លោតទៅអត្ថបទ

តើរាជាណាចក្ររបស់ព្រះជាអ្វី?

តើរាជាណាចក្ររបស់ព្រះជាអ្វី?

ចម្លើយ​ពី​គម្ពីរ

 រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​ពិត​ប្រាកដ​មួយ ដែល​ព្រះ​យេហូវ៉ា​បាន​ស្ថាបនា​ឡើង។ ក្នុង​គម្ពីរ​«​រាជាណាចក្រ​របស់​ព្រះ​»​ក៏​បាន​ត្រូវ​ហៅ​ថា​«​រាជាណាចក្រ​ស្ថាន​សួគ៌​»​ដែរ ព្រោះ​រាជាណាចក្រ​ព្រះ​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។ (​ម៉ាកុស ១:១៤, ១៥; ម៉ាថាយ ៤:១៧​) រាជាណាចក្រ​ព្រះ​មាន​ផ្នែក​ជា​ច្រើន​ដូច​ជា​រដ្ឋាភិបាល​របស់​មនុស្ស​ដែរ តែ​រាជាណាចក្រ​ព្រះ​ប្រសើរ​ជាង​រដ្ឋាភិបាល​ទាំង​នោះ​គ្រប់​ផ្នែក​ទាំង​អស់។

  •   អ្នក​គ្រប់​គ្រង។ ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ ហើយ​ព្រះ​បាន​ឲ្យ​អំណាច​ដល់​លោក​ច្រើន​ជាង​អ្នក​គ្រប់​គ្រង​ណា​ទាំង​អស់​ដែល​ជា​មនុស្ស។ (​ម៉ាថាយ ២៨:១៨​) លោក​យេស៊ូ​ប្រើ​អំណាច​នេះ​សម្រាប់​តែ​អ្វី​ដែល​ល្អ​ប៉ុណ្ណោះ ដោយ​សារ​លោក​បាន​បង្ហាញ​ភ័ស្តុតាង​រួច​ហើយ​ថា​លោក​ជា​អ្នក​គ្រប់​គ្រង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​មាន​ចិត្ត​អាណិត​អាសូរ។ (​ម៉ាថាយ ៤:២៣; ម៉ាកុស ១:៤០, ៤១; ៦:៣១​-​៣៤; លូកា ៧:១១​-​១៧​) ក្រោម​ការ​ណែនាំ​របស់​ព្រះ លោក​យេស៊ូ​បាន​ជ្រើស​រើស​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​ឲ្យ​«​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ផែន​ដី​»​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌។—ការ​បើក​បង្ហាញ ៥:៩, ១០

  •   រយៈ​ពេល​គ្រប់​គ្រង។ ខុស​ពី​រដ្ឋាភិបាល​របស់​មនុស្ស ដែល​ត្រូវ​ដូរ​ពី​មួយ​ទៅ​មួយ នោះ​រាជាណាចក្រ​ព្រះ​«​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—ដានីយ៉ែល ២:៤៤

  •   ប្រជា​រាស្ត្រ។ អស់​អ្នក​ដែល​ធ្វើ​តាម​អ្វី​ដែល​ព្រះ​តម្រូវ អាច​ក្លាយ​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​លោក ដោយ​គ្មាន​ការ​គិត​អំពី​ខ្សែ​ស្រ​ឡាយ​ឬ​កន្លែង​កំណើត​នោះ​ទេ។—សកម្មភាព ១០:៣៤, ៣៥

  •   ច្បាប់។ ច្បាប់(​ឬ​បញ្ញត្តិ​)របស់​រាជាណាចក្រ​ព្រះ​មិន​គ្រាន់​តែ​ហាម​មិន​ឲ្យ​ធ្វើ​អាក្រក់​ប៉ុណ្ណោះ​ទេ តែ​ក៏​លើក​ស្ទួយ​ខ្នាត​តម្រា​សីលធម៌​សម្រាប់​រាស្ត្រ​នៃ​រាជាណាចក្រ​លោក​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត›។ នេះ​ជា​បញ្ញត្ដិ​ទី​១ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ។ បញ្ញត្ដិ​សំខាន់​ទី​២​ក៏​ស្រដៀង​នឹង​នេះ​ដែរ គឺ​៖‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។ (​ម៉ាថាយ ២២:៣៧​-​៣៩​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង ជំរុញ​ចិត្ត​រាស្ត្រ​នៃ​រាជាណាចក្រ​ព្រះ​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្ដល់​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ឯ​ទៀត។

  •   ការ​អប់រំ។ រាជាណាចក្រ​ព្រះ​កំណត់​ខ្នាត​តម្រា​សម្រាប់​ប្រជា​រាស្ត្រ ហើយ​នៅ​ដំណាល​គ្នា​នោះ ក៏​បង្រៀន​មនុស្ស​អំពី​របៀប​ធ្វើ​តាម​ខ្នាត​តម្រា​ទាំង​នោះ​ដែរ។—អេសាយ ៤៨:១៧, ១៨

  •   ភារកិច្ច​ដែល​ត្រូវ​បំពេញ។ រាជាណាចក្រ​ព្រះ​មិន​យក​ប្រាក់​ពី​រាស្ត្រ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ពួក​អ្នក​គ្រប់​គ្រង​នៃ​រាជាណាចក្រ​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រាជាណាចក្រ​ព្រះ​នឹង​សម្រេច​បំណង​ប្រាថ្នា​របស់​លោក រួម​ទាំង​សេចក្ដី​សន្យា​ដែល​ថា​អស់​អ្នក​ដែល​ស្រឡាញ់​លោក​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ជា​សួន​ឧទ្យាន។—អេសាយ ៣៥:១, ៥, ៦; ម៉ាថាយ ៦:១០; ការ​បើក​បង្ហាញ ២១:១​-​៤