លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើកូនមានឥទ្ធិពលយ៉ាងណាទៅលើចំណងអាពាហ៍ពិពាហ៍?

តើកូនមានឥទ្ធិពលយ៉ាងណាទៅលើចំណងអាពាហ៍ពិពាហ៍?

«កូនចៅជាមរដកមកពីព្រះយេហូវ៉ា»។—ទំនុកតម្កើង ១២៧:៣

ពេលដែលកូនកើតមក ឪពុកម្ដាយរំភើបចិត្ដណាស់ ហើយទន្ទឹមនឹងនោះពួកគាត់ក៏គិតយ៉ាងខ្លាំងដែរ អំពីភារកិច្ចរបស់ពួកគាត់។ ជាឪពុកម្ដាយថ្មី អ្នកប្រហែលជាភ្ញាក់ផ្អើលដោយឃើញថា អ្នកត្រូវចំណាយពេលវេលានិងកម្លាំងស្ទើរតែទាំងអស់ដើម្បីមើលថែកូន។ ការសម្រាន្ដមិនគ្រប់គ្រាន់ ព្រមជាមួយនឹងការផ្លាស់ប្ដូរខាងផ្លូវចិត្ដ អាចធ្វើឲ្យមានភាពតានតឹងក្នុងទំនាក់ទំនងប្ដីប្រពន្ធ។ អ្នកនិងគូត្រូវតែកែប្រែរបៀបរស់នៅដើម្បីមើលថែកូនផង ហើយដើម្បីការពារចំណងអាពាហ៍ពិពាហ៍របស់អ្នកផង។ តើឱវាទក្នុងគម្ពីរអាចជួយអ្នកទាំងពីរឲ្យដោះស្រាយការពិបាកទាំងនេះយ៉ាងដូចម្ដេច?

១ ទទួលស្គាល់ថាការមានកូនធ្វើឲ្យជីវិតផ្លាស់ប្ដូរ

គម្ពីររៀបរាប់ថា: «សេចក្ដីស្រឡាញ់មានចិត្ដធ្ងន់ហើយក៏សប្បុរស» ហើយសេចក្ដីស្រឡាញ់«មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង»។ (កូរិនថូសទី១ ១៣:៤, ៥) ជាម្ដាយដែលទើបតែមានកូន គឺធម្មតាទេដែលអ្នកផ្ដោតអារម្មណ៍ទៅលើកូនង៉ែតរបស់អ្នក។ ទោះជាយ៉ាងនោះក៏ដោយ ប្ដីរបស់អ្នកប្រហែលជាចាប់ផ្ដើមមានអារម្មណ៍ថាអ្នកលែងអើពើនឹងគាត់ហើយ។ ដូច្នេះ ដើម្បីកុំឲ្យគាត់មានអារម្មណ៍ដូចនេះ អ្នកត្រូវចាំថាប្ដីរបស់អ្នកក៏ត្រូវការអ្នកយកចិត្ដទុកដាក់នឹងគាត់ដែរ។ បើអ្នកមានចិត្ដធ្ងន់និងសប្បុរស អ្នកអាចជួយប្ដីឲ្យដឹងថាអ្នកត្រូវការគាត់ ហើយត្រូវការជំនួយរបស់គាត់ក្នុងការថែទាំកូនដែរ។

គម្ពីរចែងថា«អ្នករាល់គ្នាដែលជាប្ដី បន្ដរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្ដនាងច្បាស់»។ (ពេត្រុសទី១ ៣:៧) សូមយល់ថា ប្រពន្ធអ្នកនឹងចំណាយពេលវេលានិងកម្លាំងជាច្រើនរបស់នាងដើម្បីមើលថែកូន។ នាងមានកិច្ចការថ្មីជាច្រើន ហើយនាងប្រហែលជាតានតឹងចិត្ដ អស់កម្លាំង ឬថែមទាំងធ្លាក់ទឹកចិត្ដទៀតផង។ ពេលខ្លះនាងអាចរហូតដល់ខឹងនឹងអ្នក។ ទោះជាដូច្នោះក៏ដោយ សូមអ្នកខំរក្សាចិត្ដស្ងប់ ព្រោះ«អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង»។ (សុភាសិត ១៦:៣២) សូមគិតពិចារណា ហើយផ្ដល់ការគាំទ្រណាដែលនាងត្រូវការ។—សុភាសិត ១៤:២៩

សូមសាកធ្វើតាមយោបល់នេះ:

  • ឪពុក: សូមជួយមើលថែកូន សូម្បីតែពេលយប់ក្ដី។ សូមកំណត់ពេលវេលាដែលអ្នកចំណាយទៅលើកិច្ចការផ្សេងទៀត ដើម្បីអ្នកអាចមានពេលថែមទៀតនៅជាមួយប្រពន្ធនិងកូនរបស់អ្នក

  • ម្ដាយ: ពេលដែលប្ដីរបស់អ្នកសុំជួយមើលថែកូន សូមឲ្យគាត់ជួយ។ បើគាត់ជួយកិច្ចការណាមួយមិនបានល្អដូចចិត្ដអ្នក សូមកុំរិះគន់គាត់ តែសូមបង្ហាញគាត់ដោយស្លូតបូតអំពីរបៀបធ្វើកិច្ចការនោះ

