លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៥

ហាណាអធិដ្ឋានសុំមានកូនប្រុស

ហាណាអធិដ្ឋានសុំមានកូនប្រុស

បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​អេលកាណា មាន​ប្រពន្ធ​ពីរ​នាក់ ម្នាក់​ឈ្មោះ​ហាណា ហើយ​ម្នាក់​ទៀត​ឈ្មោះ​ផេនីណា។ ប៉ុន្តែ គាត់​ស្រឡាញ់​ហាណា​ច្រើន​ជាង។ ផេនីណា​មាន​កូន​ច្រើន តែ​ហាណា​គ្មាន​កូន​ទេ ដូច្នេះ​ផេនីណា​ចំអក​មើល​ងាយ​ហាណា​គ្រប់​ពេល​វេលា។ ជា​រៀង​រាល់​ឆ្នាំ អេលកាណា​នាំ​ក្រុម​គ្រួសារ​ទាំង​មូល​ទៅ​គោរព​ប្រណិប័តន៍​ព្រះ នៅ​ឯ​វិហារ​ក្នុង​ក្រុង​ស៊ីឡូរ។ កាល​ដែល​ពួក​គេ​នៅ​ទី​នោះ អេលកាណា​បាន​សង្កេត​ឃើញ​ហាណា​ប្រពន្ធ​ជា​ទី​ស្រឡាញ់ កំពុង​សោកសៅ​ជា​ខ្លាំង។ គាត់​លួង​លោម​នាង​ថា​៖ ‹កុំ​យំ​អី​ហាណា អូន​នៅ​មាន​បង។ បង​ស្រឡាញ់​អូន›។

បន្ទាប់​មក ហាណា​បាន​ចេញ​ទៅ​អធិដ្ឋាន​តែ​ម្នាក់​ឯង។ នាង​អធិដ្ឋាន​ទាំង​ទឹក​ភ្នែក អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​នាង។ នាង​សន្យា​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា បើ​លោក​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​ឲ្យ​កូន​នៅ​បម្រើ​លោក​អស់​មួយ​ជីវិត›។

ពេល​សម្ដេច​សង្ឃ​អេលី​ឃើញ​ហាណា​យំ​អណ្ដឺតអណ្ដក គាត់​គិត​ថា​នាង​ស្រវឹង​ស្រា។ ប៉ុន្តែ ហាណា​និយាយ​ថា​៖ ‹មិន​មែន​ទេ​លោក​ម្ចាស់ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទេ។ ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ បាន​ជា​ខ្ញុំ​កំពុង​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​ទុក្ខ​លំបាក​របស់​ខ្ញុំ›។ កាល​អេលី​ដឹង​ថា​ខ្លួន​យល់​ខុស គាត់​ប្រាប់​នាង​ថា​៖ ‹សូម​ឲ្យ​ព្រះ​ធ្វើ​តាម​សំណូម​ពរ​របស់​នាង›។ ដូច្នេះ ហាណា​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន រួច​នាង​ក៏​ត្រឡប់​ទៅ​វិញ។ មិន​ដល់​មួយ​ឆ្នាំ​ផង នាង​មាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​សាំយូអែល។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ហាណា​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទេ?

ហាណា​មិន​ភ្លេច​ពាក្យ​សន្យា​របស់​នាង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ បន្ទាប់​ពី​នាង​ផ្ដាច់​ដោះ​សាំយូអែល​ភ្លាម នាង​ក៏​នាំ​កូន​ឲ្យ​ទៅ​បម្រើ​នៅ​ឯ​វិហារ​របស់​ព្រះ។ នាង​ជម្រាប​អេលី​ថា​៖ ‹នេះ​ជា​កូន​ប្រុស​ដែល​ខ្ញុំ​បាន​អធិដ្ឋាន​សុំ។ កូន​នេះ​ជា​របស់​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត›។ អេលកាណា​និង​ហាណា​ទៅ​លេង​សាំយូអែល​រាល់​ឆ្នាំ ហើយ​តែង​តែ​មាន​អាវ​ថ្មី​ឲ្យ​កូន​ជា​និច្ច។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ហាណា​មាន​កូន​ប្រុស​បី​នាក់ និង​កូន​ស្រី​ពីរ​នាក់​ទៀត។

​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ​»។—ម៉ាថាយ ៧:៧