៤, ៣៥) ក្រោយ​មក ឡូរី​និង​ខ្ញុំ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។

ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ។ ឡូរី​និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចេញ​ទូក​ក្ដោង​របស់​យើង​ទៅ​ឆ្នេរ​សមុទ្រ​អាហ្វ្រិក ហើយ​កាត់​មហា​សមុទ្រ​អា​ត្លង់​ទិច ឆ្ពោះ​ទៅ​សហរដ្ឋ​អាម៉េរិក។ នៅ​លើ​មហា​សមុទ្រ​មាន​តែ​យើង​ពីរ​នាក់​ជិះ​ទូក​ដ៏​តូច​មួយ ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ទឹក​សមុទ្រ​ល្វឹងល្វើយ​ដាច់​កន្ទុយ​ភ្នែក។ ពេល​នោះ​ខ្ញុំ​បាន​យល់​ថា ខ្ញុំ​ពិត​ជា​តូច​តាច​ណាស់​បើ​ប្រៀប​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ​របស់​យើង។ ដោយ​សារ​ខ្ញុំ​មាន​ពេល​ច្រើន​នៅ​លើ​មហា​សមុទ្រ ខ្ញុំ​បាន​ចំណាយ​ពេល​នោះ​ដើម្បី​អាន​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ខ្ញុំ​បាន​កោត​ស្ងើច​ណាស់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​អាន ជា​ពិសេស​កំណត់​ហេតុ​អំពី​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី។ លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នឹង​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​លើស​ពី​អ្វី​ដែល​ខ្ញុំ​អាច​ស្រមៃ​គិត ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​ដែល​ផ្ដោត​អារម្មណ៍​មក​លើ​ខ្លួន​លោក​នោះ​ទេ។ លោក​បាន​ប្រើ​ជីវិត​របស់​លោក​ដើម្បី​បិតា​លោក​នៅ​ស្ថាន​សួគ៌ មិន​មែន​ដើម្បី​ខ្លួន​លោក​ឡើយ។

កាល​ដែល​ខ្ញុំ​រំពឹង​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ត្រូវ​ចាត់​ទុក​អ្វី​ផ្សេង​ទៀត​ដែល​ខ្ញុំ​ចង់​ធ្វើ​ពី​មុន ជា​រឿង​បន្ទាប់​បន្សំ​វិញ។ (ម៉ាថាយ ៦:៣៣) នៅ​ទី​បំផុត ឡូរី​និង​ខ្ញុំ​បាន​ទៅ​ដល់​សហរដ្ឋ​អាម៉េរិក។ យើង​បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ទៀត ហើយ​រស់​នៅ​ទី​នោះ ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​វិញ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ពី​មុន​ខ្ញុំ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​ខ្លួន​ឯង ហើយ​ជា​ញឹក​ញយ​ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា​ខ្លួន​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ។ ក៏​ប៉ុន្តែ ឥឡូវ​ខ្ញុំ​បាន​រក​ឃើញ​ប្រភព​នៃ​ប្រាជ្ញា​ពិត​ប្រាកដ​ដើម្បី​ណែនាំ​ខ្ញុំ។ (អេសាយ ៤៨:១៧, ១៨) ខ្ញុំ​ក៏​មាន​គោល​បំណង​ក្នុង​ជីវិត ដែល​ពី​មុន​ខ្ញុំ​មិន​ធ្លាប់​មាន​ទេ ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ព្រះ និង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​លោក។

ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​បាន​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​និង​ឡូរី​ឲ្យ​រឹង​មាំ​ឡើង។ យើង​ទាំង​ពីរ​នាក់​ក៏​បាន​មាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​មួយ ដែល​ជា​ពរ​មក​ពី​ព្រះ។ បន្ដិច​ម្ដងៗ នាង​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។

ជីវិត​របស់​យើង​មិន​តែង​តែ​ងាយ​ស្រួល​ទេ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា នោះ​យើង​បាន​តាំង​ចិត្ត​ថា យើង​នឹង​បន្ត​ទុក​ចិត្ត​ទៅ​លើ​លោក ហើយ​បម្រើ​លោក​ជា​និច្ច។—សុភាសិត ៣:៥, ៦

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៥]

ខ្ញុំ​បាន​ទទួល​ស្គាល់​ថា រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