២ កុំបាត់បង់ភាពស្និទ្ធស្នាជាប្ដីប្រពន្ធ

គម្ពីររៀបរាប់ថា: «ពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។ (ម៉ាថាយ ១៩:៥) សូម្បីតែអ្នកទាំងពីរមានកូនដែលជាសមាជិកថ្មីក្នុងគ្រួសារក៏ដោយ សូមចាំថាអ្នកនិងគូនៅតែជា«សាច់ឈាមតែមួយ»។ សូមខំព្យាយាមអស់ពីសមត្ថភាពដើម្បីពង្រឹងទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកឲ្យរឹងមាំជានិច្ច។

ប្រពន្ធទាំងឡាយ សូមដឹងគុណប្ដីរបស់អ្នកដែលបានជួយគាំទ្រអ្នក។ ពេលអ្នកបង្ហាញកាយវិការនិងទឹកមុខដែលបញ្ជាក់អំពីការដឹងគុណ នោះអាចប្រៀបដូចជា«ថ្នាំផ្សះ»ដែលធ្វើឲ្យគាត់មានកម្លាំងចិត្ដ។ (សុភាសិត ១២:១៨) ប្ដីទាំងឡាយ សូមប្រាប់ប្រពន្ធថា អ្នកស្រឡាញ់និងឲ្យតម្លៃនាងខ្លាំងណាស់។ សូមសរសើរនាងចំពោះកិច្ចការដែលនាងបានធ្វើក្នុងការមើលថែក្រុមគ្រួសារ។—សុភាសិត ៣១:១០, ២៨

គម្ពីរចែងថា«ចូរឲ្យគ្រប់គ្នាសុខចិត្ដលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកទៀត»។ (កូរិនថូសទី១ ១០:២៤) សូមគិតអំពីប្រយោជន៍របស់គូអ្នកជានិច្ច។ ជាប្ដីប្រពន្ធ សូមចំណាយពេលនិយាយគ្នា សរសើរគ្នា ហើយស្តាប់គ្នា។ ស្ដីអំពីការរួមដំណេក សូមកុំគិតតែពីប្រយោជន៍ខ្លួន។ សូមគិតអំពីសេចក្ដីត្រូវការរបស់គូអ្នក។ គម្ពីរចែងថា«កុំបង្អត់គ្នាឡើយ លើកលែងតែបានព្រមព្រៀងគ្នា»។ (កូរិនថូសទី១ ៧:៣-) ដូច្នេះ សូមពិគ្រោះគ្នាអំពីរឿងនេះយ៉ាងស្មោះត្រង់ជាមួយនឹងគូ។ បើអ្នកចេះអត់ធ្មត់ ហើយចេះយល់អារម្មណ៍គ្នា នោះនឹងពង្រឹងទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកឲ្យកាន់តែស្និទ្ធស្នាថែមទៀត។

សូមសាកធ្វើតាមយោបល់នេះ:

  • សូមកុំភ្លេចរកពេលនៅតែពីរនាក់

  • សូមធ្វើអ្វីតិចតួចដែលបង្ហាញឲ្យគូអ្នកដឹងថាអ្នកស្រឡាញ់គាត់ ដូចជាសរសេរកំណត់ខ្លី ឬផ្ញើសារតាមទូរស័ព្ទ ឬមួយក៏ឲ្យអំណោយបន្ដិចបន្ដួចជាដើម

៣ ការបង្រៀនកូន

គម្ពីររៀបរាប់ថា: «តាំងពីអ្នកជាទារកនៅឡើយ អ្នកបានស្គាល់ឯកសារបរិសុទ្ធនានាដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»។ (ធីម៉ូថេទី២ ៣:១៥) សូមគិតទុកជាមុនអំពីអ្វីដែលអ្នកនឹងបង្រៀនកូន។ កូនមានសមត្ថភាពដ៏អស្ចារ្យដើម្បីរៀន សូម្បីតែកូននៅក្នុងផ្ទៃនៅឡើយ។ ជាឧទាហរណ៍ កូនអាចស្គាល់សំឡេងរបស់អ្នកទាំងពីរ ហើយក៏អាចមានប្រតិកម្មចំពោះអារម្មណ៍របស់អ្នកទាំងពីរដែរ។ សូមអានឲ្យកូនស្តាប់ ពេលកូននៅជាទារក។ ទោះជាកូនមិនយល់អ្វីដែលអ្នកកំពុងអានក៏ដោយ នោះនឹងជួយកូនឲ្យចូលចិត្ដអានពេលដែលកូនធំឡើង។

កូនរបស់អ្នកមិនមែនក្មេងពេកដើម្បីរៀនអំពីព្រះនោះទេ។ សូមអធិដ្ឋានទៅព្រះយេហូវ៉ាជាមួយនឹងកូន។ (ចោទិយកថា ១១:១៩) សូម្បីតែពេលអ្នកលេងជាមួយនឹងកូន អ្នកអាចនិយាយអំពីអ្វីដែលព្រះបានបង្កើត។ (ទំនុកតម្កើង ៧៨:៣, ៤) ពេលកូនធំឡើង កូននឹងដឹងថាអ្នកស្រឡាញ់ព្រះយេហូវ៉ា ហើយកូនក៏នឹងរៀនស្រឡាញ់លោកដែរ។

សូមសាកធ្វើតាមយោបល់នេះ:

  • សូមអធិដ្ឋានយ៉ាងចំៗ សុំប្រាជ្ញាដើម្បីបង្រៀនកូន

  • សូមប្រាប់ពាក្យនិងគំនិតសំខាន់ដល់កូនម្ដងហើយម្ដងទៀត ដើម្បីកូនអាចរៀនបាន ទោះជាកូននៅតូចនៅឡើយ