លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣

តើ​ដំណឹង​ល្អ​នេះ​ពិត​ជា​មក​ពី​ព្រះ​មែន​ឬ?

តើ​ដំណឹង​ល្អ​នេះ​ពិត​ជា​មក​ពី​ព្រះ​មែន​ឬ?

១​. តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​គម្ពីរ​បរិសុទ្ធ?

ក្នុង​គម្ពីរ​បរិសុទ្ធ​មាន​ដំណឹង​ល្អ​ស្ដី​អំពី​មនុស្ស​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ (​ទំនុក​តម្កើង ៣៧:២៩​) គម្ពីរ​បរិសុទ្ធ​មាន​សៀវភៅ​តូច​ៗ​ចំនួន​៦៦​ក្បាល។ ព្រះ​បាន​ប្រើ​មនុស្ស​ស្មោះ​ត្រង់​ប្រហែល​៤០​នាក់​ដើម្បី​សរសេរ​គម្ពីរ​បរិសុទ្ធ។ ប្រហែល​៣.៥០០​ឆ្នាំ​មុន បុរស​ម្នាក់​ឈ្មោះ​ម៉ូសេ​បាន​សរសេរ​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ក្នុង​គម្ពីរ ហើយ​ជាង​១.៩០០​ឆ្នាំ​មុន សាវ័ក​យ៉ូហាន​បាន​សរសេរ​សៀវភៅ​ចុង​ក្រោយ។ តើ​អ្នក​សរសេរ​គម្ពីរ​បាន​សរសេរ​គំនិត​របស់​អ្នក​ណា? ព្រះ​បាន​ប្រើ​វិញ្ញាណ​ឬ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដែល​សរសេរ​គម្ពីរ។ (​សាំយូអែល​ទី២ ២៣:២​) ពួក​គេ​បាន​សរសេរ​គំនិត​របស់​ព្រះ មិន​មែន​គំនិត​របស់​ខ្លួន​ទេ។ ដូច្នេះ​អ្នក​និពន្ធ​គម្ពីរ​គឺ​ព្រះ​យេហូវ៉ា។—សូម​អាន ធីម៉ូថេ​ទី២ ៣:១៦; ពេត្រុស​ទី២ ១:២០, ២១

សូម​មើល​វីដេអូ តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​គម្ពីរ​បរិសុទ្ធ?

២​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ?

យើង​ដឹង​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ ដោយ​សារ​គម្ពីរ​បរិសុទ្ធ​បាន​ទាយ​ប្រាប់​យ៉ាង​ល្អិត​ល្អន់​និង​យ៉ាង​ត្រឹម​ត្រូវ​អំពី​អនាគត។ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ធ្វើ​កិច្ច​ការ​ដូច​នេះ​បាន​ទេ។ (​យ៉ូស្វេ ២៣:១៤​) មាន​តែ​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​ប៉ុណ្ណោះ ដែល​អាច​ទាយ​ប្រាប់​អំពី​អនាគត​របស់​មនុស្ស​ជាតិ​បាន​យ៉ាង​ត្រឹម​ត្រូវ។—សូម​អាន អេសាយ ៤២:៩; ៤៦:១០

បើ​គម្ពីរ​បរិសុទ្ធ​មក​ពី​ព្រះ​មែន នោះ​យើង​រំពឹង​ថា​គម្ពីរ​ជា​សៀវភៅ​ពិសេស​មួយ។ តាម​ពិត គម្ពីរ​គឺ​ពិសេស​មែន។ ព្រោះ​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​បោះ​ពុម្ព​រាប់​ពាន់​លាន​ក្បាល​និង​រាប់​រយ​ភាសា។ ទោះ​ជា​គម្ពីរ​បាន​ត្រូវ​សរសេរ​នៅ​សម័យ​បុរាណ​ក៏​ពិត​មែន តែ​គម្ពីរ​បរិសុទ្ធ​គឺ​ស្រប​គ្នា​នឹង​វិទ្យា​សាស្ដ្រ​ដែល​មាន​ទី​សម្អាង​ត្រឹម​ត្រូវ។ គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស​ចំនួន​៤០​នាក់ តែ​គម្ពីរ​បរិសុទ្ធ​មាន​សាច់​រឿង​ស្រប​គ្នា។ បន្ថែម​ទៅ​ទៀត អ្វី​ដែល​គម្ពីរ​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​បញ្ជាក់​ច្បាស់​ថា​គម្ពីរ​មក​ពី​ព្រះ​ពិត​មែន។ គម្ពីរ​នៅ​តែ​មាន​ឫទ្ធា​នុភាព​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​របៀប​រស់​នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង។ ហេតុ​ការណ៍​ពិត​ទាំង​នេះ​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ជឿ​ជាក់​ថា គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។—សូម​អាន ថែស្សាឡូនិច​ទី​១ ២:១៣

សូម​មើល​វីដេអូ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ?

៣​. តើ​គម្ពីរ​បរិសុទ្ធ​រៀប​រាប់​អំពី​អ្វី?

ដំណឹង​ល្អ​ដែល​សំខាន់​បំផុត​ក្នុង​គម្ពីរ​បរិសុទ្ធ គឺ​ព្រះ​មាន​គោល​បំណង​ចំពោះ​មនុស្ស​ជាតិ។ គោល​បំណង​នោះ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក។ បទ​គម្ពីរ​រៀប​រាប់​អំពី​របៀប​ដែល​មនុស្ស​ដំបូង​បាន​បាត់​បង់​ឯកសិទ្ធិ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន និង​អំពី​របៀប​ដែល​ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ម្ដង​ទៀត។—សូម​អាន ការ​បើក​បង្ហាញ ២១:៤, ៥

បណ្ដាំ​របស់​ព្រះ​មាន​ចែង​អំពី​ច្បាប់ និង​ដំបូន្មាន​ជា​ច្រើន។ បន្ថែម​ទៅ​ទៀត ក្នុង​គម្ពីរ​ក៏​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ជាតិ។ តាម​រយៈ​កំណត់​ហេតុ​ទាំង​នេះ យើង​អាច​រៀន​អំពី​គុណ​សម្បត្តិ​របស់​ព្រះ។ ដូច្នេះ គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​ស្គាល់​ព្រះ។ គម្ពីរ​ក៏​ពន្យល់​អំពី​របៀប​ដែល​លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ដែរ។—សូម​អាន ទំនុក​តម្កើង ១៩:៧, ១១; យ៉ាកុប ២:២៣; ៤:៨

៤​. តើ​លោក​អ្នក​អាច​យល់​អត្ថន័យ​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

សៀវភៅ​នេះ​នឹង​ជួយ​លោក​អ្នក​ឲ្យ​យល់​អត្ថន័យ​ក្នុង​គម្ពីរ ដោយ​ប្រើ​វិធី​ដូច​ដែល​លោក​យេស៊ូ​ធ្លាប់​ប្រើ។ លោក​បាន​លើក​ខ​គម្ពីរ​ផ្សេង​ៗ ហើយ​ពន្យល់​«​អត្ថន័យ​នៃ​បទ​គម្ពីរ​»​ទាំង​នោះ។—សូម​អាន លូកា ២៤:២៧, ៤៥

មិន​សូវ​មាន​អ្វី​ដែល​នាំ​ឲ្យ​យើង​រំភើប​ចិត្ត​ខ្លាំង​ជាង​ការ​ឮ​ដំណឹង​ល្អ​ពី​ព្រះ​ឡើយ។ ប៉ុន្តែ មនុស្ស​ខ្លះ​មិន​ចាប់​អារម្មណ៍​នឹង​ដំណឹង​នោះ​ទេ ហើយ​មនុស្ស​ខ្លះ​ទៀត​បែរ​ជា​ខឹង​ទៅ​វិញ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កុំ​ឲ្យ​ប្រតិកម្ម​របស់​ពួក​គេ​ធ្វើ​ឲ្យ​លោក​អ្នក​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ លោក​អ្នក​ត្រូវ​ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់ ទើប​លោក​អ្នក​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន យ៉ូហាន ១៧:៣